ភ្នំពេញ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងក្រុមហ៊ុន Satair ដែលជាបុត្រសម្ព័ន្ធផ្តល់សេវាកម្មរបស់ក្រុមហ៊ុន Airbus បានចុះហត្ថលេខាផ្លាស់ប្តូរអនុស្សរណៈនៃការ យោគយល់គ្នាជាយុទ្ធសាស្ត្រ (MOU) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការយូរអង្វែងលើខ្សែ ចង្វាក់ផ្គត់ផ្គង់អាកាសចរណ៍ ការគ្រប់គ្រងសម្ភារបរិក្ខារ និងដំណោះស្រាយវដ្តជីវិតយន្តហោះ។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្នុងអំឡុងវេទិកាធុរកិច្ចវៀតណាម-ដាណឺម៉ាក នៅរដ្ឋធានីកូពែនហាក ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម រួមជាមួយព្រះចៅអធិរាជ ហ្វ្រេដេរិក ទី១០ (King Frederik X) នៃប្រទេសដាណឺម៉ាក ព្រមទាំងឥស្សរជន ជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ផ្អែកលើភាពជោគជ័យនៃកម្មវិធីសេវាកម្មសម្ភាររួមបញ្ចូលគ្នា (Integrated Material Services – IMS) នាពេលបច្ចុប្បន្ន ដែលកំពុងទ្រទ្រង់ដល់កងយន្តហោះ Airbus ដ៏ធំធាត់របស់ Vietjet កិច្ចព្រមព្រៀងជា យុទ្ធសាស្ត្រនេះ បានកំណត់ក្របខ័ណ្ឌការងារដើម្បីស្វែងរកដំណោះស្រាយសម្ភារបន្ថែម ការធ្វើទំនើបកម្ម ប្រព័ន្ធឌីជីថល និងការពង្រឹងភាពធន់នៃប្រតិបត្តិការហោះហើរ។
ក្រោមខ្លឹមសារនៃអនុស្សរណៈនេះ ស្ថាប័នទាំងពីរគ្រោងនឹងបង្កើតក្រុមការងាររួមមួយ ដើម្បីវាយតម្លៃ និងអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យស្នូលចំនួន ៦ រួមមាន៖

១. ការពង្រីកសេវាកម្មសម្ភាររួមគ្នា (IMS)៖ បង្កើនប្រសិទ្ធភាពកម្មវិធី IMS បច្ចុប្បន្ន រួមទាំង លទ្ធភាពទទួលបានសម្ភារ ការរៀបចំលទ្ធកម្ម ការធ្វើផែនការ និងការបែងចែកស្តុកសម្ភារឱ្យស្របតាមការ កើនឡើងយ៉ាងឆាប់រហ័សនៃកងយន្តហោះ និងបណ្តាញជើងហោះហើរអន្តរជាតិរបស់ Vietjet។
២. ការអភិវឌ្ឍមជ្ឈមណ្ឌលអាកាសចរណ៍ឡុងថាញ់ (Long Thanh)៖ ស្វែងរកដំណោះស្រាយលើការគ្រប់ គ្រងស្តុកផ្ញើលក់ (Consignment) ការគាំទ្រសម្ភារ និងភស្តុភារកម្មអាកាសចរណ៍នៅអាកាសយានដ្ឋាន អន្តរជាតិឡុងថាញ់ ស្របតាមការអភិវឌ្ឍមូលដ្ឋានប្រតិបត្តិការរបស់ Vietjet។
៣. ដំណោះស្រាយវដ្តជីវិតយន្តហោះ និងសេដ្ឋកិច្ចវិលជុំ៖ សិក្សាលើការប្រើប្រាស់សម្ភារជជុះដែលមាន គុណភាពតាមស្តង់ដារ (USM) សេវាកម្មជួសជុល និងដោះដូរគ្រឿងបន្លាស់ ព្រមទាំងការគ្រប់គ្រងស្តុកលើសតម្រូវការ ដើម្បីបង្កើនប្រសិទ្ធភាពចំណាយពេញមួយវដ្តជីវិត និងលើកកម្ពស់ចីរភាពនៃខ្សែចង្វាក់ ផ្គត់ផ្គង់។
៤. ការវិភាគទិន្នន័យ និងសមាហរណកម្មឌីជីថល៖ ប្រើប្រាស់ប្រព័ន្ធវិភាគទិន្នន័យកម្រិតខ្ពស់ ការរួមបញ្ចូល ទិន្នន័យ និងការធ្វើផែនការតាមរយៈការព្យាករណ៍តម្រូវការ ដើម្បីបង្កើនភាពច្បាស់លាស់ក្នុងការគ្រប់គ្រង សម្ភារ និងបង្កើនប្រសិទ្ធភាពលំហូរការងារថែទាំយន្តហោះ។
៥. ការពង្រឹងការគាំទ្រប្រតិបត្តិការហោះហើរ៖ ពង្រឹងយន្តការឆ្លើយតបចំពោះយន្តហោះខូចខាតដែលត្រូវ ផ្អាកហោះហើរជាបន្ទាន់ (Aircraft-On-Ground – AOG) ការរៀបចំស្តុកក្នុងតំបន់ និងការសម្របសម្រួល ភស្តុភារកម្មពេលមានអាសន្ន ដើម្បីធានាបាននូវភាពជឿជាក់ខ្ពស់បំផុតក្នុងប្រតិបត្តិការ។
៦. ការកសាងសមត្ថភាព និងការបណ្តុះបណ្តាល៖ ផ្លាស់ប្តូរបទពិសោធក្នុងវិស័យ ចំណេះដឹងបច្ចេកទេស និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សមត្ថភាពគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់អា កាសចរណ៍នៅប្រទេសវៀតណាម។
លោក Richard Stoddart អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Satairបានមានប្រសាសន៍ថា៖ «អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងភាពជាដៃគូរីកចម្រើនឥតឈប់ឈរ របស់យើងជាមួយ Vietjet។ តាមរយៈការពង្រីកគ្រឹះដ៏រឹងមាំនៃសេវាកម្មសម្ភាររួមបញ្ចូលគ្នា (IMS) យើងរំពឹងថានឹងចូលរួមគាំទ្រដល់ការពង្រីកកងយន្តហោះរបស់ Vietjet និងសហការគ្នាអភិវឌ្ឍដំណោះ ស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាព ផ្អែកលើមូលដ្ឋានទិន្នន័យ និងអាចពង្រីកវិសាលភាពបាន ដើម្បីជួយជ្រោមជ្រែងដល់មហិច្ឆតារីកចម្រើនយូរអង្វែងរបស់ក្រុមហ៊ុន»។
លោក Nguyen Thanh Son អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Vietjet បានលើកឡើងថា៖ «ខ្សែចង្វាក់ ផ្គត់ផ្គង់ប្រកបដោយភាពសកម្ម និងប្រសិទ្ធភាព គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍកង យន្តហោះ ការពង្រីកបណ្តាញហោះហើរអន្តរជាតិ និងការលើកកម្ពស់សេវាកម្មបម្រើអ្នកដំណើររបស់ Vietjet ជាបន្តបន្ទាប់។ ភាពជាដៃគូជាមួយ Satair ផ្តល់លទ្ធភាពឱ្យយើងទាញយកអត្ថប្រយោជន៍ពីជំនាញ និងសមត្ថភាពខ្សែចង្វាក់ផ្គត់ផ្គង់លំដាប់ពិភពលោករបស់ Airbus ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការថែទាំ ព្រមទាំងត្រៀមលក្ខណៈសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ រួមទាំងអាកាសយាន ដ្ឋានអន្តរជាតិឡុងថាញ់ផងដែរ។ យើងក៏មានបំណងពង្រឹងជំនាញបច្ចេកទេសក្នុងស្រុក និងបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យអាកាសចរណ៍នៅវៀតណាម ដើម្បីចូលរួមចំណែកដល់អនាគតប្រកបដោយចីរភាព នៃឧស្សាហកម្មមួយនេះ»។
កិច្ចព្រមព្រៀងនេះ កាន់តែធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត្ររវាង Satair និង Vietjet កាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងជំរុញកិច្ចសហការលើវិស័យបច្ចេកវិទ្យាអាកាសចរណ៍ សេវាកម្ម និងការអភិវឌ្ឍធនធានមនុស្សរវាង ប្រទេសវៀតណាម និងដាណឺម៉ាក។
សម្រាប់អ្នកដំណើរមកពីប្រទេសកម្ពុជា ជើងហោះហើរប្រចាំថ្ងៃរបស់ Vietjet រវាងខេត្តសៀមរាប និងរដ្ឋធានីហាណូយ បានផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់រដ្ឋធានីនៃប្រទេសវៀតណាម ក៏ដូចជា ការតភ្ជាប់ជើងហោះហើរបន្តយ៉ាងរលូនទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ី អូស្ត្រាលី និងអឺរ៉ុប។ ស្របពេលដែល Vietjet កំពុងពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួន កិច្ចសហការជាដៃគូនេះនឹងជួយ គាំទ្រដល់ការផ្តោតយកចិត្តទុកដាក់របស់ក្រុមហ៊ុនទៅលើប្រសិទ្ធភាពប្រតិបត្តិការ និងការផ្តល់សេវាកម្ម ប្រកបដោយភាពជឿជាក់សម្រាប់អ្នកដំណើរនូវទូទាំងតំបន់។
