សេអ៊ូល៖ ប្រភពព័ត៌មានបានឱ្យដឹងកាលពីថ្ងៃពុធថា ប៉ូលិសបានបញ្ជូនសំណុំរឿង របស់អតីតនាយិកាប្រតិបត្តិ (CEO) ក្រុមហ៊ុន ADOR លោកស្រី Min Hee-jin ទៅកាន់ស្ថាប័នអយ្យការ ជុំវិញការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ទៅលើទីភ្នាក់ងារគ្រប់គ្រងក្រុមចម្រៀងនារី K-pop Illit នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Yonhap ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

លោកស្រី Min ត្រូវបានរងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកស្រី នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែមេសា ឆ្នាំ២០២៤ ដែលបានចោទប្រកាន់ថា ក្រុមចម្រៀង Illit បានលួចចម្លងស្នាដៃ (Plagiarism) ពីក្រុម NewJeans ដែលជាក្រុមចម្រៀងស្ថិតក្រោមការផលិតរបស់លោកស្រីដោយផ្ទាល់។ ឆ្លើយតបនឹងការលើកឡើងនេះ ក្រុមហ៊ុន Belift Lab ដែលជាទីភ្នាក់ងារគ្រប់គ្រងក្រុម Illit បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោកស្រី Min នៅក្នុងខែបន្ទាប់។
យោងតាមប្រភពដដែល ស្ថានីយប៉ូលិសតំបន់ Yongsan នៃទីក្រុងសេអ៊ូល បានបញ្ជូនសំណុំរឿងនេះ ទៅកាន់ស្ថាប័នអយ្យការកាលពីថ្ងៃទី១ ខែតុលា ដោយស្នើឱ្យមានការចោទប្រកាន់ផ្លូវច្បាប់លើលោកស្រី Min ពីបទបរិហារកេរ្តិ៍ និងបទរារាំងដល់ដំណើរការអាជីវកម្ម ។ អាជ្ញាធរបានចោទប្រកាន់លោកស្រី Min ថាបានផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុន Belift Lab និងក្រុមហ៊ុនមេគឺ Hybe។
ចំណាត់ការផ្លូវច្បាប់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីតុលាការបានលើកឡើងកាលពីខែមីនា ឆ្នាំ២០២៥ ថា វាជារឿងពិបាកក្នុងការសន្និដ្ឋានថា ក្រុម Illit ពិតជាបានលួចចម្លងស្នាដៃក្រុម NewJeans ស្របពេលដែលតុលាការ ក៏បានយល់ព្រមចេញដីកាសម្រេច តាមការស្នើសុំ របស់ក្រុមហ៊ុន ADOR ដើម្បីហាមឃាត់សកម្មភាព សិល្បៈឯករាជ្យរបស់សមាជិកក្រុមនេះ។
គួរបញ្ជាក់ផងដែរថា កន្លងមកសមាជិកក្រុម NewJeans ក៏ធ្លាប់បានជាប់ពាក់ព័ន្ធនឹងជម្លោះជាមួយក្រុមហ៊ុន ADOR ផងដែរ បន្ទាប់ពីលោកស្រី Min ត្រូវបានគេដកចេញ ពីតំណែងកាលពីឆ្នាំ២០២៤ ចំពេលមានភាពតានតឹងយ៉ាងខ្លាំង ជាមួយក្រុមហ៊ុនមេ Hybe។
ប្រែសម្រួល៖ គីរី
