បរទេស៖ ក្លឹប Manchester United បានសម្រេចជាផ្លូវការក្នុងការធ្វើកំណែ ទម្រង់ដ៏ធំមួយនៅក្នុងផ្នែកក្រុមការងារបង្វឹករបស់ខ្លួន ដើម្បីសម្រួលដល់ការមកដល់នៃក្រុមការងារដៃស្តាំរបស់លោក Mauricio Pochettino។ ការសម្រេចចិត្តនេះគឺជាសញ្ញានៃការចាប់ផ្តើមយុគសម័យថ្មីដ៏ម៉ឺងម៉ាត់នៅឯទឹកដី Old Trafford ខណៈដែលក្លឹបកំពុងបើកផ្លូវសម្រាប់ក្រុមការងារដែលគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះទុកចិត្ត បន្ទាប់ពីលោកផ្លាស់ចេញពីការដឹកនាំក្រុមជម្រើសជាតិសហរដ្ឋអាមេរិក នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
Manchester United បានប្រកាសជាផ្លូវការអំពីការចាកចេញ របស់សមាជិកក្រុមការងារបង្វឹកដ៏សំខាន់ចំនួន ៥ រូប ខណៈដែលក្លឹបកំពុងឈានចូលទៅក្នុងទំព័រថ្មីមួយ ។ ការសម្រេចចិត្តនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីទទួលយកក្រុមការងារជិតស្និទ្ធរបស់លោក Pochettino ដែលបានតាមអតីតគ្រូបង្វឹក Tottenham និង Chelsea រូបនេះមកកាន់ទីក្រុង Manchester បន្ទាប់ពីការដឹកនាំក្រុមជម្រើសជាតិអាមេរិកនាពេលថ្មីៗនេះ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានធ្វើដំណើរមកដល់មជ្ឈមណ្ឌលហ្វឹកហាត់ Carrington កាលពីថ្ងៃពុធតាមយន្តហោះឯកជន ដើម្បីចាប់ផ្តើមការងាររបស់លោកភ្លាមៗ ដែលបង្ហាញពីការផ្លាស់ប្តូរជាបន្ទាន់នៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្លឹប។
ក្លឹបបានទទួលស្គាល់ការរួមចំណែករបស់បុគ្គលដែលបានចាកចេញទាំងនោះតាមរយៈសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយបានថ្លែងអំណរគុណចំពោះការបម្រើការងាររបស់ពួកគេក្នុងអំឡុងពេលអន្តរកាល។ ក្លឹបបានបញ្ជាក់ថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ចំពោះការប្តេជ្ញាចិត្ត ការលះបង់ និងវិជ្ជាជីវៈដ៏ខ្ពស់បំផុត ហើយយើងខ្ញុំសូមជូនពរពួកគេឱ្យជួបតែសំណាងល្អនាពេលអនាគត»។
ការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះ ក៏បានឃើញបុគ្គលជាច្រើនដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអាណត្តិដឹកនាំរបស់លោក Michael Carrick ត្រូវចាកចេញពីក្លឹបផងដែរ ក្នុងនោះរួមមាន Jonny Evans ដែលធ្លាប់ធ្វើជាជំនួយការរបស់លោក បន្ទាប់ពីបានចូលកាន់តំណែងរួមជាមួយគ្រូបង្វឹកបណ្តោះអាសន្នលោក Darren Fletcher។ អតីតកីឡាករវ័យ ៣៨ ឆ្នាំរូបនេះ ធ្លាប់ឈ្នះពានរង្វាន់ Premier League ចំនួន ៣ លើកជាមួយ Manchester United ក្នុងរដូវកាល ២០០៨-០៩, ២០១០-១១ និង ២០១២-១៣ ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson មុនពេលផ្លាស់ទៅលេងឱ្យក្លឹប West Bromwich Albion និង Leicester City។
លោក Steve Holland ក៏បានចាកចេញពីតំណែងរបស់ខ្លួនផងដែរ បន្ទាប់ពីចំណាយពេលត្រឹមតែ ១១ ខែប៉ុណ្ណោះនៅក្លឹប។ អតីតជំនួយការគ្រូបង្វឹកជម្រើសជាតិអង់គ្លេសរូបនេះ ដែលបានមកដល់ Manchester United ជាមួយនឹងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញកាលពីខែមករា ត្រូវចាកចេញខណៈដែលលោក Pochettino ចង់នាំយកអ្នកជំនាញយុទ្ធសាស្ត្រផ្ទាល់ខ្លួនរបស់លោកមកជំនួស។ ទន្ទឹមនឹងនេះ អតីតខ្សែការពារក្លឹប Newcastle United និង Real Madrid លោក Jonathan Woodgate ក៏បានចាកចេញផងដែរ បន្ទាប់ពីធ្លាប់ធ្វើការជាមួយលោក Carrick ទាំងនៅ Old Trafford និងអំឡុងពេលដឹកនាំក្លឹប Middlesbrough។
ការផ្លាស់ប្តូរនេះមិនត្រឹមតែប៉ះពាល់ដល់ក្រុមការងារយុទ្ធសាស្ត្រឈុតធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈានដល់រចនាសម្ព័ន្ធបង្វឹករយៈពេលវែងរបស់ក្លឹបទៀតផង។ លោក Travis Binnion ដែលធ្លាប់ធ្វើបានយ៉ាងល្អក្នុងនាមជាគ្រូបង្វឹកក្រុមអាយុក្រោម ២១ ឆ្នាំ (U-21) បានចាកចេញពីតួនាទីជាគ្រូបង្វឹកឈុតធំ។ លោក Binnion បានចំណាយពេល ៥ ឆ្នាំជាមួយក្រុម «បិសាចក្រហម» ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកីឡាករវ័យក្មេងដែលមានទេពកោសល្យ។
លើសពីនេះ ផ្នែកបង្វឹកអ្នកចាំទីក៏ទទួលរងផលប៉ះពាល់ពីការមកដល់នៃរជ្ជកាលរបស់លោក Pochettino ផងដែរ។ លោក Craig Mawson អតីតអ្នកចាំទីរបស់ក្លឹប Burnley ដែលបានចូលរួមជាមួយក្លឹបតាំងពីជំនាន់លោក Ole Gunnar Solskjaer ដឹកនាំ បានចាកចេញពីតំណែងរបស់ខ្លួនជាផ្លូវការហើយ។
ប្រែសម្រួល៖ គីរី
