បច្ចេកវិទ្យា

Amazon ដាក់ឱ្យប្រើប្រាស់មុខងារ ទិញទំនិញតាមរយៈសារអត្ថបទ ដំណើរការដោយ Alexa

​បរទេស៖ ក្រុមហ៊ុន Amazon កាលពីថ្ងៃសុក្របានប្រកាសថា អតិថិជននៅសហរដ្ឋអាមេរិកនឹងអាចប្រើប្រាស់មុខងារ «Alexa សម្រាប់ការទិញទំនិញ (Alexa for Shopping)» ដែលជាជំនួយការទិញទំនិញដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន ដើម្បីស្វែងរកផលិតផល និងធ្វើការបញ្ជាទិញតាមរយៈសារអត្ថបទបាន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ក្រុមហ៊ុន Amazon បានបញ្ជាក់ថា មុខងារនេះកំពុងដាក់ឱ្យប្រើប្រាស់សាកល្បង សម្រាប់ក្រុមអតិថិជនអាមេរិក តូចមួយដែលទទួលបានការអញ្ជើញជាមុនសិន មុននឹងឈានទៅដល់ការដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

​ការដាក់ឱ្យដំណើរការមុខងារថ្មីនេះ ធ្វើឡើងបន្ទាប់ពីចំណាត់ការថ្មីៗរបស់ក្រុមហ៊ុន Amazon ក្នុងការរារាំងភ្នាក់ងារទិញទំនិញ AI របស់ក្រុមហ៊ុន Meta ដែលមានឈ្មោះថា Muse មិនឱ្យចូលប្រើប្រាស់ទីផ្សាររបស់ខ្លួន ដោយក្រុមហ៊ុនបានលើកឡើងថា ឧបករណ៍នោះហាក់ដូចជាបានចូល ទាញយកទិន្នន័យពីហាងអនឡាញរបស់ខ្លួនដោយគ្មានការអនុញ្ញាត ព្រមទាំងបានរក្សាទុកព័ត៌មានសម្ងាត់របស់អតិថិជនថែមទៀតផង។

គួររំលឹកផងដែរថា កាលពីខែមីនាកន្លងទៅ ក្រុមហ៊ុន Amazon ក៏ធ្លាប់ទទួលបានដីកាពីតុលាការក្នុងការរារាំងភ្នាក់ងារទិញទំនិញរបស់ក្រុមហ៊ុន Perplexity ដែលមានឈ្មោះថា Comet ផងដែរ ទោះបីជាសាលាឧទ្ធរណ៍សហរដ្ឋអាមេរិកបានច្រានចោលបម្រាមនេះវិញកាលពីខែសីហាក៏ដោយ។ បច្ចុប្បន្ន សំណុំរឿងមួយនេះកំពុងបន្តដំណើរការដោះស្រាយនៅឡើយ។

ប្រែសម្រួល៖ គីរី

Most Popular

To Top