បរទេស៖ ក្លិប Newcastle United កំពុងប្រឈមមុខនឹងសមរភូមិប្រជែងដ៏ស្វិតស្វាញជាមួយក្លិបចំនួន ៦ ផ្សេងទៀត ដើម្បីចុះហត្ថលេខានាំយកខ្សែបម្រើស្លាបរបស់ក្លិប Feyenoord កីឡាករ Anis Hadj Moussa ខណៈដែលចំណាប់អារម្មណ៍ លើកីឡាកររូបនេះកំពុងកើនឡើងខ្លាំងមុនទីផ្សារដោះដូរ កីឡាករនារដូវរងាខាងមុខចូលមកដល់។ គូប្រជែងរួមតំបន់ Sunderland និងក្លិបរួមលីគ Premier League គឺ Brighton & Hove Albion ក៏កំពុងតាមដានយ៉ាងដិតដល់លើកីឡាករជម្រើសជាតិអាល់ហ្សេរីវ័យ ២៤ ឆ្នាំរូបនេះផងដែរ ដែលតម្លៃខ្លួនរបស់គេអាចនឹងលើសពី ៣៥ លានផោន ប្រសិនបើចង់នាំយកចេញពីទឹកដីហូឡង់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Chronicle Live បានឱ្យដឹងថា ក្លិប Newcastle ត្រូវតែយកឈ្នះលើគូប្រជែងធំៗទាំងក្នុងស្រុក និងនៅតំបន់អឺរ៉ុប ដើម្បីទទួលបានហត្ថលេខារបស់ Moussa បន្ទាប់ពីក្លិប Feyenoord បានបដិសេធសំណើសាកសួរដំបូងក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៣៥ លានផោន។ ក្រៅពីគូប្រជែង Sunderland និងក្រុម Brighton (Seagulls) ក្លិបយក្សអឺរ៉ុបផ្សេងទៀតរួមមាន Borussia Dortmund, FC Porto និង Sporting CP សុទ្ធសឹងតែកំពុងតាមប្រមាញ់ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមហូឡង់មួយនេះដូចគ្នា។ ការចាប់អារម្មណ៍យ៉ាងផុសផុលបែបនេះ បានធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញសម្រាប់ក្លិបនៅតំបន់ Tyneside (Newcastle) ប្រសិនបើពួកគេសម្រេចចិត្តវិលត្រឡប់មកតាមយកកីឡាករដែលពួកគេធ្លាប់ពេញចិត្តជាយូរមកហើយរូបនេះម្តងទៀត។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្លិប Newcastle ធ្លាប់បានដាក់ឈ្មោះ Moussa ទៅក្នុងបញ្ជីគោលដៅរួចមកហើយ អំឡុងទីផ្សារដោះដូរកីឡាករនារដូវក្តៅដ៏មមាញឹក បន្ទាប់ពីការចាកចេញរបស់កីឡាករ Anthony Gordon ទៅកាន់ក្លិប Barcelona។ ដោយមានការតាំងចិត្តខ្ពស់ក្នុងការពង្រឹងតំបន់ប្រយុទ្ធស្លាបក្រោយលក់កីឡាករសំខាន់ចេញ ក្រុមការងារជ្រើសរើសកីឡាកររបស់ Newcastle បានវាយតម្លៃលើគោលដៅជាច្រើននៅទូទាំងទ្វីបអឺរ៉ុប មុនពេលសម្រេចចិត្តចំណាយប្រាក់ ៤៣ លានផោន ដើម្បីនាំយកកីឡាករ Bazoumana Toure ពីក្លិប Hoffenheim។
មុនពេលទទួលបាន Toure ក្រុមរហស្សនាម «សារិកាព្រៃ» (Magpies) ក៏បានខិតជិតនឹងការចុះហត្ថលេខានាំយកខ្សែបម្រើស្លាបរបស់ក្លិប Osasuna កីឡាករ Victor Munoz ផងដែរ ប៉ុន្តែត្រូវបានក្លិប Liverpool ឆក់យកនៅនាទីចុងក្រោយ។ លើសពីនេះ ថ្នាក់ដឹកនាំក្លិបក៏បានតាមដានខ្សែប្រយុទ្ធរបស់ក្លិប Real Betis កីឡាករ Abde Ezzalzouli រួមជាមួយនឹងការចាប់អារម្មណ៍លើ Moussa ដែលបង្កើតជាចម្ងល់ថា តើអ្នកធ្វើការសម្រេចចិត្ត នៅកីឡដ្ឋាន St James’ Park បានបោះបង់ឱកាសមាសក្នុងការ នាំយកកីឡាករអាល់ហ្សេរីរូបនេះក្នុងតម្លៃប្រមាណ ៣៣ លានផោន មុនពេលតម្លៃខ្លួនរបស់គេហក់ឡើងខ្ពស់ដូចបច្ចុប្បន្នដែរឬទេ?
ប្រែសម្រួល៖ គីរី
