កីឡា

លោក ដួង មាសចំរើន ៖ រាល់ព្រឹត្តិការណ៍ ឬកម្មវិធីរត់ប្រណាំង គ្មានលិខិតអនុញ្ញាត សហការពីសហព័ន្ធខ្មែរ អត្តពលកម្មស័្មគ្រចិត្ត ត្រូវចាត់ទុកជា «កម្មវិធីគ្មានអនុលោមភាព »

ភ្នំពេញ ៖ លោក ដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស័្មគ្រចិត្ត បានមានប្រសាសន៍ថា សហព័ន្ធបានពិនិត្យឃើញថា មានព្រឹត្តិការណ៍ ឬកម្មវិធីរត់ប្រណាំងជាច្រើន បានរៀបចំឡើងដោយគ្មានការអនុញ្ញាត ឬកិច្ចសហការរៀបចំ ផ្នែកបច្ចេកទេសពីសំណាក់សហព័ន្ធឡើយ ជាហេតុដែលនាំឲ្យប៉ះពាល់ដល់លក្ខណៈបច្ចេកទេសនៃការរៀបចំព្រឹត្តការណ៍ ឬកម្មវិធីរត់ប្រណាំង និងសុវត្ថិភាពអ្នកចូលរួម ដូចនេះដើម្បីធានាអនុលោមភាព បច្ចេកទេស សុវត្ថិភាពខ្ពស់សម្រាប់អ្នករត់ តម្លាភាព សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍វិស័យកីឡារត់ ។

លោក ដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស័្មគ្រចិត្ត បានលើឡើងនាថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០២៦ ក្នុងឱកាសពិធីសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍រត់ប្រណាំងជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៦ ចម្ងាយ ១០ គីឡូម៉ែត្រ នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជនក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក សែម ផល្លា នាយកប្រវតិបត្តិនៃគណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុង។

លោកប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស័្មគ្រចិត្ត បានបន្តថា សហព័ន្ធក្នុងនាមជាស្ថាប័នកីឡាជាតិតែមួយគត់ ទទួលខុសត្រូវ និងមានសិទ្ធិអំណាចផ្លូវច្បាប់ក្នុងការគ្រប់គ្រង ដឹកនាំ សម្របសម្រួល និងបញ្ជាក់ទទួលស្គាល់រាល់ការរៀបចំព្រឹត្តិការណ៍ ឬកម្មវិធីរត់គ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានសម្រេចដាក់ចេញនូវវិធានការ និងការស្នើសុំការរៀបចំតាមប្រភេទកម្រិតព្រឹត្តិការណ៍ ឬកម្មវិធីរត់ប្រណាំង ដូចខាងក្រោម៖
ព្រឹត្តិការណ៍ ឬកម្មវិធីរត់ប្រណាំងកម្រិតទាបសំដៅលើកម្មវិធីរត់កម្សាន្តកម្រិតសហគមន៍ ឬសប្បុរសធម៌ ចម្ងាយត្រឹម ៣គីឡូម៉ែត្រ ឬ ៥គីឡូម៉ែត្រ (រួមទាំង Night Run កម្រិតតូច)។ សម្រាប់កម្មវិធីកម្រិតនេះមានអ្នកចូលរួមលើស ពី១០០នាក់ ឡើងទៅ ភាគីរៀបចំត្រូវដាក់ពាក្យស្នើសុំ «លិខិតអនុញ្ញាតបច្ចេកទេស» មកកាន់អគ្គលេខាធិការដ្ឋានសហព័ន្ធខ្មែរ អត្តពលកម្ម ស័្មគ្រចិត្ត យ៉ាងតិច ៣០ ថ្ងៃ មុនកាលបរិច្ឆេទប្រកាសផ្សព្វផ្សាយ ឬស្វែងរកការឧបត្ថម្ភ ដើម្បីឱ្យសហព័ន្ធខ្មែរ អត្តពលកម្ម ស័្មគ្រចិត្ត មានពេលវេលាគ្រប់គ្រាន់ក្នុងការពិនិត្យ និងសម្រេចលើពាក្យស្នើសុំ ។

ព្រឹត្តិការណ៍ ឬកម្មវិធីរត់ប្រណាំងកម្រិតខ្ពស់ សំដៅលើកម្មវិធីរត់ប្រណាំងចម្ងាយ ១០គីឡូម៉ែត្រ, Half Marathon (21km), Full Marathon (42km), Ultra Marathon និង Trail Run។ សម្រាប់កម្មវិធីកម្រិតនេះ អ្នករៀបចំកម្មវិធីដាច់ខាតត្រូវតែដាក់ពាក្យស្នើសុំមកកាន់អគ្គលេខាធិការដ្ឋានសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត ក្រោមទម្រង់ «ជាកិច្ចសហការ / ដៃគូរៀបចំផ្លូវការ» រវាងភាគីរៀបចំ និងសហព័ន្ធ ដោយមានភ្ជាប់មកជាមួយនឹងគម្រោងរៀបចំ តម្រាយផ្លូវនិងគោលបំណងជាលាយលក្ខណ៍អក្សរច្បាស់លាស់ យ៉ាងតិច ៣០ ថ្ងៃ មុនកាលបរិច្ឆេទប្រកាសផ្សព្វផ្សាយ ឬស្វែងរកការឧបត្ថម្ភ ដើម្បីឲ្យសហព័ន្ធមានពេលវេលាគ្រប់គ្រាន់ក្នុងការពិនិត្យ និងសម្រេចលើពាក្យស្នើសុំ ។

លោក ដួង មាសចំរើន បានបន្ថែមថា ចំពោះព្រឹត្តិការណ៍ ឬកម្មវិធីរត់ប្រណាំងកម្រិតខ្ពស់ ភាគីរៀបចំកម្មវិធីត្រូវធ្វើការពិភាក្សា និងទទួលបានការឯកភាពជាមុនពីសហព័ន្ធខ្មែរ អត្តពលកម្ម ស័្មគ្រចិត្តលើបញ្ជីឈ្មោះក្រុមហ៊ុន ឬដៃគូឧបត្ថម្ភ។ ភាគីរៀបចំមិនត្រូវទទួលការឧបត្ថម្ភពីក្រុមហ៊ុនណា មានផលិតផល ឬសេវាកម្មជាន់គ្នាជាមួយនឹង «ដៃគូឧបត្ថម្ភយុទ្ធសាស្ត្រថ្នាក់ជាតិ» របស់សហព័ន្ធឡើយលុះត្រាតែមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីប្រធានសហព័ន្ធ។

រាល់ព្រឹត្តិការណ៍ ឬកម្មវិធីរត់ប្រណាំងណាដែលរៀបចំឡើងដោយគ្មាន «លិខិតអនុញ្ញាតបច្ចេកទេស» ឬ «កិច្ចសន្យាកិច្ចសហការ» ពីសហព័ន្ធខ្មែរ អត្តពលកម្ម ស័្មគ្រចិត្ត ត្រូវចាត់ទុកជា «កម្មវិធីគ្មានអនុលោមភាព » ហើយ លទ្ធផលនៃការប្រកួត និងថេរវេលារបស់អ្នករត់ នឹងមិនត្រូវបានទទួលស្គាល់ក្នុងបញ្ជីទិន្នន័យផ្លូវការជាតិ ឬអន្តរជាតិឡើយ។ ម្យ៉ាងវិញទៀតភាគីរៀបចំត្រូវទទួលខុសត្រូវទាំងស្រុងនៅពេលមានឧបទ្ទវហេតុកើតមានឡើង ។ ហើយសហព័ន្ធនឹងចុះហាមឃាត់ ឬផ្អាកកម្មវិធីរត់ដែលគ្មានអនុលោមភាពនោះ ដោយមានកិច្ចសហការជាមួយអាជ្ញាធរ មូលដ្ឋាន ឬ ស្ថាប័នដែលពាក់ព័ន្ធ ៕

Most Popular

To Top