កីឡា

ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក Rafael Louzan ប្រកាសដាច់ណាត់ថា វគ្គផ្ដាច់ព្រ័ត្រ World Cup ២០៣០ «អាច និងត្រូវតែធ្វើឡើង» នៅលើទឹកដីអេស្ប៉ាញតែមួយគត់ ចំពេលមានការប្រជែងជាមួយម៉ារ៉ុក

បរទេស​​​​​​​​​​​​​​​​​​​​​៖ ការប្រជែងគ្នាដណ្តើមសិទ្ធិធ្វើជាម្ចាស់ផ្ទះវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) ឆ្នាំ២០៣០ កាន់តែឡើងកម្ដៅខ្លាំងឡើង បន្ទាប់ពីមានការលើកឡើងយ៉ាងម៉ឺងម៉ាត់ ពីថ្នាក់ដឹកនាំបាល់ទាត់អេស្ប៉ាញ។ ទោះបីជាព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងឆ្លងទ្វីបក៏ដោយ ប៉ុន្តែទីតាំងសម្រាប់ការប្រកួតដ៏សំខាន់បំផុតមួយនេះ នៅតែជាចំណុចដ៏ចម្រូងចម្រាសរវាងប្រទេសសហម្ចាស់ផ្ទះ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Rafael Louzan ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ បានប្រកាសជំហរយ៉ាងដាច់ណាត់ជុំវិញ ការប្រកួតបិទបញ្ចប់ព្រឹត្តិការណ៍ World Cup ២០៣០។ ថ្លែងក្នុងវេទិកាធុរកិច្ចមួយនៅទីក្រុងម៉ាឌ្រីដ លោកបានបញ្ជាក់ថា វគ្គផ្ដាច់ព្រ័ត្រ «អាច និងត្រូវតែធ្វើឡើង» នៅក្នុងប្រទេសអេស្ប៉ាញតែមួយគត់ ។ ការប្រកាសដ៏មោះមុតនេះធ្វើឡើង ស្របពេលដែលសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) កំពុងបន្តថ្លឹងថ្លែងលើជម្រើសនានាសម្រាប់ការប្រកួតដណ្តើមជើងឯកនៃព្រឹត្តិការណ៍ខួប ១០០ ឆ្នាំនេះ ដែលមានប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក ជាម្ចាស់ផ្ទះចម្បង។

ក្នុងសុន្ទរកថាកាលពីថ្ងៃអង្គារ លោក Louzan បានបង្ហាញជំហរយ៉ាងច្បាស់អំពីឋានានុក្រមភូមិសាស្ត្រនៃព្រឹត្តិការណ៍នេះ ដោយលោកបានលើកឡើងថា៖ «នេះគឺជាព្រឹត្តិការណ៍ World Cup ដែលជាកម្មសិទ្ធិរបស់ទ្វីបអឺរ៉ុប ដូច្នេះវាជារបស់អេស្ប៉ាញ និងព័រទុយហ្គាល់»។

ឧបសគ្គដ៏ធំមួយសម្រាប់ការធ្វើជាម្ចាស់ផ្ទះវគ្គផ្ដាច់ព្រ័ត្រ គឺសមត្ថភាពផ្ទុកអ្នកទស្សនារបស់កីឡដ្ឋាន ដែលជាកត្តាដែលលោក Louzan អះអាងថា បានជម្រុះដៃគូសំខាន់មួយក្នុងចំណោមបីរួចទៅហើយ។ បើតាមប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញរូបនេះ ព័រទុយហ្គាល់លែងស្ថិតក្នុងបញ្ជី បេក្ខភាពសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រទៀតហើយ។

លក្ខខណ្ឌតម្រូវសម្រាប់វគ្គផ្ដាច់ព្រ័ត្រ World Cup គឺត្រូវមានកីឡដ្ឋានដែលអាចផ្ទុកអ្នកទស្សនាបានយ៉ាងតិច ៨០,០០០ នាក់។ លោក Louzan បានពន្យល់ ក្នុងបទបង្ហាញរបស់លោកថា៖ «ព័រទុយហ្គាល់បានបដិសេធមិន ធ្វើជាម្ចាស់ផ្ទះវគ្គផ្ដាច់ព្រ័ត្រយ៉ាងច្បាស់លាស់ ដោយសារតែគ្មានកីឡដ្ឋានណាមួយក្នុងប្រទេសនេះ ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាដល់ ៨០,០០០ នាក់នោះទេ»។

ខណៈដែលអេស្ប៉ាញនៅតែមានទំនុកចិត្តខ្ពស់ ប្រទេសម៉ារ៉ុកក៏កំពុងដាក់ខ្លួនជាបេក្ខភាពប្រជែងដ៏ខ្លាំងក្លាផងដែរ តាមរយៈគម្រោងសាងសង់កីឡដ្ឋាន King Hassan II។ កីឡដ្ឋានដែលគ្រោងសាងសង់នេះ នឹងមានសមត្ថភាពផ្ទុកអ្នកទស្សនារហូតដល់ ១១៥,០០០ នាក់ ដែលនឹងក្លាយជាទីលានកីឡាដ៏ធំបំផុតមួយនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ លោក Louzan នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថា ការសម្រេចចិត្តនេះគួរតែត្រូវបានដោះស្រាយផ្ទៃក្នុង និងសម្រេចផ្ដល់សិទ្ធិឱ្យអេស្ប៉ាញដោយគ្មានការពន្យារពេលតទៅទៀត ដើម្បីបញ្ចៀសការប៉ាន់ស្មាននានាដែលកំពុងបន្តកើតមាន។

ដោយសង្កត់ធ្ងន់លើភាពជៀសមិនរួចនៃការសម្រេចចិត្តនេះ លោក Louzan បានថ្លែងថា៖ «ដូច្នេះ វាអាចធ្វើឡើងបានតែនៅក្នុងប្រទេសអេស្ប៉ាញប៉ុណ្ណោះ ហើយវានឹងធ្វើឡើងនៅអេស្ប៉ាញ។ អ្វីដែលយើងត្រូវព្យាយាមធ្វើ — ដូចដែលខ្ញុំបាននិយាយរួចហើយទៅកាន់ថ្នាក់ដឹកនាំ FIFA — គឺត្រូវបញ្ចប់ការសម្រេចចិត្តផ្ទៃក្នុងនេះឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន»។

គួរបញ្ជាក់ថា ឯកសារដេញថ្លៃដំបូងកាលពីឆ្នាំ២០២៤ បានដាក់បញ្ចូលកីឡដ្ឋាន Santiago Bernabeu របស់ក្លឹប Real Madrid និងកីឡដ្ឋាន Camp Nou របស់ក្លឹប Barcelona ជាទីតាំងសក្ដានុពលរបស់អេស្ប៉ាញ រួមជាមួយជម្រើសតែមួយគត់របស់ម៉ារ៉ុក។

ប្រែសម្រួល៖​ គីរី

Most Popular

To Top