ភ្នំពេញ៖ក្រោយពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយស្មារតីកីឡាដ៏គួរឲ្យកោតសរសើររបស់កីឡាករវាយកូនឃ្លីលើតុ គណៈកម្មការបានរកឃើញម្ចាស់ជ័យលាភីឆ្នើមប្រចាំការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកពានរង្វាន់ «ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ» លើកទី១ ឆ្នាំ២០២៦ ទាំងលើវិញ្ញាសាគូបុរស និងវិញ្ញាសាឯកត្តជនបុរស។
នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោកលោក ឆាយ ថងឌី ហ៊ុន ម៉ានី បានផ្តល់កិត្តិយសប្រគល់ពានរង្វាន់ មេដាយ និងបណ្ណសរសើរ ជូនដល់កីឡាករជ័យលាភី ព្រមទាំងបានប្រគល់ បណ្ណថ្លែងអំណរគុណ ជូនដល់ក្រុមការងាររៀបចំការប្រកួត និងគណៈកម្មការបច្ចេកទេសនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសកម្ម ធ្វើឲ្យការប្រកួតកីឡាលើកទី១។
ជាលទ្ធផលផ្លូវការសម្រាប់វិញ្ញាសាគូបុរស៖កីឡាករ ប្រាក់ កុសុមស៊ុនដេត និងកីឡាករ ម៉េង ម៉ង់ទិត ដណ្តើមបានជើងឯក បន្ទាប់ពីយកឈ្នះលើកីឡាករ ទិត សុរិន្ទ និងកីឡាករ សូផាន ខេមរិន្ទ ក្នុងលទ្ធផល ៣ សិតទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រ ចំណែកកីឡាករ សួន ជាថា និងកីឡាករ អុប ប៊ុនណាង និងកីឡាករ ម៉ុន ប៊ុនថេង និងកីឡាករ ឱម សុវណ្ណមលី ទទួលបានមេដាយសំរិទ្ធ។
ចំណែក វិញ្ញាសាឯកត្តជនបុរស៖កីឡាករ ងន់ ម័រ ដណ្តើមបានជើងឯក (មេដាយមាស ) ក្រោយពីយកឈ្នះលើកីឡាករ សោម សាវេត ក្នុងលទ្ធផល ៣ សិតទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ និងកីឡាករ ប៉ិច សៀកឡេង និងកីឡាករ សុំ ពន្លេច ទទួលបានមេដាយសំរិទ្ធ។
ការប្រកួតកីឡានេះ រៀបចំឡើងដោយ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យមុខងារសាធារណៈ សហការជាមួយ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងគោលបំណងលើកកម្ពស់វិស័យកីឡា បំផុសស្មារតីស្រឡាញ់សុខភាព និងរឹតចំណងសាមគ្គីភាព មិត្តភាព រវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក្នុងវិស័យមុខងារសាធារណៈ៕
ដោយ៖លី ភីលីព







