បរទេ៖ យន្តដ៏ល្បីល្បាញ «Home Alone» កំពុងត្រៀមពង្រីកសាច់រឿងបន្ថែមទៀតហើយ។ យោងតាមការបញ្ជាក់ពីសារព័ត៌មាន The Hollywood Reporter ភាពយន្តភាគបន្តនៃរឿងបុណ្យណូអែលដ៏ពេញនិយមមួយនេះ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍដំបូងនៅឯក្រុមហ៊ុន Disney នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន The Hollywood Reporter ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។
តារាសម្តែង Macaulay Culkin ដែលធ្លាប់បានដើរតួជា Kevin McCallister ក្នុងភាពយន្តដើមឆ្នាំ ១៩៩០ និងវគ្គបន្ត «Home Alone 2: Lost in New York» ក្នុងឆ្នាំ ១៩៩២ ត្រូវបានគេរំពឹងថានឹងវិលត្រឡប់មកសម្តែងតួអង្គដដែលនេះម្តងទៀត។ ទន្ទឹមនឹងនេះ ដៃគូផលិតភាពយន្តកំប្លែងជើងចាស់គឺលោក Seth Rogen និងលោក Evan Goldberg ដែលជាអ្នកនៅពីក្រោយភាពជោគជ័យនៃរឿង «Superbad», «Pineapple Express», «Neighbors», «Sausage Party» និង «The Studio» នឹងទទួលបន្ទុកជាអ្នកនិពន្ធ និងផលិតភាពយន្តនេះ ក្រោមផលិតកម្ម Point Grey របស់ពួកគេ។ អ្នកទាំងពីរក៏កំពុងធ្វើការរួមគ្នាជាមួយលោក Culkin លើគំនិតសាច់រឿងថ្មីសម្រាប់វគ្គបន្តនេះផងដែរ។
គួររំលឹកថា លោក Chris Columbus គឺជាអ្នកដឹកនាំរឿងទាំងពីរវគ្គដំបូង ដែលរកចំណូលបានសរុបរហូតដល់ ៨៣៦,៣ លានដុល្លារនៅទូទាំងពិភពលោក។ ទោះជាយ៉ាងណា ក្នុងដំណាក់កាលដំបូងនេះ មិនទាន់មានការបញ្ជាក់ពីអ្នកដឹកនាំរឿងសម្រាប់វគ្គថ្មីនៅឡើយទេ ខណៈដែលក្រុមហ៊ុន Disney បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញព័ត៌មាននេះឡើយ។
ដំណឹងនេះបានលេចឡើងបន្ទាប់ពីលោក Culkin បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិលត្រឡប់មកសម្តែងតួអង្គនេះវិញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ អំឡុងពេលកម្មវិធីទេសចរណ៍ «A Nostalgic Night with Macaulay Culkin» កាលពីខែវិច្ឆិកា ឆ្នាំ ២០២៥ តារាសម្តែងរូបនេះបានលើកឡើងថា លោក «មិនជំទាស់ទាំងស្រុងនោះទេ» ក្នុងការត្រឡប់មកដើរតួជា Kevin វិញ ឱ្យតែគម្រោងនោះមានភាពស័ក្តិសម។ លោកក៏បានចែករំលែកគំនិតសាច់រឿងសម្រាប់វគ្គបន្តផងដែរ ដែលនឹងបង្ហាញពីតួអង្គ Kevin ក្លាយជាឪពុកពោះម៉ាយ ឬលែងលះប្រពន្ធ ដែលកំពុងចិញ្ចឹមកូនតែម្នាក់ឯង។ នៅក្នុងសាច់រឿងដែលលោកបានស្នើឡើងនោះ Kevin នឹងត្រូវជាប់សោនៅខាងក្រៅផ្ទះរបស់ខ្លួនឯង ដោយមានកូនប្រុសរបស់គាត់ជាអ្នករៀបចំអន្ទាក់ដើម្បីរារាំងមិនឱ្យគាត់ចូលផ្ទះបាន ដែលជាការបញ្ច្រាសសាច់រឿងដើមទាំងស្រុង។
យោងតាមសេចក្តីរាយការណ៍ លោក Culkin បានជួបជាមួយប្រធានផ្នែកភាពយន្តរបស់ក្រុមហ៊ុន Disney គឺលោក David Greenbaum កាលពីរដូវក្តៅកន្លងទៅ ដើម្បីបង្ហាញពីគំនិតសាច់រឿងវគ្គបន្តនេះ។
ភាពយន្តដើម «Home Alone» ដែលនិពន្ធដោយលោក John Hughes បានបង្ហាញវត្តមានលោក Culkin ក្នុងវ័យ ៩ ឆ្នាំ ដើរតួជា Kevin ដែលជាកូនពៅក្នុងគ្រួសារ McCallister។ បន្ទាប់ពីក្រុមគ្រួសារបានភ្លេចរូបគេចោលនៅផ្ទះដោយអចេតនា ក្នុងពេលធ្វើដំណើរកម្សាន្តថ្ងៃបុណ្យណូអែលទៅកាន់ទីក្រុងប៉ារីស Kevin ត្រូវប្រឈមមុខនឹងការការពារផ្ទះនៅតំបន់ឈីកាហ្គោ ពីចោរប្លន់ពីរនាក់ដែលសម្តែងដោយលោក Joe Pesci និងលោក Daniel Stern។
ស៊េរីភាពយន្តនេះបានបន្តផលិតជាច្រើនវគ្គទៀតដោយគ្មានវត្តមានលោក Culkin ឡើយ។ តួយ៉ាង លោក Mike Weinberg បានទទួលតំណែងសម្តែងជា Kevin ក្នុងភាពយន្តចាក់ផ្សាយតាមទូរទស្សន៍ឆ្នាំ ២០០២ «Home Alone 4» ខណៈដែលរឿង «Home Alone: The Holiday Heist» ក្នុងឆ្នាំ ២០១២ បានប្តូរទៅផ្តោតលើតួអង្គថ្មីគឺ Finn Baxter ដែលសម្តែងដោយ Christian Martyn វិញ។ ដោយឡែក ការព្យាយាមលើកចុងក្រោយបង្អស់របស់ Disney ក្នុងការធ្វើឱ្យស៊េរីរឿងនេះរស់ឡើងវិញ គឺភាពយន្តឆ្នាំ ២០២១ ដែលមានចំណងជើងថា «Home Sweet Home Alone» សម្តែងដោយ Archie Yates។
ប្រែសម្រួល៖ គីរី
