ព័ត៌មានអន្តរជាតិ

ទីក្រុងប៉េកាំង អាចប្រកាសតំបន់ គ្មានការហោះហើរ ដើម្បីរារាំងប្រធាន សភាអាមេរិក ពីការធ្វើទស្សនកិច្ចនៅក្រុងតៃប៉ិ

បរទេស ៖ របាយការណ៍ជាច្រើន បាននិយាយថា ប្រទេសចិនអាចនឹងប្រើប្រាស់យន្តហោះចម្បាំង និងការធ្វើសមយុទ្ធមីស៊ីល ដើម្បីរារាំងប្រធានសភា តំណាងរាស្រ្តអាមេរិក គឺលោកស្រី Nancy Pelosi ពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ។ គណបក្សប្រជាធិបតេយ្យ នៅរដ្ឋកាលីហ្វ័រញ៉ា មិនបានបញ្ជាក់ ឬបដិសេធគម្រោងទៅកោះនេះ នៅខែក្រោយនេះទេ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ទីក្រុងប៉េកាំងអាចប្រកាសតំបន់ គ្មានការហោះហើរ ឬរឹតបន្តឹងការធ្វើនាវាចរណ៍ ដោយធ្វើសមយុទ្ធយោធា នៅជិតច្រកសមុទ្រតៃវ៉ាន់ ដោយបង្ខំឱ្យយន្តហោះរបស់លោកស្រី Pelosi “ធ្វើផ្លូវវាង” , នេះបើតាមកាសែត South China Morning Post បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីអ្នកជំនាញយោធា ។

ទូរទស្សន៍ CNN បានដកស្រង់សម្តីមន្ត្រីសេតវិមានដូចគ្នា កាលពីថ្ងៃសុក្រថា ជាការបញ្ចេញសំឡេងព្រួយបារម្ភថា ប្រទេសចិនអាច នឹងប្រកាសតំបន់ ហាមហោះហើរ នៅក្នុងការប៉ុនប៉ង ដើម្បីរារាំងការធ្វើដំណើរ របស់លោកស្រី Pelosi ដែលអាចធ្វើទៅបាន។ កាសែត New York Times បានដកស្រង់ សម្តីមន្ត្រីអាមេរិកកាលពីថ្ងៃចន្ទថា ប្រទេសចិនអាចបញ្ជូន យន្តហោះចម្បាំងទៅ “អម” យន្តហោះរបស់លោកស្រី Pelosi និងការពារយន្តហោះពីការចុះចត ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top