សិល្បៈ និង កម្សាន្ត

Blackpink មិនមានឈ្មោះក្នុងបញ្ជីកិច្ចសន្យា ចុងក្រោយរបស់ YG Entertainment តើនេះមានន័យយ៉ាងណាសម្រាប់អនាគតរបស់ក្រុម?

បរទេស៖ សកម្មភាពនាពេលអនាគត របស់ក្រុមចម្រៀងនារី Blackpink នៅតែស្ថិតក្នុង ភាពមិនប្រាកដប្រជា បន្ទាប់ពីឈ្មោះរបស់ពួកគេមិន ត្រូវបានរាប់បញ្ចូល ក្នុងបញ្ជីឈ្មោះសិល្បករក្រោមកិច្ចសន្យាផ្តាច់មុខចុងក្រោយបង្អស់របស់ផលិតកម្ម YG Entertainment​។

យោងតាមសារព័ត៌មាន Korea JoongAng Daily របាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៣ របស់ YG ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ (ទី១៦ ខែវិច្ឆិកា) បានបង្ហាញឈ្មោះសិល្បករត្រឹមតែ ៤ ក្រុម/រូបប៉ុណ្ណោះដែលស្ថិតក្រោមកិច្ចសន្យាផ្តាច់មុខគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា រួមមាន Babymonster, Winner, Treasure និងតារាចម្រៀងរ៉េបទោល Eun Ji-won។ ចំណែកក្រុម Blackpink ដែលមានសមាជិក Jennie, Rosé, Lisa និង Jisoo មិនមានវត្តមានក្នុងបញ្ជីនោះឡើយ។

ក្រុមចម្រៀងដែលទើបតែប្រារព្ធខួបគម្រប់ ១០ ឆ្នាំរបស់ខ្លួនកាលពីខែសីហានេះ ធ្លាប់មានឈ្មោះនៅក្នុងរបាយការណ៍កិច្ចសន្យារបស់ YG ជានិច្ច ចាប់តាំងពីបានបន្តកិច្ចសន្យាសម្រាប់សកម្មភាពក្រុមកាលពីខែធ្នូ ឆ្នាំ២០២៣ រួមទាំងនៅក្នុងរបាយការណ៍ពាក់កណ្តាលឆ្នាំរបស់ក្រុមហ៊ុនដែលចេញផ្សាយកាលពីខែសីហា ឆ្នាំ២០២៦ ផងដែរ។ ការបាត់ឈ្មោះចេញពីរបាយការណ៍ចុងក្រោយនេះ បានបង្កជាចម្ងល់ថា តើកិច្ចសន្យារបស់សមាជិកទាំងអស់ជាមួយ YG មានការផ្លាស់ប្តូរដែរឬទេ។

ទោះជាយ៉ាងណាក៏ដោយ YG មិនបានបញ្ជាក់ថា ក្រុមនេះត្រូវបានរំសាយ ឬកិច្ចព្រមព្រៀងជាមួយសមាជិកត្រូវបានបញ្ចប់នោះឡើយ។ ឆ្លើយតបនឹងសេចក្តីរាយការណ៍នេះកាលពីថ្ងៃចន្ទ YG បានឱ្យដឹងថា សមាជិកទាំង ៤ រូបកំពុងផ្តោតលើអាជីពទោលរៀងៗខ្លួន ខណៈដែលការពិភាក្សាអំពីសកម្មភាពក្រុមនាពេលអនាគតគឺ «កំពុងដំណើរការ»។

ក្រុមហ៊ុនបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងគោរពតាមបំណងប្រាថ្នារបស់សមាជិកក្នុងការផ្តោតលើសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ពេលបច្ចុប្បន្ន»។

គួររំឭកថា Blackpink បានបង្ហាញខ្លួនដំបូងក្រោមផលិតកម្ម YG Entertainment កាលពីខែសីហា ឆ្នាំ២០១៦ និងបានក្លាយជាក្រុមចម្រៀងនារី K-pop ដ៏ល្បីល្បាញបំផុតមួយលើឆាកអន្តរជាតិ។ កាលពីខែធ្នូ ឆ្នាំ២០២៣ ខណៈដែលសមាជិកទាំង ៤ បានបន្តកិច្ចសន្យាជាមួយ YG សម្រាប់សកម្មភាពក្រុម ពួកគេមិនបានបន្តកិច្ចសន្យាផ្តាច់មុខសម្រាប់សកម្មភាពទោលជាមួយផលិតកម្មនេះឡើយ។ Jennie បានបង្កើតផលិតកម្មផ្ទាល់ខ្លួនឈ្មោះ Odd Atelier, Jisoo បានបង្កើត Blissoo, Lisa បានបង្កើត Lloud ចំណែក Rosé បានចុះកិច្ចសន្យាជាមួយ The Black Label ដែលបង្កើតឡើងដោយផលិតករជើងចាស់របស់ YG គឺលោក Teddy។

Blackpink បានចាប់ផ្តើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោក Deadline World Tour កាលពីខែកក្កដា ឆ្នាំ២០២៥ ដោយបានសម្តែងនៅទូទាំងអាស៊ី អាមេរិកខាងជើង និងអឺរ៉ុប មុនពេលបញ្ចប់នៅទីក្រុងហុងកុងកាលពីខែមករា ឆ្នាំ២០២៦។ ក្រោយមក ក្រុមនេះបានចេញផ្សាយមីនីអាល់ប៊ុមទី៣ របស់ខ្លួនដែលមានចំណងជើងថា «Deadline» កាលពីខែកុម្ភៈ ឆ្នាំ២០២៦។ បើយោងតាម Korea JoongAng Daily ស្នាដៃចុងក្រោយរបស់ Blackpink នៅតែត្រូវបានរាយឈ្មោះនៅក្នុងផ្នែកទិដ្ឋភាពទូទៅនៃអាជីវកម្មក្នុងរបាយការណ៍ត្រីមាសទី៣ របស់ YG ដដែល ទោះបីជាក្រុមនេះមិនមានឈ្មោះក្នុងបញ្ជីកិច្ចសន្យាផ្តាច់មុខក៏ដោយ។

ប្រែសម្រួល៖​ គីរី

Most Popular

To Top