កីឡា

«គ្មាននរណាខឹងនឹងគេឡើយ» លោក Deco ចេញមុខបញ្ជាក់ជំហរ Barcelona ចំពោះការមិនវះកាត់របស់ Frenkie de Jong

បរទេស៖ ក្លឹប Barcelona លោក Deco បានចេញមុខបកស្រាយជុំវិញពាក្យចចាមអារ៉ាម ដែលអូសបន្លាយជាយូរមកហើយ ពាក់ព័ន្ធនឹងបញ្ហាកាយសម្បទារបស់កីឡាករ Frenkie de Jong និងការដោះស្រាយផ្ទៃក្នុង ចំពោះរបួសនាពេលថ្មីៗ នេះរបស់ខ្សែបម្រើរូបនេះ ។ ថ្លែងដោយត្រង់ៗអំពីដំណើរការព្យាបាលរបស់កីឡាករជម្រើសជាតិហូឡង់រូបនេះ មន្ត្រីក្លឹបរូបនេះបានច្រានចោល ពាក្យចចាមអារ៉ាមអំពីភាពតានតឹងរវាងកីឡាករ និងក្រុមប្រឹក្សាភិបាលជុំវិញ ការសម្រេចចិត្តផ្នែកវេជ្ជសាស្ត្រ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

ស្ថានភាពជុំវិញ De Jong បានក្លាយជាប្រធានបទ ដ៏ក្តៅគគុកបន្ទាប់ពីព្រឹត្តិការណ៍ World Cup ជាទីដែលខ្សែបម្រើរូបនេះ បានចូលលេងតំណាងឱ្យក្រុមជម្រើសជាតិហូឡង់ ទោះបីជាកំពុងមានបញ្ហា របួសជង្គង់ធ្ងន់ធ្ងរក៏ដោយ។ ក្រោយមក វាត្រូវបានបង្ហាញថា រូបគេបានរងរបួសរហែកសរសៃពួរជង្គង់ផ្នែកខាងក្នុង (lateral internal ligament tear) ដែលជាការធ្វើរោគវិនិច្ឆ័យដែលក្លឹបទើបតែបានបញ្ជាក់ បន្ទាប់ពី De Jong ត្រឡប់មកពីដំណើរកម្សាន្តរយៈពេល ១៣ ថ្ងៃនៅកោះ Ibiza ក្រោយចប់ព្រឹត្តិការណ៍ ។ កាលបរិច្ឆេទទាំងនេះបាននាំឱ្យមាន សេចក្តីរាយការណ៍អំពីភាពមិនពេញចិត្តនៅក្នុងជួរថ្នាក់ដឹកនាំរបស់ Barcelona ជុំវិញតម្លាភាពរបស់កីឡាករ និងការសម្រេចចិត្តជាបន្តបន្ទាប់ របស់គេក្នុងការជៀសវាងការវះកាត់។

ទោះជាយ៉ាងណាក៏ដោយ លោក Deco បានចេញមុខបន្ធូរបន្ថយស្ថានការណ៍នេះ ដោយអះអាងថា ទំនាក់ទំនងរវាងភាគីទាំងពីរនៅតែមានលក្ខណៈវិជ្ជាជីវៈ និងគោរពគ្នាទៅវិញទៅមក។ លោកបានពន្យល់ក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Catalunya Radio ថា៖ «គ្មានភាពវឹកវរណាមួយកើតឡើងឡើយ»។ នាយកកីឡារូបនេះបានកត់សម្គាល់ថា De Jong ធ្លាប់ជួបប្រទះស្ថានភាពស្រដៀងគ្នានេះពីមុនមកហើយ ពាក់ព័ន្ធនឹងរបួសកជើង ដែលកាលនោះគេក៏បានជ្រើសរើសវិធីព្យាបាលតាមបែបធម្មតាជាជាងការវះកាត់ដែរ។ ក្លឹបបានជ្រើសរើសគោរពសិទ្ធិសម្រេចចិត្តរបស់គេទាំងពីរលើក ដោយផ្តល់អាទិភាពដល់ផាសុកភាពរបស់កីឡាករជាមួយនឹងរាងកាយ និងវិធីសាស្ត្រព្យាបាលរបស់ខ្លួន ជាជាងការដាក់បញ្ជាផ្នែកវេជ្ជសាស្ត្រដោយបង្ខំ។

លោក Deco បានសង្កត់ធ្ងន់ថា ខណៈដែលក្រុមគ្រូពេទ្យរបស់ក្លឹប ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Ricard Pruna និងប្រធានផ្នែកព្យាបាលដោយចលនា លោក Raul Martinez ផ្តល់ការណែនាំប្រកបដោយជំនាញ ការសម្រេចចិត្តចុងក្រោយតែងតែស្ថិតនៅលើកីឡាករផ្ទាល់។ លោក Deco បានថ្លែងថា៖ «Frenkie គឺជាកីឡាករដែលចូលចិត្តគិតពិចារណា និងសម្រេចចិត្តដោយខ្លួនឯង។ ក្លឹបមិនបង្ខំឡើយ ព្រោះវាជារឿងសុខភាព។ គ្មាននរណាម្នាក់ខឹងនឹងគេនោះទេ»។

De Jong បានដកខ្លួនចេញពីក្រុមជម្រើសជាតិហូឡង់ក្នុងអំឡុងពេលសម្រាកប្រកួតអន្តរជាតិថ្មីៗនេះ ដោយសារបញ្ហារបួស ដែលធ្វើឱ្យគេខកខានការប្រកួតដែលហូឡង់ចាញ់អាល្លឺម៉ង់ ៥-០ ក្នុងពានរង្វាន់ Nations League។ សរុបមក ខ្សែបម្រើរូបនេះទើបតែបានបង្ហាញខ្លួនចំនួន ៤ ប្រកួតប៉ុណ្ណោះសម្រាប់ Barcelona ក្នុងរដូវកាលនេះ។

ពាក់ព័ន្ធនឹងបញ្ហារបួសនេះដែរ លោក Deco ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការមានក្រុមដែលពោរពេញ ដោយកីឡាករមានគុណភាព ដើម្បីទប់ទល់នឹងតម្រូវការដ៏ខ្ពស់នៃបាល់ទាត់សម័យទំនើប។ លោកបានបន្ថែមថា៖ «ពេលគ្មានកីឡាករច្រើន យើងត្អូញត្អែរ។ ដល់ពេលមានច្រើន ក៏យើងនៅតែត្អូញត្អែរដែរ។ ម្ចាស់ជើងឯក Champions League ចុងក្រោយ គឺ PSG មានការប្រកួតលីគតិចជាង ៤ ប្រកួត ហើយតែងតែបញ្ចប់រដូវកាលយ៉ាងរឹងមាំ។ បាល់ទាត់សម័យនេះ មានការប្រកួតផ្លូវការដល់ទៅ ៤ ប្រកួតជាមួយក្រុមជម្រើសជាតិបន្ទាប់ពី World Cup។ តម្រូវការគឺខ្ពស់ណាស់។ វាជារឿងនៃការគ្រប់គ្រងបន្ទុកការងារ ប៉ុន្តែអ្នកត្រូវការកីឡាករកម្រិតកំពូលចំនួន ២០ ឬ ២២ នាក់»។

ប្រែសម្រួល៖​ គីរី

Most Popular

To Top