កីឡា

ក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់សម្ភារៈកីឡា ដល់សាលារៀនគំរូ ក្នុងខេត្តបាត់ដំបង ឧត្តរមានជ័យ​ ខេត្តព្រៃវែង​ និងព្រះវិហារ​

ភ្នំពេញ ៖ ដើម្បីលើកកម្ពស់គុណភាពអប់រំកាយ និងកីឡានៅតាមគ្រឹះស្ថានសិក្សា ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈអគ្គនាយកដ្ឋានកីឡា និងនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត បាននាំយកសម្ភារៈកីឡាដល់សាលារៀនគំរូក្នុងខេត្តបាត់ដំបង ឧត្តរមានជ័យ​ ខេត្តព្រៃវែង​ និង ព្រះវិហារ​ ដែលជាខេត្តមួយមានសក្តានុពល និងមានការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា។

ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់និងជំរុញការអនុវត្តកម្មវិធីអប់រំកាយក្នុងម៉ោងសិក្សា និងសកម្មភាពកីឡាក្រៅម៉ោងសិក្សា នៅតាមសាលារៀន ដើម្បីធានាឱ្យសិស្សានុសិស្សទទួលបានឱកាសចូលរួមក្នុងសកម្មភាពអប់រំកាយ និងកីឡាប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងសុវត្ថិភាព ។ ការផ្តល់សម្ភារៈកីឡានាពេលនេះ ក្រសួងមានគោលបំណងសំខាន់ៗ មួយចំនួនដូចជាទី១.ជួយគាំទ្រ និងពង្រឹងការអនុវត្តកម្មវិធី សិក្សាអប់រំកាយ នៅក្នុងម៉ោងសិក្សា ឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្តល់លទ្ធភាពដល់គ្រូបង្រៀន ក្នុងការប្រើប្រាស់សម្ភារៈកីឡាឱ្យ សមស្របទៅតាមកម្រិតថ្នាក់ និងសមត្ថភាពរបស់សិស្ស ។

ទី២.ជំរុញការរៀបចំសកម្មភាពកីឡាក្រៅម៉ោងសិក្សា ដើម្បីបង្កើនឱកាសឱ្យសិស្សានុសិស្សបានចូលរួមលេងកីឡា ហាត់ប្រាណ និងអភិវឌ្ឍសមត្ថភាពរាងកាយ សុខភាព និងកាយសម្បទាឱ្យបានរឹងមាំ។ទី៣.        លើកកម្ពស់ការចូលរួមរបស់សិស្សានុសិស្សទាំងអស់ ដោយមិនប្រកាន់ភេទ សមត្ថភាព ឬពិការភាព ព្រមទាំងបង្កើតបរិយាកាសសិក្សាដែលផ្តល់ឱកាសស្មើៗគ្នាក្នុងការចូលរួមសកម្មភាពអប់រំកាយ និងកីឡា និងទី៤. ជំរុញការអភិវឌ្ឍកីឡាជំនាញ និងសមត្ថភាពផ្ទាល់ខ្លួនរបស់សិស្ស ដូចជា ការសហការជាក្រុម វិន័យ ការគោរពច្បាប់ គោរពគ្នាទៅវិញទៅមក ភាពជាអ្នកដឹកនាំ និងស្មារតីទទួលខុសត្រូវ។
 
ទី៥.    រួមចំណែកកសាងសាលារៀន ឱ្យមានបរិយាកាសសិក្សាសកម្ម មានសកម្មភាពអប់រំកាយ និងកីឡាជាប្រចាំ ព្រមទាំងបំពេញតាមស្តង់ដាសាលារៀនគំរូពាក់ព័ន្ធនឹងការអប់រំកាយ និងកីឡា។ ទី៦.  ជំរុញការប្រើប្រាស់ ថែទាំ និងគ្រប់គ្រងសម្ភារៈកីឡាឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាព ដើម្បីធានាថាសម្ភារកីឡាដែលទទួលបានអាចបម្រើដល់ការបង្រៀនអប់រំកាយ ការហាត់ប្រាណ និងការលេងកីឡារបស់សិស្សបានយូរអង្វែង .
 
ជាមួយគ្នានេះ ការផ្តល់សម្ភារកីឡានេះ ក៏ជាការរួមចំណែកជំរុញចលនា «កីឡាសម្រាប់ទាំងអស់គ្នា» និង «សុខភាពសម្រាប់ទាំងអស់គ្នា» ដោយលើកទឹកចិត្តឱ្យសិស្សា- នុសិស្សចូលរួមសកម្មភាពរាងកាយជាប្រចាំ បង្ការជំងឺមិនឆ្លង និងលើកកម្ពស់សុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត៕

Most Popular

To Top