បរទេស៖ ខ្សែប្រយុទ្ធវ័យក្មេង Endrick បានបើកចិត្តនិយាយអំពីមហិច្ឆតារយៈពេលវែងរបស់ខ្លួននៅ Real Madrid ទន្ទឹមនឹងការទទួលស្គាល់ថា អនាគតនាពេលបច្ចុប្បន្នរបស់គេគឺស្ថិតក្នុងដៃរបស់អ្នកចាត់ការទូទៅលោក Jose Mourinho។ កីឡាករឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ខ្លួនចំពោះក្លឹបយក្សអេស្ប៉ាញ ទោះបីជាពាក្យចចាមអារ៉ាមអំពីការផ្ទេរទៅកាន់ក្លឹប AC Milan កំពុងតែកើនឡើងខ្លាំងក៏ដោយ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
Endrick បានបំបែកភាពស្ងៀមស្ងាត់ជុំវិញអនាគតដ៏មិនច្បាស់លាស់របស់គេនៅក្លឹប ដោយអះអាងថា ក្តីសុបិនដ៏ធំបំផុតរបស់គេគឺការចំណាយអាជីពបាល់ទាត់ទាំងមូលនៅឯកីឡដ្ឋាន Santiago Bernabeu ទោះបីជាកំពុងជួបការលំបាកក្នុងការស្វែងរកនាទីលេងជាទៀងទាត់ក៏ដោយ។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានថ្លែងបែបនេះ បន្ទាប់ពីជ័យជម្នះដ៏ធំធេងរបស់ប្រេស៊ីលលើសិង្ហបុរីក្នុងលទ្ធផល ៧-០ ក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃអង្គារ ដោយបានឆ្លៀតឱកាសនេះបកស្រាយដោយត្រង់ៗអំពីការប្រជែងដណ្តើមកៅអីលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Mourinho។
ជំនួសឱ្យការបង្ហាញការខកចិត្ត តារាវ័យក្មេងរបស់ក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ បានប្រគល់សិទ្ធិសម្រេចទាំងស្រុងទៅឱ្យគ្រូបង្វឹករបស់ខ្លួន ជុំវិញឱកាសចូលលេងក្នុងជម្រើស ១១ នាក់ដំបូង។ ឆ្លើយតបនឹងសំណួររបស់សារព័ត៌មាន ESPN Brazil ថាតើគេរំពឹងថានឹងទទួលបានតួនាទីសំខាន់ជាងមុននៅទីក្រុងម៉ាឌ្រីដដែរឬទេ Endrick បាននិយាយយ៉ាងខ្លីថា៖ «ការសម្រេចចិត្តគឺស្ថិតនៅលើលោក Mourinho»។
បច្ចុប្បន្ន Endrick កំពុងស្ថិតក្នុងចំណុចកណ្តាលនៃពាក្យចចាមអារ៉ាមផ្ទេរកីឡាករដ៏ក្តៅគគុក ដោយមានដំណឹងលេចឮយ៉ាងខ្លាំងអំពីការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងដ៏ភ្ញាក់ផ្អើលទៅកាន់ AC Milan មុនពេលទីផ្សារដោះដូរកីឡាករបើកទ្វារ។ ខណៈដែលកីឡាករវ័យក្មេងប្រេស៊ីលរូបនេះបានបង្ហាញភក្តីភាពដ៏មុតមាំចំពោះក្រុម Los Blancos ជាសាធារណៈ ប៉ុន្តែការទទួលស្គាល់ថ្មីៗនេះថា គ្រូបង្វឹកជាអ្នកកំណត់ជោគវាសនារបស់គេ បានបង្កឱ្យមានការជជែកវែកញែកជាថ្មី។ ទោះបីជាមានពាក្យចចាមអារ៉ាមជុំវិញលីគ Serie A ក៏ដោយ ខ្សែប្រយុទ្ធវ័យជំទង់រូបនេះបានប្រញាប់ប្រញាល់បញ្ជាក់ជាថ្មីនូវការលះបង់ទាំងស្រុងរបស់គេចំពោះក្រុមម្ចាស់ជើងឯកអឺរ៉ុប។
ដើម្បីបញ្ចប់ការសង្ស័យអំពីភាពមិនពេញចិត្ត Endrick បានបង្ហាញជំហររយៈពេលវែងរបស់ខ្លួនយ៉ាងច្បាស់លាស់ដោយប្រកាសថា៖ «ខ្ញុំតែងតែត្រៀមខ្លួនជាស្រេចដើម្បីជួយ Real Madrid ដែលជាក្លឹបដ៏ធំបំផុតក្នុងពិភពលោក។ ខ្ញុំសង្ឃឹមថាអាចចំណាយជីវិតបាល់ទាត់របស់ខ្ញុំនៅទីនោះ ដើម្បីជួយ Real និងមិត្តរួមក្រុមរបស់ខ្ញុំ»។
កីឡាករវ័យក្មេងរូបនេះគឺជាតួអង្គដ៏លេចធ្លោក្នុងការប្រកួតដ៏ត្រចះត្រចង់របស់ប្រេស៊ីលទល់នឹងសិង្ហបុរី ដោយរកបាន ១ គ្រាប់ក្នុងចំណោម ៧ គ្រាប់ ខណៈដែលក្រុម Selecao កំពុងព្យាយាមស្តារមុខមាត់ឡើងវិញ បន្ទាប់ពីលទ្ធផលដ៏ខកចិត្តកាលពីដើមការសម្រាកប្រកួតអន្តរជាតិ។ ជ័យជម្នះនេះគឺជាការជំរុញទំនុកចិត្តដ៏ ចាំបាច់បន្ទាប់ពីការចាញ់ជប៉ុន ដែលធានាថាក្រុមយក្សអាមេរិកខាងត្បូង មួយនេះអាចបញ្ចប់ឆ្នាំប្រកួតប្រកបដោយភាពវិជ្ជមានក្រោមការដឹកនាំរបស់លោក Carlo Ancelotti។
ប្រែសម្រួល៖ គីរី
