សិល្បៈ និង កម្សាន្ត

ដំណឹងក្រៀមក្រំ! តារាសម្ដែង និងចម្រៀងទសវត្ស៦០ និង៧០ កែវ មន្ថា ទទួលមរណៈភាពហើយ

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លេចដំណឹងដ៏ក្រៀមក្រំថ្មីមួយទៀត ទាក់ទងនឹងមរណៈភាពសិល្បការិនីខ្មែរ។ នោះ គឺតារាសម្ដែង និងចម្រៀង កែវ មន្ថា បានទទួលមរណៈភាពកាលពីម៉ោង១២ និង៣០នាទី រំលងអាទ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា។

បើតាមសារបង្ហោះដោយចៅស្រីបង្កើត របស់តារាចម្រៀង និងសម្ដែងជើងចាស់ កែវ មន្ថា ឈ្មោះ ស៊ូ ស៊ីរីកា ឲ្យដឹងថា លោកស្រី កែវ មន្ថា ដែលជាជីដូនដ៏គួរឲ្យគោរព និងស្រឡាញ់បំផុតនោះបានស្លាប់ ទៅហើយក្នុងជន្មាយុ៧៧ ឆ្នាំ ដោយរោគគាពាធ។

បន្ទាប់ពីលេចចេញ នូវដំណឹងដ៏ក្រៀមក្រំនេះ មានប្រភពមួយចំនួនបានរំលឹកឡើងវិញ នូវស្នាដៃបទចម្រៀង និងខ្សែភាពយន្ដរបស់លោកស្រី។ លោកស្រី កែវ មន្ថា បានប្រឡូកក្នុងវិស័យសិល្បៈ តាំងពីដើមទសវត្ស៦០ ហើយកេរ្ដិ៍ឈ្មោះ របស់លោកចាប់ផ្ដើមល្បីខ្លាំង នៅក្នុងទសវត្ស៦០ និងដើមដើមទសវត្ស៧០។

ក្នុងចំណោមស្នាដៃបទចម្រៀងជាច្រើនបទ គេនៅចាំបទ”ខ្យល់លើកំពូលភ្នំ” របស់លោកស្រីជាងគេ។ រីឯភាពយន្ដវិញ គឺមានដូចជារឿង៖ សង្សាឧត្ដមដួងចិត្ដ និងរឿង”ស្បៃក្រហម”ជាដើម៕ Source: Sabay

Most Popular

To Top