កីឡា

Inter Milanបន្តឈ្នះ ៣ ប្រកួតជាប់គ្នានៅ Champions League ក្រោយបំបាក់ Stuttgart ២-០ ដោយ Dimarco និង Lautaro ធ្វើបានយ៉ាងលេចធ្លោ

បរទេស៖ ក្រុមយក្សអ៊ីតាលី Inter Milan បានបន្តកំណត់ត្រាឈ្នះ ៣ ប្រកួតជាប់ៗគ្នាក្នុងពានរង្វាន់ UEFA Champions League ដោយមិនរបូតគ្រាប់បាល់សោះ បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវ Stuttgart ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន San Siro ដើម្បីរំកិលខ្លួនទៅកៀក នឹងតំបន់កំពូលទាំង ៨ ដោយមានគម្លាតត្រឹមតែ ១ ពិន្ទុប៉ុណ្ណោះ នេះបើយោងតាមចេះផ្សាយ ពីសារព័ត៌មាន GOAL ថ្ងៃទី២៦​ ខែវិច្ឆិកា ឆ្នាំ២០២៦។

នៅដើមវគ្គទីមួយ ក្រុមមកពីអាល្លឺម៉ង់ Stuttgart បានព្យាយាមដាក់សម្ពាធមុន ហើយអ្នកចាំទី Josep Martinez ត្រូវបង្ខំចិត្តហក់ទះបាល់ស៊ុតរបស់ Chris Fuhrich ចេញនៅនាទីទី ១៥។ យ៉ាងណាមិញ Inter បានគ្រប់គ្រងស្ថានការណ៍ឡើងវិញភ្លាមៗ ដោយ Djed Spence ត្រូវបានអ្នកចាំទី Dennis Seimen សង្គ្រោះបាល់បានបន្ទាប់ពីរត់ដាច់តែឯង រីឯ Marcus Thuram ស៊ុតប៉ះសំណាញ់ខាងក្រៅ ខណៈ Nicolo Barella ឆ្កឹះបាល់ដោយប្រើខ្នងជើងខាងក្រៅទៅបុកបង្គោលទីផ្នែកខាងក្នុងមុនពេលបញ្ចប់តង់ទីមួយ។ ក្នុងអំឡុងពេលជាងកន្លះម៉ោង ក្រុមភ្ញៀវមិនអាចរកឱកាសស៊ុតបានសូម្បីមួយជើង។

ចូលដល់ដើមវគ្គទីពីរ Inter បានបំបែកភាពស្ងប់ស្ងាត់ នៅពេលការបញ្ជូនបាល់របស់ Federico Dimarco បានទៅប៉ះដៃខ្សែការពារ Josha Vagnoman ហើយអាជ្ញាកណ្តាលបានសម្រេចផ្តល់បាល់ពិន័យ ១១ ម៉ែត្របន្ទាប់ពីពិនិត្យ VAR។ កីឡាករ Petar Sucic បានស៊ុតបាល់ពិន័យនោះចូលកណ្តាលទីយ៉ាងត្រជាក់នៅនាទីទី ៥៧។ Stuttgart វិះនឹងតាមស្មើបានវិញនៅពេលបាល់ផ្លាតត្រូវ Yann Bisseck ស្ទើរតែចូលទីខ្លួនឯង ប៉ុន្តែអ្នកចាំទី Martinez ចាប់សង្គ្រោះបានទាន់ពេល។

លុះដល់នាទីទី ៧៤ ប្រធានក្រុម Lautaro Martinez ដែលទើបប្តូរចូលលេងបានត្រឹម ៥ នាទី បានស៊ុតបញ្ចប់ទីយ៉ាងល្អពីការបញ្ជូនរបស់ Dimarco ដោយបាល់បុកបង្គោលទីចូលយ៉ាងស្អាត ធានាជ័យជម្នះ ២-០ ជូនក្រុមម្ចាស់ផ្ទះ។ ជាស្ថិតិសរុប Inter មានឱកាសស៊ុតរហូតដល់ ២០ លើក ជាមួយនឹងអត្រាគ្រាប់បាល់រំពឹងទុក (xG) ២,៦៨ ទល់នឹង Stuttgart ដែលស៊ុតបាន ១៣ លើក និងមាន xG ១,០២៕

ប្រែសម្រួល៖​ គីរី

Most Popular

To Top