កីឡា

លោក សែម សុខា បាន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច បានអញ្ជើញបើកការប្រកួតកីឡាស៉្បេស្យាល់អូឡាំពិកថ្នាក់ជាតិឆ្នាំ២០២៦ និងវេទិកាអប់រំសុខភាពអាណាព្យាបាល

ភ្នំពេញ៖លោក សែម សុខា រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់​អូឡាំកកម្ពុជា តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈ​កម្មាធិការជាតិ ស្ប៉េស្យាល់​អូឡាំកកម្ពុជា (NSOCC) នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញក្នុ​ងពិ​ធីបើកការប្រកួតកីឡាស៉្បេស្យាល់អូឡាំពិកថ្នាក់ជាតិឆ្នាំ២០២៦ និងវេទិកាអប់រំសុខភាពអាណាព្យាបាល នៅវិមានក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក ​រាជធានីភ្នំពេញ។

លោក សែម សុខា អនុប្រធាន NSOCC បានមានប្រសាសន៍ថា លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង​​របស់ NSOCC និងអនុគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិក រាជធានី ខេត្ត អង្គការ សមាគម ព្រមទាំងក្រុមការងារទាំងអស់ ដែលបានលះ​បង់ពេលវេលាដ៏មមាញឹកមកចូលរួម និងរៀបចំកម្មវិធីនេះ​ ដើម្បីរួមចំ​ណែក​ និងលើកស្ទួយ​​វិស័យកីឡាជនមានពិការភាព ជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិក ជានិច្ចកាល NSOCC តែងតែយកចិត្តទុកដាក់ដល់ចលនាកីឡា​​ស្ប៉េស្យាល់អូឡាំពិកទាំងការហ្វឹកហាត់ និងការបណ្តុះបណ្តាលមន្រ្តីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងធ្វើការហ្វឹកហាត់ ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញាបានចូលរួម​ក្នុងសកម្មភាពសង្គម តាមរយៈវិស័យ កីឡា ដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់។

លោករដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច បានបន្ថែមថា វិស័យកីឡាជនមានពិការភាព គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វនិងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ    សម្បទា ជាសេនាធិការ។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់អាទិភាពការងារពិការភាពក្នុងកម្មវិធីការ​ងា​ររបស់ក្រសួង ដោយ​បានកសាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ សំដៅពង្រឹងពង្រីកការគោរពសិទ្ធិជាមូលដ្ឋានរបស់ជនមានពិការភាព អតីតយុទ្ធជន អតីតមន្រ្តីរាជការមានពិការភាព បានទទួ​ល​របបឧបត្ថម្ភពីរដ្ឋ។
 
គណៈកម្មាធិការ បាន​​បន្តជំរុញ និងចូលរួមសហការជាមួយអង្គការដៃគូពាក់ព័ន្ធនានាបានជួយដល់ជនពិការខ្សោយសតិ​បញ្ញា ដើម្បី​​ផ្តល់ឱកាស​​​​ដល់ក្មួយៗបានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា​ ដូចជនមានពិការភាព និងជនមិនមានពិការភាពដទៃៗទៀត។ ទាំងនេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល​​​កម្ពុជាដល់ជនមានពិការភាពគ្រប់ប្រភេទ និងជាការរួមចំណែក​​ក្នុងការអនុវត្ត​ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជា។​
 
លោក សែម សុខា បានបញ្ជាក់ថា មួយវិញទៀត ដោយការវិវឌ្ឍនៅមានកម្រិត ជាពិសេស​ចលនាកីឡាស្ប៉េស្យាល់អូឡាំពិក គឺពឹងផ្អែកលើការជួយឧបត្ថម្ភទាំងសម្ភារៈ ថវិកា ពីអង្គការជាតិ អន្តរជាតិ និងសប្បុរស​ជននានា ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួយជំរុញលើកទឹកចិត្ត និងឧបត្ថម្ភថវិកា​ដល់ចលនាកីឡាស្ប៉េស្យាល់​​អូឡាំពិកនៅកម្ពុជាជារៀងរាល់ឆ្នាំ។
លោកសូមអំពាវនាវដល់អនុគណៈកម្មាធិការជាតិ​ស្ប៉េស្យាល់អូឡាំពិករាជធានី ខេត្ត ក៏ដូចជាអង្គការ សមាគមនានា ដែលគ្រប់​គ្រងផ្ទាល់ជួយដល់ជនពិការខ្សោយសតិបញ្ញា សូមយកចិត្តទុក​ដាក់​បីបាច់ថែរក្សា និងផ្តល់ឱកាសឲ្យពួកគាត់បានហ្វឹកហាត់​ និងចូលរួមការប្រកួតនានា ដូចដែលNSOCC បានរៀបចំតាមកម្មវីធីជារៀងរាល់ឆ្នាំ។ ចំពោះការងារនេះ គឺមានតែក្រុមគ្រួសារ ឪពុកម្តាយ អាណាព្យាបាល​ ឬអ្នកដែលជិតបំផុតរបស់កីឡាករ-កីឡា​ការិនី ជនបញ្ញាខ្សោយប៉ុណ្ណោះ ដែលជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់​ពួកគាត់ ដើម្បី​ចូលរួមចលនាកីឡា៕

Most Popular

To Top