សិល្បៈ និង កម្សាន្ត

ប្រាក់ចំណូលពីការលក់ហ្គេម «GTA 6» បានវ៉ាដាច់ភាពយន្តខ្នាតយក្ស «The Odyssey» របស់លោក Christopher Nolan បាត់ទៅហើយ

បរទេស៖ សម្រាប់អ្នកដែលធ្លាប់ងឿងឆ្ងល់ថា ហេតុអ្វីបានជាក្រុមហ៊ុន Rockstar Games មិនព្រមផ្តល់អាជ្ញាប័ណ្ណឱ្យគេផលិតហ្គេម Grand Theft Auto ទៅជាភាពយន្ត ឬកម្មវិធីទូរទស្សន៍ នេះប្រហែលជាមូលហេតុពិតប្រាកដ។

យោងតាមក្រុមហ៊ុនវិភាគទីផ្សារ Sensor Tower បានឱ្យដឹងថា ហ្គេម Grand Theft Auto VI (GTA 6) រកចំណូលពីការលក់បានរហូតដល់ទៅ ១,៨៤ ពាន់លានដុល្លាររួចទៅហើយ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន​ The Hollywood Reporter ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

តួលេខនេះ គឺខ្ពស់ជាងប្រាក់ចំណូលសរុបទូទាំងពិភពលោករបស់ខ្សែភាពយន្តខ្នាតយក្ស «The Odyssey» របស់អ្នកដឹកនាំរឿងល្បីឈ្មោះ Christopher Nolan ដែលរកបានត្រឹមតែ ១,៨០ ពាន់លានដុល្លារប៉ុណ្ណោះ ក្នុងអំឡុងពេលចាក់បញ្ចាំងសរុប។

អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះ គឺតួលេខលក់ដ៏សម្បើមរបស់ GTA 6 នេះ អាចនឹងហួសសម័យបាត់ទៅហើយ។ ខណៈពេលដែល Sensor Tower បានធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ តារាងទិន្នន័យបង្ហាញថា តួលេខនេះគិតត្រឹមតែការបញ្ជាទិញទុកមុន (Pre-sales) រហូតដល់ថ្ងៃអង្គារប៉ុណ្ណោះ មានន័យថា ការប៉ាន់ប្រមាណ ១,៨៤ ពាន់លានដុល្លារនេះ មិនទាន់បានរាប់បញ្ចូលប្រាក់ចំណូលកាលពីម្សិលមិញ (នៅពេលដែលការវាយតម្លៃកោតសរសើរជាច្រើនត្រូវបានចេញផ្សាយ) ឬថ្ងៃនេះ (ដែលជាថ្ងៃចេញលក់ហ្គេមជាផ្លូវការ) នៅឡើយទេ។

ដូច្នេះហើយ ប្រាក់ចំណូលបច្ចុប្បន្នរបស់ GTA 6 ទំនងជាលើសពី ២ ពាន់លានដុល្លារបាត់ទៅហើយ (ប្រសិនបើអ្នកចង់ដឹង ប្រាក់ចំណូលទាំងនោះគឺ ៧៥% បានមកពីការលក់នៅលើម៉ាស៊ីន PS5 និង ២៥% បានមកពីម៉ាស៊ីន Xbox)។

លើសពីនេះ ហ្គេមត្រកូល GTA តែងតែមានអាយុកាលរកប្រាក់ចំណូលបានយូរអង្វែងបំផុត។ យោងតាមកាសែត The Wall Street Journal ហ្គេម GTA 5 ដែលបានចេញលក់កាលពី ១៣ ឆ្នាំមុន រកចំណូលសរុបបានប្រមាណ ៥,៤ ពាន់លានដុល្លារ (បូករួមទាំងប្រាក់ចំណូលបន្ថែម ៥,៤ ពាន់លានដុល្លារទៀតក្នុងអំឡុងពេលនោះពី GTA Online)។ សូម្បីតែក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ក៏ GTA 5 នៅតែអាចរកចំណូលពីការលក់បានជាមធ្យម ៤០០ លានដុល្លារក្នុងមួយឆ្នាំដែរ… ទាំងដែលវាជាហ្គេមចេញលក់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ បើប្រៀបធៀបនឹងភាពយន្តដែលរកចំណូលបានខ្ពស់បំផុតក្នុងឆ្នាំ ២០១៣ គឺរឿង «Frozen» របស់ក្រុមហ៊ុន Disney ដែលរកបាន ១,២៨ ពាន់លានដុល្លារ… សាកស្រមៃមើលថា តើកាលពីឆ្នាំមុន រឿង Frozen នៅតែអាចលក់សំបុត្របានជាមធ្យម ៤០០ លានដុល្លារក្នុងមួយឆ្នាំដែរឬទេ?

ដូច្នេះ មិនបាច់និយាយក៏ដឹងដែរថា GTA 6 ទើបតែចាប់ផ្តើមប៉ុណ្ណោះ។

ត្រឡប់ទៅរកសំណួរខាងលើវិញ ក្រុមហ៊ុន Rockstar Games ទំនងជាមិនចង់ប្រថុយប្រថាននឹងតម្លៃម៉ាកយីហោ ឬកេរ្តិ៍ឈ្មោះរបស់ខ្លួនតាមរយៈគម្រោងភាពយន្ត ឬកម្មវិធីទូរទស្សន៍នោះទេ ព្រោះប្រាក់ចំណូលដែលក្រុមហ៊ុនទទួលបានពីវិស័យទាំងនោះ ទំនងជាមានចំនួនតិចតួចបំផុតបើធៀបនឹងអ្វីដែលពួកគេរកបានពីហ្គេមខ្លួនឯងផ្ទាល់។

លោក Strauss Zelnick នាយកប្រតិបត្តិនៃក្រុមហ៊ុន Take-Two Interactive ដែលជាក្រុមហ៊ុនមេរបស់ Rockstar បានប្រាប់កម្មវិធី The David Rubenstein Show កាលពីដើមខែនេះថា៖ «យើងមានការប្រុងប្រយ័ត្នខ្ពស់ណាស់ចំពោះការពង្រីកផលិតផលបន្ថែម (Line extensions) ពីព្រោះនេះគឺជាក្រុមហ៊ុនច្នៃប្រឌិត ហើយគោលដៅរបស់យើងគឺបង្កើតការកម្សាន្តដ៏ល្អបំផុតនៅលើផែនដី ដែលជាការកម្សាន្តដែលយើងតែងតែមានមោទនភាព។ យើងនឹងផលិតភាពយន្ត ឬកម្មវិធីទូរទស្សន៍ដោយផ្អែកលើកម្មសិទ្ធិបញ្ញារបស់យើង លុះត្រាតែក្រុមការងារច្នៃប្រឌិតរបស់យើងមានចំណង់ចំណូលចិត្តខ្លាំងលើវា ហើយពួកគេគិតថាវាអាចទាក់ទាញ និងធ្វើឱ្យអតិថិជនរបស់យើងរីករាយ។ វាគឺជាស្តង់ដារដ៏ខ្ពស់មួយដើម្បីធ្វើរឿងនោះ។ ហើយជាការពិតណាស់ វាតែងតែមានហានិភ័យនៃការបរាជ័យ។ ដូច្នេះ យើងមិនបដិសេធទាំងស្រុងនោះទេ ប៉ុន្តែយើងធ្វើការជ្រើសរើសយ៉ាងម៉ត់ចត់បំផុត»។

ប្រែសម្រួល៖​ គីរី

Most Popular

To Top