បរទេស៖ លោក Fabian Hurzeler បានបញ្ជាក់សាជាថ្មីនូវភក្ដីភាព និងការប្តេជ្ញាចិត្តរបស់លោកចំពោះក្លឹប Brighton & Hove Albion បន្ទាប់ពីមានការរំពឹងទុកយ៉ាងខ្លាំងដែលផ្សារភ្ជាប់រូបលោកទៅនឹងតំណែងគ្រូបង្វឹកទំនេរនៅក្លឹប Manchester United។ អ្នកចាត់ការទូទៅ របស់ក្រុមរហស្សនាម «សត្វរំពេសមុទ្រ» (Seagulls) រូបនេះ ដែលបានដឹកនាំក្រុមឱ្យឡើង មកឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងតារាង Premier League បានចេញមុខនិយាយបែបនេះ បន្ទាប់ពីទទួលបានការ បង្ហាញទំនុកចិត្តជាសាធារណៈពីសំណាក់ម្ចាស់ក្លឹប គឺលោក Tony Bloom នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
គ្រូបង្វឹករបស់ Brighton លោក Hurzeler បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមជុំវិញអនាគតរបស់លោក ដោយសង្កត់ធ្ងន់ថាលោកនៅតែផ្តោតអារម្មណ៍ទាំងស្រុងលើគម្រោងការងាររបស់លោកនៅកីឡដ្ឋាន Amex Stadium។
អ្នកយុទ្ធសាស្ត្រសញ្ជាតិអាល្លឺម៉ង់រូបនេះ បានក្លាយជាប្រធានបទនៃការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏អស្ចារ្យ ដោយមានសេចក្តីរាយការណ៍ថាលោកស្ថិតក្នុងបញ្ជីបេក្ខភាពជម្រើសរបស់ Manchester United បន្ទាប់ពីការបណ្តេញលោក Michael Carrick ចេញពីតំណែង។ ទោះបីជាថ្នាក់ដឹកនាំនៅកីឡដ្ឋាន Old Trafford បានសម្រេចចិត្តជ្រើសរើសយកលោក Mauricio Pochettino ក៏ដោយ ក៏ប្រជាប្រិយភាព និងតម្លៃរបស់លោក Hurzeler នៅតែបន្តកើនឡើងនៅទូទាំងទ្វីបអឺរ៉ុប។
ការលើកឡើងរបស់គ្រូបង្វឹកវ័យ ៣៣ ឆ្នាំរូបនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ពីប្រធានក្លឹប Brighton លោក Bloom ដែលថ្មីៗនេះបានប្រកាសថាក្លឹបនឹងប្រឹងប្រែងតស៊ូ «យ៉ាងស្វិតស្វាញបំផុត» ដើម្បីរក្សាគ្រូបង្វឹករបស់ពួកគេឱ្យនៅបន្តការងារ។ លោក Hurzeler ក៏បានឆ្លើយតបភ្លាមៗចំពោះភាពកក់ក្តៅដែលបង្ហាញដោយថ្នាក់ដឹកនាំក្លឹប ក្នុងអំឡុងពេលបង្ហាញខ្លួននៅចំពោះមុខអ្នកសារព័ត៌មានចុងក្រោយបំផុតរបស់លោក។
លោកបានថ្លែងថា៖ «ខ្ញុំបាននិយាយច្រើនរួចមកហើយអំពីការគាំទ្រ ទំនុកចិត្ត និងជំនឿជាក់របស់គាត់ [លោក Bloom]។ វាជាឯកសិទ្ធិមួយដែលបានធ្វើការ នៅទីនេះ ហើយចាប់តាំងពីខ្ញុំមកដល់ទីនេះ មានពាក្យចចាមអារ៉ាមជាច្រើន ជាមួយក្លឹបផ្សេងៗ ប៉ុន្តែវាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ហើយខ្ញុំប្តេជ្ញាចិត្តពេញទំហឹងចំពោះក្លឹបនេះ»។
ប្រែសម្រួល៖ គីរី
