កីឡា

បរាជ័យ ៤ប្រកួតជាប់គ្នា! តែប្រធានក្រុមអូស្ត្រាលី នៅតែមើលឃើញ សញ្ញាវិជ្ជមាន ក្រោយប៉ះស្កុតឡែន

បរទេស ៖ ក្រុមបាល់ឱបជម្រើសជាតិអូស្ត្រាលី ទទួលបរាជ័យជាលើកទី៤ ជាប់ៗគ្នា ជាមួយនឹងការចាញ់ក្រុមស្កុតឡែន ក្នុងលទ្ធផល ១៥-១២ នៃព្រឹត្តិការណ៍ប្រកួតជើងឯក Nations Championship កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែទោះជាយ៉ាងណា ប្រធានក្រុម លោក Harry Wilson បានលើកឡើងថា ក្រុមរបស់លោកបានបង្ហាញសញ្ញា នៃការរីកចម្រើនយ៉ាងច្បាស់លាស់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​ការប្រកួតនៅកីឡដ្ឋាន Murrayfield នេះ គឺជាការប្រកួតប្រជែង ដែលមានភាពប្រហាក់ប្រហែលគ្នាច្រើន បើប្រៀបធៀបទៅនឹងការបរាជ័យ ក្នុងកំណត់ត្រាដ៏អាក្រក់របស់អូស្ត្រាលី ក្រោមថ្វីជើងអង់គ្លេសក្នុងខែនេះ និងការចាញ់យ៉ាងចាស់ដៃក្រោមថ្វីជើងក្រុម All Blacks (នូវែលសេឡង់) ក្នុងការប្រកួត Bledisloe Cup ចំនួនពីរលើក កាលពីខែតុលា។

​កីឡាករ Wilson បានប្រាប់អ្នកសារព័ត៌មានថា៖ “ខ្ញុំមានការខកចិត្តចំពោះលទ្ធផលនេះ ពីព្រោះយើងមកទីនេះដើម្បីឈ្នះ។ ប៉ុន្តែប្រសិនបើយើងនៅតែបន្តការរៀបចំ និងការហ្វឹកហាត់បែបនេះ ព្រមទាំងបញ្ចេញទម្រង់លេងបែបនេះទៀតនោះ យើងនឹងទទួលបានជ័យជម្នះកាន់តែច្រើន។”

​ការបរាជ័យនេះ បានបន្ថែមសម្ពាធកាន់តែខ្លាំងទៅលើគ្រូបង្វឹក លោក Les Kiss ដែលទើបតែចូលកាន់តំណែងកាលពីខែសីហា និងធ្លាប់បានដឹកនាំក្រុមមិនដែលចាញ់សោះក្នុងការប្រកួតតេស្ត (Test matches) ៥លើកដំបូងរបស់លោក មុនពេលលទ្ធផលបានធ្លាក់ចុះយ៉ាងគំហុក។ បញ្ហានេះបាននាំឱ្យមានចម្ងល់អំពីសមត្ថភាពប្រកួតប្រជែងរបស់ក្រុម មុនឈានដល់ព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយ ដែលអូស្ត្រាលីត្រូវធ្វើជាម្ចាស់ផ្ទះ។

​នៅពេលត្រូវបានសួរថាតើលោកមានពេលវេលាគ្រប់គ្រាន់ក្នុងការកែប្រែស្ថានការណ៍ក្រុម មុនការប្រកួតព្រឹត្តិការណ៍ចាប់ពីថ្ងៃទី១ តុលា ដល់ទី១៣ វិច្ឆិកា ដែរឬទេ, លោក Kiss បានប្រាប់អ្នកសារព័ត៌មានថា៖ “នេះគឺជាពេលវេលាដែលយើងមាន។ ខ្ញុំបាននិយាយតាំងពីដើមមកថា យើងសប្បាយចិត្តនឹងពេលវេលាដែលយើងមាននេះ។”

​លោកបានបន្ថែមថា៖ “ឥឡូវនេះ យើងមានការប្រកួតតេស្តដ៏សំខាន់ចំនួន ២ ទៀតសម្រាប់ពួកយើង ដោយចាប់ផ្តើមជាមួយនឹងការប្រកួតទល់នឹងប្រទេសវែល (Wales) នៅសប្តាហ៍ក្រោយ ដូច្នេះត្រូវបន្តពង្រឹងលើចំណុចដែលយើងកំពុងព្យាយាមកែលម្អ។ ខ្ញុំពិតជាគិតថាមានឱកាសគ្រប់បែបយ៉ាងដែលនឹងមានការរីកចម្រើន ក្នុងន័យថាយើងដឹងថាយើងអាចប្រកួតប្រជែងបានយ៉ាងល្អ និងឆ្ពោះទៅកាន់ការប្រកួត World Cup នោះដោយក្តីជឿជាក់។”

​គួរបញ្ជាក់ថា ក្រុមអូស្ត្រាលី ដែលបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាង Nations Championship ប្រចាំតំបន់អឌ្ឍគោលខាងត្បូង (Southern Hemisphere) នឹងត្រូវប្រកួតជាមួយក្រុមវែល នៅទីក្រុងខាឌីហ្វ (Cardiff) នាថ្ងៃសៅរ៍ខាងមុខនេះ។

ប្រែសម្រួល៖ គីរី

Most Popular

To Top