បរទេស៖ ក្លឹប Chelsea ត្រូវបានរាយការណ៍ថា កំពុងរៀបចំផែនការផ្ទេរកីឡាករដ៏ភ្ញាក់ផ្អើលក្នុងតម្លៃសរុប ១៨០ លានអឺរ៉ូ នៅខែមករាខាងមុខ ដើម្បីនាំយកកីឡាករពីររូបរបស់ Barcelona គឺ Fermin Lopez និង Jules Kounde។ អ្នកចាត់ការទូទៅលោក Xabi Alonso កំពុងត្រូវការពង្រឹង តំបន់សំខាន់ពីរក្នុងក្រុមយ៉ាងខ្លាំង ទោះបីជាការទាញយកតារាឆ្នើម ទាំងពីរចេញពីទឹកដីកាតាឡាន់នៅពាក់កណ្តាលរដូវកាល គឺជាបញ្ហាប្រឈមដ៏ធំធេងក៏ដោយ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្លឹបនៅ Premier League មួយនេះ បានកំណត់យក Lopez និង Kounde ជាគោលដៅចម្បងសម្រាប់ទីផ្សារដោះដូរកីឡាករខែមករាខាងមុខ ខណៈដែលលោក Alonso ចង់ពង្រឹងគុណភាពក្រុមឱ្យកាន់តែរឹងមាំសម្រាប់ការប្រកួតជើងទីពីរនៃរដូវកាល។
ក្រុម «តោខៀវ» ធ្លាប់បានតាមដានកីឡាករទាំងពីររូបនេះដាច់ដោយឡែកពីគ្នា ប៉ុន្តែពេលនេះពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់សំណើរួមគ្នាតែម្តង។ បើយោងតាមសារព័ត៌មាន El Nacional កញ្ចប់ទឹកប្រាក់ដែលគ្រោងដាក់សំណើអាចឈានដល់ ១៨០ លានអឺរ៉ូ។ ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុដ៏មហិមានេះ បានបង្ហាញពីមហិច្ឆតាដ៏ធំធេងរបស់ Chelsea នៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងា។
Fermin ហាក់ដូចជាគោលដៅអាទិភាពចម្បងរបស់ថ្នាក់ដឹកនាំ Chelsea។ ខ្សែបម្រើវ័យ ២៣ ឆ្នាំរូបនេះ ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃខ្លួនប្រមាណ ១២០ លានអឺរ៉ូ នៅក្នុងកិច្ចព្រមព្រៀងទ្វេដងនេះ។ លោក Alonso ត្រូវបានរាយការណ៍ថា ចង់បន្ថែមលក្ខណៈពិសេសរបស់កីឡាករអេស្ប៉ាញរូបនេះទៅក្នុងតំបន់បម្រើរបស់លោក។ គ្រូបង្វឹករូបនេះផ្តល់តម្លៃខ្ពស់លើថាមពលដ៏ខ្លាំងក្លា សមត្ថភាពរកគ្រាប់បាល់ និងភាពវៃឆ្លាតក្នុងការឡើងទៅតំបន់គ្រោះថ្នាក់របស់ Fermin។
ទោះជាយ៉ាងណាក៏ដោយ Barcelona នៅតែចាត់ទុកកីឡាករវ័យក្មេងរូបនេះជាផ្នែកដ៏សំខាន់សម្រាប់អនាគតរយៈពេលវែងរបស់ក្លឹប។ ដូច្នេះ ក្រុមតោខៀវនឹងត្រូវដាក់សំណើហិរញ្ញវត្ថុដ៏ពិសេសមួយ ដើម្បីអាចនាំក្លឹបអេស្ប៉ាញមួយនេះមកអង្គុយតុចរចាបាន។
ខណៈដែល Fermin នឹងជួយកែប្រែតំបន់បម្រើឱ្យកាន់តែមុតស្រួច Kounde វិញនឹងជួយដោះស្រាយតម្រូវការយុទ្ធសាស្ត្រផ្សេងមួយទៀត។ សំណើដែលគ្រោងទុកក្នុងតម្លៃ ៦០ លានអឺរ៉ូ សម្រាប់កីឡាករជម្រើសជាតិបារាំងរូបនេះ នឹងជួយបន្ថែមបទពិសោធន៍ដ៏សំខាន់ដល់តំបន់ការពារ។
Kounde មានភាពបត់បែនដ៏ល្អឥតខ្ចោះ ដោយគេអាចលេងបានយ៉ាងល្អទាំងតំណែងខ្សែការពារស្តាំ និងខ្សែការពារកណ្តាល។ លោក Alonso ត្រូវការភាពបត់បែនផ្នែក យុទ្ធសាស្ត្រនេះ ខណៈដែលលោកកំពុងត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូរ ដែលអាចកើតមាននៅតំបន់ការពារក្នុងឆ្នាំ ២០២៧។ បច្ចុប្បន្ន ការនាំយកខ្សែការពាររូបនេះ ហាក់ដូចជាកិច្ចព្រមព្រៀងដែលងាយស្រួលសម្រេចជាង។ សារព័ត៌មាន CaughtOffside បានរាយការណ៍ថា Kounde កំពុងបើកចិត្តកាន់តែខ្លាំងក្នុងការ ចាកចេញពីកីឡដ្ឋាន Camp Nou ដើម្បីស្វែងរកឱកាសចូលលេង ក្នុងជម្រើសដំបូងជាទៀងទាត់។
ប្រែសម្រួល៖ គីរី
