បច្ចេកវិទ្យា

Snapchat បិទមុខងារ «ស្វែងរកមិត្តភក្តិ» សម្រាប់កុមារនៅអង់គ្លេស ដើម្បីទប់ស្កាត់ការល្បួងតាមអនឡាញ

បរទេស៖ និយតករប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស Ofcom បានប្រកាសកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Snapchat បានចាប់ផ្តើមបិទមុខងារ «ស្វែងរកមិត្តភក្តិ» (Find Friends) ជាស្វ័យប្រវត្តិសម្រាប់អ្នកប្រើប្រាស់ជាកុមារនៅអង់គ្លេស ដែលនេះគឺជាជំហានដ៏សំខាន់មួយ ក្នុងការកាត់បន្ថយហានិភ័យនៃការល្បួងកុមារតាមប្រព័ន្ធអនឡាញ (Online Grooming) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​ជាទូទៅ មុខងារស្វែងរកមិត្តភក្តិនេះ គឺជួយឱ្យអ្នកប្រើប្រាស់អាចស្វែងរក និងបន្ថែមទំនាក់ទំនងថ្មីៗបានយ៉ាងងាយស្រួល។
​ស្ថាប័ន Ofcom បានបញ្ជាក់ថា ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យជនអនាមិក ឬជនចម្លែកកាន់តែពិបាក ក្នុងការទាក់ទងកុមារនៅលើបណ្តាញ សង្គមចែករំលែករូបភាពមួយនេះ ដែលស្ថាប័ននេះចាត់ទុកថាជាសេវាកម្មអនឡាញដ៏ធំ និងពេញនិយមបំផុតមួយដែលកុមារនៅអង់គ្លេសនិយមប្រើប្រាស់។

​កាលពីខែឧសភាកន្លងទៅ និយតករនេះបានឱ្យដឹងថា កុមារអាយុពី ៨ ទៅ ១២ឆ្នាំនៅអង់គ្លេសប្រមាណ ៣២ភាគរយបានប្រើប្រាស់ Snapchat ទោះបីជាវេទិកានេះមានការរឹតបន្តឹងអាយុអប្បបរមាត្រូវចាប់ពី ១៣ឆ្នាំឡើងទៅក៏ដោយ។

​លោក Oliver Griffiths នាយកក្រុមសុវត្ថិភាពអនឡាញរបស់ស្ថាប័ន Ofcom បានមានប្រសាសន៍ថា ការផ្លាស់ប្តូរនេះគឺ «គួរតែធ្វើតាំងពីយូរណាស់មកហើយ» ហើយនិយតករនឹងតាមដានការដាក់ពង្រាយប្រព័ន្ធការពារថ្មីរបស់ Snapchat នៅក្នុងខែនេះ។

​ក្រុមហ៊ុន Snapchat បានប្តេជ្ញាធ្វើការផ្លាស់ប្តូរបែបនេះតាំងពីខែឧសភា ហើយថ្មីៗនេះបានប្រាប់និយតករថា ការត្រួតពិនិត្យអាយុប្រកបដោយប្រសិទ្ធភាពសម្រាប់អ្នកប្រើប្រាស់អាយុក្រោម ១៨ឆ្នាំ នឹងត្រូវដាក់ឱ្យដំណើរការយ៉ាងយូរនៅដំណាច់ឆ្នាំនេះ។

​អ្នកនាំពាក្យរបស់ Snapchat បានឱ្យដឹងថា វេទិកានេះនឹង «បន្តពង្រឹងការការពាររបស់យើងស្របពេលដែលហានិភ័យមានការវិវត្ត ហើយនឹងធ្វើការដោយស្ថាបនាជាមួយស្ថាប័ន Ofcom អ្នកជំនាញសុវត្ថិភាព ក្រុមគ្រួសារ និងយុវជន ដើម្បីជួយធានាថា Snapchat នៅតែជាកន្លែងដែលមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ក្នុងការទំនាក់ទំនង និងបង្ហាញពីខ្លួនឯង។»

​កន្លងមក តែងតែមានការព្រួយបារម្ភជាយូរមកហើយអំពីការល្បួងកុមារតាមប្រព័ន្ធអនឡាញ (Online Grooming) នៅលើបណ្តាញសង្គម។

​យោងតាមការវិភាគឆ្នាំ២០២៥ លើទិន្នន័យរបស់ប៉ូលីសអង់គ្លេស ដោយសង្គមជាតិសម្រាប់ការទប់ស្កាត់អំពើឃោរឃៅលើកុមារ (NSPCC) បានបង្ហាញថា ៤០ភាគរយនៃបទល្មើសដែលបានកត់ត្រាពាក់ព័ន្ធនឹងការទាក់ទងកុមារក្នុងគោលបំណងផ្លូវភេទតាមប្រព័ន្ធបណ្តាញសង្គម គឺបានកើតឡើងនៅលើ Snapchat។

​ស្ថាប័ន Ofcom បានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗដាក់ចេញនូវវិធានការប្រឆាំងការល្បួងកុមារឱ្យកាន់តែតឹងរ៉ឹង ដោយបានលើកឡើងថា ការល្បួងតាមប្រព័ន្ធអនឡាញអាចបន្សល់ទុកនូវ «ផលវិបាកដ៏ធ្ងន់ធ្ងរ និងវិនាសកម្មអស់មួយជីវិត» សម្រាប់កុមារ។

​និយតករនេះក៏បានចេញការព្រមានជាថ្មីដល់ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត ដែលខកខានក្នុងការដោះស្រាយហានិភ័យនៃការល្បួងកុមារនេះ ដោយបញ្ជាក់យ៉ាងច្បាស់ថាពួកគេអាចប្រឈមនឹងការពិន័យរហូតដល់ ១០ភាគរយនៃប្រាក់ចំណូលសកលរបស់ពួកគេ។

ប្រែសម្រួល៖ គីរី

Most Popular

To Top