កីឡា

លោក Jeff Bezos បង្ហើបពីតួនាទីផ្ទាល់របស់ខ្លួន ក្នុងការជ្រើសរើស Robert Pattinson ឱ្យសម្តែងជាតួអង្គ James Bond ជំនាន់ថ្មី

បរទេស៖ ការជ្រើសរើសតារាសម្តែង Robert Pattinson ជាតួអង្គ James Bond ថ្មី ត្រូវបានសម្រេចឡើងត្រឹមតែ ៣ ថ្ងៃមុនការប្រកាសជាផ្លូវការប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក Jeff Bezos កាលពីថ្ងៃអង្គារ (ទី១៧ ខែវិច្ឆិកា)។

ថ្លែងនៅលើឆាកក្នុងសន្និសីទ Silicon Valley & The World របស់សារព័ត៌មាន Semafor នៅទីក្រុង Menlo Park រដ្ឋកាលីហ្វ័រញ៉ា ស្ថាបនិកក្រុមហ៊ុន Amazon រូបនេះបាននិយាយថា៖ «យើងបានដំណើរការនីតិវិធីដ៏តឹងរ៉ឹងបំផុត ហើយយើងទើបតែធ្វើការសម្រេចចិត្តចុងក្រោយកាលពីថ្ងៃសុក្រ» នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៩​ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Bezos បានផ្តល់ព័ត៌មានលម្អិតច្បាស់លាស់បំផុតមិនធ្លាប់មាន អំពីដំណើរការនៅពីក្រោយឆាកនៃការជ្រើសរើសតួអង្គដ៏ល្បីល្បាញបំផុតមួយក្នុងវិស័យភាពយន្ត ដែលជាប្រធានបទបង្កឱ្យមានការប៉ាន់ស្មានជាច្រើនឆ្នាំមកហើយ និងការជជែកវែកញែកយ៉ាងផុសផុលចាប់តាំងពីការជ្រើសរើស Pattinson ត្រូវបានប្រកាសកាលពីព្រឹកថ្ងៃចន្ទ។

ការលើកឡើងរបស់លោក Bezos ក៏បានបង្ហាញផងដែរថា ក្នុងនាមជាប្រធានប្រតិបត្តិរបស់ Amazon លោកបានចូលរួមដោយផ្ទាល់ក្នុងការជ្រើសរើសតួសម្តែងនេះ។ គួរបញ្ជាក់ថា Amazon MGM Studios បានគ្រប់គ្រងសិទ្ធិផលិតកម្មនៃខ្សែភាពយន្តភាគដ៏យូរអង្វែងនេះកាលពីឆ្នាំមុន ដោយបានជ្រើសរើសលោក Denis Villeneuve ជាអ្នកដឹកនាំរឿងសម្រាប់ភាពយន្តដែលមិនទាន់មានចំណងជើងនេះ។

លោក Bezos បានឱ្យដឹងថា បេក្ខជន «មួយក្រុមធំ» ត្រូវបានជម្រុះនៅសល់ត្រឹមតែ ៥ នាក់ចុងក្រោយ ដែលម្នាក់ៗត្រូវសម្តែងឈុតឆាកចំនួន ៣ ក្នុងការធ្វើតេស្តសម្តែងផ្ទាល់ (screen tests)។

លោកបានរៀបរាប់ថា៖ «យើងបានធ្វើតេស្តសម្តែងបែបបុរាណពិតៗលើបេក្ខជនចុងក្រោយទាំង ៥ នាក់នោះ ហើយវាពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ មានសម្លៀកបំពាក់ពេញលេញ ឆាកពិតប្រាកដ និងមានតារាសម្តែងផ្សេងទៀតចូលរួមសម្តែងជាមួយពួកគេផងដែរ»។

លោកមិនបានបង្ហាញឈ្មោះបេក្ខជនចុងក្រោយផ្សេងទៀតឡើយ ប៉ុន្តែតារាសម្តែងដែលត្រូវបានរាយការណ៍ថាស្ថិតក្នុងការពិចារណាសម្រាប់តំណែងនេះរួមមាន Callum Turner, Josh O’Connor, Jack Lowden និង Nicholas Hoult។

លោក Bezos បានរំឭកឡើងវិញដោយហៅតារាសម្តែងទាំងអស់នោះថាមាន «ទេពកោសល្យដ៏អស្ចារ្យ» ដោយលោកបន្តថា៖ «បន្ទាប់មក យើងបានជួបជុំគ្នាកាលពីថ្ងៃសុក្រ ដើម្បីចំណាយពេលពីរបីម៉ោងមើល និងពិនិត្យឡើងវិញនូវការធ្វើតេស្តសម្តែងទាំងអស់នោះ»។ លោកបានបន្ថែមថា៖ «នៅពេលយើងឈានដល់បញ្ជីបេក្ខជន ៥ នាក់ចុងក្រោយ ពួកគេទាំងអស់សុទ្ធតែអស្ចារ្យ។ ប៉ុន្តែមានអ្វីម្យ៉ាងដ៏ពិសេសអំពី Rob និងការសម្តែងរបស់គេ ហើយវាហាក់ដូចជាគ្មានការជំទាស់ណាមួយភ្លាមៗតែម្តង»។

ទោះជាយ៉ាងណា មានចំណុចមួយដែលធ្លាប់ជាឧបសគ្គសម្រាប់តារាសម្តែងវ័យ ៤០ ឆ្នាំរូបនេះ គឺក្រុមការងារគិតថាគេប្រហែលជាល្បីល្បាញខ្លាំងពេកហើយ។

តារាសម្តែងតួអង្គ Bond ទាំង ៦ នាក់មុនៗ រួមមាន Sean Connery, George Lazenby, Roger Moore, Timothy Dalton, Pierce Brosnan និង Daniel Craig សុទ្ធតែមិនសូវល្បីឈ្មោះ ឬភាគច្រើនចាប់ផ្តើមពីការសម្តែងលើឆាកល្ខោន និងកញ្ចក់ទូរទស្សន៍ មុនពេលល្បីល្បាញទូទាំងពិភពលោកតាមរយៈតួនាទីជាភ្នាក់ងារសម្ងាត់រូបនេះ។

លោក Bezos បានបញ្ជាក់ថា៖ «យើងធ្លាប់គិតថា ប្រហែលជាយើងគួរជ្រើសរើសនរណាម្នាក់ ដែលមិនសូវមានគេស្គាល់ច្រើន។ ប៉ុន្តែនៅក្នុងការធ្វើតេស្តសម្តែង វាច្បាស់លាស់ខ្លាំងណាស់ថា គេពិតជា James Bond»។

ប្រែសម្រួល៖​ គីរី

Most Popular

To Top