បរទេស៖ ខ្សែបម្រើ Declan Rice បានវាយបកទៅកាន់លោក Graeme Souness បន្ទាប់ពីវីរបុរសរបស់ក្លឹប Liverpool រូបនេះបានរិះគន់ជាសាធារណៈដោយចោទប្រកាន់គេថាបាន "លួចបន្លំ" (cheating/គេចវេះតួនាទី) តាមរយៈការឧស្សាហ៍ថយចុះមកលេងនៅតំបន់ការពារសម្រាប់ក្រុម Arsenal។ ខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះ បានឆ្លើយតបដោយលើកឡើងពីចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី និងការបញ្ជូនបាល់ (Assists) របស់ខ្លួនចាប់តាំងពីផ្លាស់មកចូលរួមជាមួយកាំភ្លើងធំ ដោយបានប្រើប្រាស់កីឡាករ Harry Kane ជាឧទាហរណ៍បញ្ជាក់ថាទម្រង់នៃការលេងបាល់ទាត់សព្វថ្ងៃមានការផ្លាស់ប្តូរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
Rice បានឆ្លើយតបទៅកាន់ Souness បន្ទាប់ពីអតីតប្រធានក្រុម និងជាអ្នកចាត់ការក្លឹប Liverpool រូបនេះ បានអះអាងថា រូបគេចំណាយពេលច្រើនពេកក្នុងការថយមកលេងក្បែរខ្សែការពារ។ យោងតាមសារព័ត៌មាន Liverpool Echo លោក Souness តែងតែទាមទារចង់ឃើញទម្រង់លេងដ៏ល្អជាងនេះពីតារាឆ្នើមរបស់ Arsenal ដោយបានលើកឡើងថា៖ "ខ្ញុំគិតថាគេប្រហែលជាចង់លេងខ្សែការពារកណ្តាលហើយ។ គេតែងតែថយទៅឈរនៅទីនោះរហូត។ វាគឺជាការលេងបន្លំតួនាទី (cheating)។ វាជាស្ទីលលេងតំបន់បម្រើរបស់មនុស្សចាស់។"
Rice បានក្លាយជាខ្សែបម្រើដ៏ឆ្នើមបំផុតម្នាក់របស់អង់គ្លេស ចាប់តាំងពីការផ្ទេរក្នុងតម្លៃ ១០០លានផោន ពីក្លឹប West Ham កាលពីបីឆ្នាំមុន ដោយបានជួយឱ្យ Arsenal ឈ្នះពានរង្វាន់ Premier League កាលពីរដូវកាលមុន មុនពេលពួកគេរងបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ Champions League។
ជាជាងការខឹងសម្បារតបត Rice បានចង្អុលបង្ហាញពីលទ្ធផលនៃការលេងរបស់គេនៅ Arsenal ដែលគេស៊ុតបញ្ចូលទីបាន ២២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម (Assist) ចំនួន ៣៦ដង ក្នុងការបង្ហាញខ្លួន ១៧៣ប្រកួត។ គេបាននិយាយបញ្ចើចថា៖ "សម្រាប់តំណែងខ្សែការពារកណ្តាល ខ្ញុំគិតថាតួលេខស្ថិតិរបស់ខ្ញុំមិនអន់នោះទេ។ ស្ថិតិរបស់ខ្ញុំតាំងពីចូលរួមជាមួយ Arsenal បានបញ្ជាក់យ៉ាងច្បាស់ពីរឿងនេះ។"
"ខ្ញុំគិតថាខ្ញុំមានស្ថិតិបញ្ជូនបាល់ (Assists) និងស៊ុតបញ្ចូលទីច្រើន ហើយក្នុងនាមជាខ្សែការពារកណ្តាលលំដាប់កំពូលម្នាក់ ដែលទទួលបានតួលេខបែបនេះ ខ្ញុំពិតជារីករាយណាស់។ មើលចុះ លោក Graeme គាត់មានមតិរបស់គាត់។ និយាយតាមត្រង់ ខ្ញុំគិតថាគាត់មានមតិរិះគន់បែបនេះតាំងពីខ្ញុំនៅលេងឱ្យ West Ham មកម៉្លេះ។ ប៉ុន្តែវាជារឿងធម្មតាទេ ក្នុងនាមជាអតីតកីឡាករអាជីពម្នាក់ អ្នកប្រាកដជាមានមតិយោបល់លើរឿងអ្វីមួយជាមិនខាន។"
លោក Souness ធ្លាប់ឈ្នះពានរង្វាន់ធំៗចំនួន ១២ ក្នុងនាមជាខ្សែបម្រើរបស់ក្លឹប Liverpool ចន្លោះឆ្នាំ ១៩៧៨ ដល់ ១៩៨៤ ហើយចាប់តាំងពីពេលនោះមក លោកបានសាងកេរ្តិ៍ឈ្មោះជាអ្នកវិភាគបាល់ទាត់ដ៏ត្រង់ទៅត្រង់មកម្នាក់។
យ៉ាងណាមិញ Rice បានសង្កត់ធ្ងន់ថាគ្មានការគុំកួនគ្នារវាងពួកគេឡើយ ដោយបញ្ជាក់ថា៖ "ខ្ញុំបានឃើញទស្សនៈរបស់គាត់។ ខ្ញុំមិនអាចផ្លាស់ប្តូរមតិរបស់គាត់បានទេ។ ខ្ញុំអាចធ្វើបានតែអ្វីដែលខ្ញុំត្រូវធ្វើ គឺចូលទីលាន បង្ហាញទម្រង់លេងឱ្យបានល្អ និងមិនខ្វល់ពីសំឡេងរិះគន់ខាងក្រៅ។ ខ្ញុំមិនអាចនិយាយអ្វីបានច្រើនទេ ព្រោះគាត់លេងតាំងពីយូរណាស់មកហើយ គឺមុនជំនាន់ខ្ញុំទៅទៀត ខ្ញុំមិនសូវបានឃើញទម្រង់លេងរបស់លោក Graeme កាលគាត់នៅជាកីឡាករនោះទេ។"
ប្រែសម្រួល៖ គីរី
