ភ្នំពេញ៖ក្រុមបាល់ទាត់យូនីហ្វាយ ខេត្តព្រៃវែង ដណ្តើមបានមេដាយមាស បន្ទាប់យកឈ្នះលើកក្រុមបាល់ទាត់យូនីហ្វាយ ខេត្តខេត្តស្វាយរៀង វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៉្បេស្យាល់អូឡាំពិកថ្នាក់ជាតិឆ្នាំ២០២៦ និងវេទិកាអប់រំសុខភាពអាណាព្យាបាល នៅវិមានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដែលរៀបចំដោយគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំកកម្ពុជា (NSOCC) នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឃ្លាំង ចន្ទូ អគ្គលេខាធិការគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំកកម្ពុជា (NSOCC) បានអញ្ជើញក្នុងពិធីបិទការប្រកួតនេះ។

ក្រុមបាល់ទាត់យូនីហ្វាយ ខេត្តព្រៃវែង ដណ្តើមបានមេដាយមាស ក្រុមបាល់ទាត់យូនីហ្វាយ ខេត្តស្វាយរៀង ទទួលបានមេដាយប្រាក់ និងក្រុមបាល់ទាត់យូនីហ្វាយ ខេត្តកណ្តាល ទទួលបានមេដាយសំរិទ្ធ លើវិញ្ញាសាបាល់ទាត់ ៥ នាក់ទល់នឹង ៥ នាក់។ កីឡាករប៊ូលយូនីហ្វាយ៖កីឡាករ ស៊ីម៉ន វីយ៉ានុព្វ រាជធានីភ្នំពេញ ទទួលបានមេដាយមាស កីឡាករ អ៊ូច សុខជា ខេត្តពោធិ៍សាត់ ទទួលបានមេដាយប្រាក់ និងកីឡាករ ភិន សេរី ខេត្តព្រៃវែង ទទួលបានមេដាយសំរិទ្ធ។ កីឡាការិនីប៊ូលយូនីហ្វាយ៖កីឡាការិនី ជា ឌីណា រាជធានីភ្នំពេញ ទទួលបានមេដាយមាស កីឡាការិនី ហ៊ុន ចាន់ថុល រាជធានីភ្នំពេញ ទទួលបានមេដាយប្រាក់ និងកីឡាការិនី វ៊ន សុជូលី រាជធានីភ្នំពេញ ទទួលបានមេដាយសំរិទ្ធ។
លោក ឃ្លាំង ចន្ទូ អគ្គលេខាធិការគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំកកម្ពុជា (NSOCC) បានប្រាប់ឲ្យដឹងថា ការរៀបចំព្រឹត្តការណ៍កីឡាថ្នាក់ជាតិនេះ ធ្វើឡើងក្នុងគោលបំណងស្នូលចំនួន ៤ គឺ៖ -លើកកម្ពស់សិទ្ធិ និងបរិយាបន្នសង្គម៖ ផ្តល់ឱកាសឱ្យកុមារ និងយុវជនដែលមានពិការភាពបញ្ញា បានបញ្ចេញនូវទេពកោសល្យ សមត្ថភាព និងភាពក្លាហាន តាមរយៈវិស័យកីឡា ដោយគ្មានការរើសអើង។ -ពង្រឹងសុខភាពកាយសម្បទា និងស្មារតី៖ ជំរុញឱ្យកីឡាករ កីឡាការិនី មានសុខភាពល្អមាំមួន មានទំនុកចិត្តលើខ្លួនឯង និងបង្កើតភាពស្និទ្ធស្នាល រវាងកីឡាករពិការខ្សោយសតិបញ្ញា និងកីឡាករគ្មានពិការភាព (កីឡាយូនីហ្វាយ – Unified Sports)។

វាស់ស្ទង់កម្រិតបច្ចេកទេស និងសម្រិតសម្រាំងធនធាន៖ វាយតម្លៃលទ្ធផលនៃការប្រកួត និងការហ្វឹកហាត់តាមបណ្តាខេត្ត និងជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗ ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតកម្រិតតំបន់ និងអន្តរជាតិនាពេលខាងមុខ។ -ពង្រឹងការយល់ដឹងដល់គ្រួសារ និងសហគមន៍៖ ផ្សារភ្ជាប់ការប្រកួតកីឡាជាមួយនឹងការអប់រំសុខភាព ដើម្បីឱ្យអាណាព្យាបាលយល់ដឹងកាន់តែច្បាស់អំពីការថែទាំ និងគាំទ្រកូនចៅរបស់ខ្លួន៕
ដោយ៖លី ភីលីព





