សិល្បៈ និង កម្សាន្ត

តារាសម្តែង Ben Affleck ទម្លាយរឿងរ៉ាវដ៏អាក្រក់ នៅពីក្រោយការថតរឿង ‘Justice League’ ដែលជាការធ្លាក់ចុះបំផុតក្នុងអាជីពរបស់ខ្លួន

ហូលីវូដ ៖ តារាសម្តែង និងជាអ្នកដឹកនាំរឿងល្បីឈ្មោះលោក Ben Affleck បានទម្លាយឱ្យដឹងថា ការចូលរួមថតខ្សែភាពយន្តវីរបុរស “Justice League” កាលពីឆ្នាំ២០១៧ គឺជាបទពិសោធន៍ដ៏អវិជ្ជមាន និងជា “ចំណុចធ្លាក់ចុះបំផុត” នៅក្នុងអាជីពជាអ្នកសិល្បៈរបស់លោក ដោយលោកបានចាត់ទុកកាលៈទេសៈនៅពេលនោះថាជា “រឿងដ៏អាក្រក់ និងគួរឱ្យខ្ពើមរអើមបំផុត” នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន The Hollywood Reporter ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

​នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយលោក Josh Horowitz ក្នុងកម្មវិធីផតខាស (Podcast) “Happy Sad Confused” តារាសម្តែងដែលដើរតួជា Bruce Wayne (Batman) រូបនេះ បានបើកកកាយអំពីមូលហេតុដែលធ្វើឱ្យការផលិតភាពយន្តនេះ ក្លាយជាបទពិសោធន៍ដ៏អាក្រក់សម្រាប់លោក។

​លោក Affleck បានសារភាពថា៖ “ការពិតទៅ បទពិសោធន៍នៃការថតរឿង Justice League គឺពិតជាអវិជ្ជមានខ្លាំងមែនទែនសម្រាប់ខ្ញុំ ដោយសារហេតុផលផ្សេងៗគ្នាជាច្រើន។ ហេតុផលទាំងនោះរួមមានស្ថានភាពផ្ទាល់ខ្លួនរបស់ខ្ញុំ សោកនាដកម្មដែលបានកើតឡើងក្នុងអំឡុងពេលនោះ និងការពិតដែលខ្ញុំបានឃើញផ្ទាល់ភ្នែកពីកំហុសក្នុងការផលិតភាពយន្ត នៅពេលដែលស្ទូឌីយោ និងអ្នកដឹកនាំរឿងមានគំនិតផ្ទុយគ្នា។ នោះហើយជាអ្វីដែលធ្វើឱ្យរឿងនេះជួបបរាជ័យ”។

​គួរបញ្ជាក់ថា បន្ទាប់ពីភាពយន្ត “Batman v Superman: Dawn of Justice” កាលពីឆ្នាំ២០១៦ ទទួលបានការរិះគន់ច្រើន និងមិនអាចរកចំណូលបានតាមការរំពឹងទុករបស់ក្រុមហ៊ុន Warner Bros. ស្ទូឌីយោមួយនេះចង់ឱ្យភាពយន្ត “Justice League” របស់អ្នកដឹកនាំរឿងលោក Zack Snyder មានសាច់រឿងស្រាលជាងមុន (Lighter tone) ដែលវាផ្ទុយស្រឡះពីចក្ខុវិស័យច្នៃប្រឌិតបែបងងឹត (Darker tone) របស់អ្នកដឹកនាំរឿងរូបនេះ។

​ក្នុងអំឡុងពេលកាត់តក្រោយការថត (Post-production) លោក Snyder បានសម្រេចចិត្តដកខ្លួនចេញពីការផលិតភាពយន្តនេះ បន្ទាប់ពីកូនស្រីរបស់លោកបានទទួលមរណភាព។ បន្ទាប់មក ស្ទូឌីយោ Warner Bros. បាននាំយកលោក Joss Whedon មកធ្វើជាអ្នកដឹកនាំរឿងជំនួស ដើម្បីត្រួតពិនិត្យការថតឡើងវិញ (Reshoots) យ៉ាងច្រើន ដែលទីបំផុតបានផ្លាស់ប្តូរសាច់រឿងរហូតដល់បាត់បង់អត្ថន័យដើម។

​លោក Affleck បានរំលឹកថា៖ “វាជារឿងដ៏អាក្រក់បំផុត។ ការដែលគាត់ [Snyder] ត្រូវបានគេដកចេញពីរឿងនោះ និងការថតឡើងវិញដែលពួកយើងបានធ្វើ ប្រសិនបើអ្នកចង់ដឹងពីចំណុចធ្លាក់ចុះបំផុតក្នុងអាជីពរបស់ខ្ញុំ គឺជារឿងហ្នឹងហើយ”។
​នៅពេលអ្នកសម្របសម្រួលកម្មវិធីសួរថា តើលោកមានអារម្មណ៍យ៉ាងណាពេលឃើញភាពយន្តនេះដួលរលំនៅចំពោះមុខ លោក Affleck បានឆ្លើយតបយ៉ាងត្រង់ៗថា ការយកសោកនាដកម្មនៃការធ្វើអត្តឃាតរបស់កូនស្រីលោក Snyder មកធ្វើជាលេស គឺជារឿងមួយដែលគួរឱ្យខ្ពើមរអើមបំផុត។

​លោកបានបន្ថែមទៀតថា៖ “បរិយាកាសទាំងមូល ដែលខ្ញុំបានលឺពីអ្នកដទៃទាក់ទងនឹងបទពិសោធន៍របស់ [តារាសម្តែង] Ray Fisher, Gal Gadot និងមនុស្សផ្សេងទៀត គឺវាពិតជាអាក្រក់ហួសថ្លែង”។

​ទោះជាយ៉ាងណា ជាច្រើនឆ្នាំក្រោយមក អ្នកគាំទ្រទីបំផុតទទួលបានឱកាសទស្សនាភាពយន្ត “Justice League” ជំនាន់ដើមរបស់អ្នកដឹកនាំរឿង Zack Snyder (Snyder’s Cut) ដែលត្រូវបានចេញផ្សាយនៅឆ្នាំ២០២១ នៅលើប្រព័ន្ធ HBO Max បន្ទាប់ពីមានយុទ្ធនាការទាមទារយ៉ាងខ្លាំងក្លាពីអ្នកគាំទ្រជុំវិញពិភពលោក។ ក្រុមហ៊ុន Warner Bros. បានសម្រេចចិត្តចំណាយប្រាក់ ៧០ លានដុល្លារបន្ថែម ដើម្បីបញ្ចប់ការកាត់ត និងការរចនាទិដ្ឋភាព (Visual effects) សម្រាប់កំណែថ្មីនេះ។

​ជុំវិញបញ្ហានេះ លោក Affleck បានបង្ហាញក្តីត្រេកអរយ៉ាងខ្លាំងចំពោះលោក Snyder ដោយបញ្ជាក់ថា៖ “ខ្ញុំពិតជារីករាយ និងមានមោទកភាពណាស់ដែល Zack អាចបញ្ចេញ [ស្នាដៃដើមរបស់គាត់]… វាពិតជាអស្ចារ្យណាស់ ខ្ញុំពិតជារីករាយជំនួសគាត់”។

ប្រែសម្រួល៖ គីរី

Most Popular

To Top