បរទេស៖ អង្គការសុខភាពប៉ាន់អាមេរិក (PAHO) បានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានបាត់បង់ស្ថាន ភាពជាប្រទេសគ្មានជំងឺកញ្ជ្រឹល (Measles elimination status) ជាផ្លូវការហើយ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ជំងឺកញ្ជ្រឹលត្រូវបានចាត់ទុកជាជំងឺឆ្លង ក្នុងស្រុកឡើងវិញនៅក្នុងប្រទេសនេះ ដោយសារតែការឆ្លងរាលដាលក្នុង សហគមន៍ជាបន្តបន្ទាប់អស់រយៈពេលជាងមួយឆ្នាំ។ លោកវេជ្ជបណ្ឌិត Jarbas Barbosa da Silva Jr. នាយកអង្គការ PAHO បានថ្លែងកាលពីថ្ងៃអង្គារថា ជំងឺកញ្ជ្រឹលក៏បានកើតឡើងវិញនៅក្នុងប្រទេសបូលីវី និងម៉ិកស៊ិកផងដែរ ដោយលោកបានបន្ថែមថា ស្ថានភាពបច្ចុប្បន្នទាមទារឱ្យមាន «វិធានការបន្ទាន់»។
លោក Barbosa បានមានប្រសាសន៍ថា៖ «ការបាត់បង់ស្ថានភាពគ្មានជំងឺកញ្ជ្រឹល មានផលប៉ះពាល់ទូលំទូលាយជាងការបាត់បង់ឈ្មោះសម្គាល់ផ្នែកសុខភាពសាធារណៈទៅទៀត។ វាមានន័យថា វីរុសនេះបានចរាចរក្នុងរយៈពេលយូរ ដែលធ្វើឱ្យក្រុមគ្រួសារ និងសហគមន៍ប្រឈមនឹងហានិភ័យនៃជំងឺដែលអាចបង្ការបាន ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់»។
លោកវេជ្ជបណ្ឌិត Peter Hotez សហនាយកនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍វ៉ាក់សាំងនៅមន្ទីរពេទ្យកុមារ Texas ក្នុងទីក្រុង Houston បានលើកឡើងយ៉ាងខ្លីថា៖ «និយាយឱ្យងាយស្តាប់ ជំងឺកញ្ជ្រឹលបានត្រឡប់មកវិញហើយ»។
ប្រទេសដែលបាត់បង់ស្ថានភាពគ្មានជំងឺកញ្ជ្រឹល ត្រូវបានតម្រូវឱ្យដាក់ជូនផែនការសកម្មភាពកែតម្រូវទៅកាន់អង្គការ PAHO ដែលបង្ហាញពីរបៀបដែលពួកគេនឹងទទួលបានស្ថានភាពនេះមកវិញ។ លោក Barbosa បានឱ្យដឹងថា សហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងដាក់ជូនផែនការរបស់ខ្លួនក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសេវាមនុស្សសហរដ្ឋអាមេរិក លោក Robert F. Kennedy Jr. បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គារថា៖ «យើងនឹងបញ្ឈប់ការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល ការពារគ្រួសារអាមេរិក និងខិតខំទទួលបានស្ថានភាពគ្មានជំងឺកញ្ជ្រឹលរបស់សហរដ្ឋអាមេរិកមកវិញ។ ខ្ញុំនៅតែបន្តណែនាំឱ្យចាក់វ៉ាក់សាំង MMR ជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតដើម្បីបង្ការជំងឺកញ្ជ្រឹល»។
លោកបានបន្តថា៖ «យើងកំពុងធ្វើការដើម្បីបិទចន្លោះប្រហោងនៃការចាក់វ៉ាក់សាំង និងកសាងទំនុកចិត្តសាធារណៈឡើងវិញ។ យើងនឹងឆ្លើយសំណួររបស់ក្រុមគ្រួសារដោយស្មោះត្រង់អំពីអត្ថប្រយោជន៍ និងហានិភ័យនៃវ៉ាក់សាំង ហើយធ្វើការជាមួយអ្នកផ្តល់សេវាថែទាំសុខភាពដែលគួរឱ្យទុកចិត្ត និងថ្នាក់ដឹកនាំសហគមន៍ ដើម្បីបង្ការជំងឺកញ្ជ្រឹល កម្រិតការរីករាលដាល និងគាំទ្រការព្យាបាលទាន់ពេលវេលា។ យើងនឹងគាំទ្រពលរដ្ឋអាមេរិកដែលធ្លាក់ខ្លួនឈឺ ដោយមិនគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងឡើយ ហើយជាលើកដំបូង យើងនឹងផ្តល់ជូនអ្នកផ្តល់សេវាថែទាំសុខភាពនូវគោលការណ៍ណែនាំដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺកញ្ជ្រឹល និងផលវិបាករបស់វា»។
លោកស្រីវេជ្ជបណ្ឌិត Erica Schwartz នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានថ្លែងកាលពីថ្ងៃអង្គារថា ទីភ្នាក់ងារនេះបានដឹងពីទីតាំងដែលការឆ្លងកំពុងកើតមាន ហើយបានវិនិយោគទឹកប្រាក់ចំនួន ១០០ លានដុល្លារទៅឱ្យមន្ទីរសុខាភិបាលរដ្ឋ និងមូលដ្ឋាន ដើម្បីចុះទៅដល់សហគមន៍ទាំងនោះ។
លោកស្រី Schwartz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ឈ្មោះសម្គាល់ថាគ្មានជំងឺកញ្ជ្រឹល មិនមែនជាអ្វីដែលការពារពលរដ្ឋអាមេរិកនោះទេ ប៉ុន្តែការចាក់វ៉ាក់សាំងទៅវិញទេដែលការពារ។ ការបាត់បង់ឈ្មោះសម្គាល់ មិនមែនមានន័យថាយើងបោះបង់ចោលវិធីសាស្ត្រផ្អែកលើភស្តុតាងវិទ្យាសាស្ត្រនោះឡើយ វាមានន័យថាយើងនៅតែផ្តោតការយកចិត្តទុកដាក់លើការបញ្ឈប់ការផ្ទុះរាលដាល»។
សហរដ្ឋអាមេរិកបានរក្សាស្ថានភាពជាប្រទេសគ្មានជំងឺកញ្ជ្រឹលអស់រយៈពេល ២៦ ឆ្នាំមកហើយ ហើយប្រជាជនភាគច្រើននៅក្នុងប្រទេសនេះត្រូវបានការពារពីវីរុសដ៏ងាយឆ្លងនេះ។
ប៉ុន្តែក្រុមវេជ្ជបណ្ឌិតនិយាយថា ប្រសិនបើអ្នកមិនទាន់បានចាក់វ៉ាក់សាំងទេ ពេលនេះគឺជាពេលវេលាដែលត្រូវចាក់ហើយ។
ទោះបីជាជាទូទៅ វ៉ាក់សាំងកញ្ជ្រឹលដូសជំរុញ (Boosters) មិនត្រូវបានណែនាំឱ្យចាក់ក៏ដោយ ក៏មនុស្សមួយចំនួនអាចត្រូវការចាក់បន្ថែមមួយដូសទៀត ជាពិសេសនៅពេលដែលមានការផ្ទុះរាលដាលជាច្រើនកំពុងកើតមាននៅក្នុងសហរដ្ឋអាមេរិក។ ប្រទេសនេះបានកត់ត្រាករណីឆ្លងជាង ៥.០០០ ករណីហើយនៅឆ្នាំនេះ ហើយឱកាសនៃការប៉ះពាល់ជាមួយវីរុសនេះគឺខ្ពស់ជាងពេលណាៗទាំងអស់ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ប្រែសម្រួល៖ គីរី
