ហូលីវូដ ៖ តារាសម្តែង និងជាអ្នកដឹកនាំរឿងល្បីឈ្មោះលោក Ben Affleck បានទម្លាយឱ្យដឹងថា ការចូលរួមថតខ្សែភាពយន្តវីរបុរស “Justice League” កាលពីឆ្នាំ២០១៧ គឺជាបទពិសោធន៍ដ៏អវិជ្ជមាន និងជា “ចំណុចធ្លាក់ចុះបំផុត” នៅក្នុងអាជីពជាអ្នកសិល្បៈរបស់លោក ដោយលោកបានចាត់ទុកកាលៈទេសៈនៅពេលនោះថាជា “រឿងដ៏អាក្រក់ និងគួរឱ្យខ្ពើមរអើមបំផុត” នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន The Hollywood Reporter ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយលោក Josh Horowitz ក្នុងកម្មវិធីផតខាស (Podcast) “Happy Sad Confused” តារាសម្តែងដែលដើរតួជា Bruce Wayne (Batman) រូបនេះ បានបើកកកាយអំពីមូលហេតុដែលធ្វើឱ្យការផលិតភាពយន្តនេះ ក្លាយជាបទពិសោធន៍ដ៏អាក្រក់សម្រាប់លោក។
លោក Affleck បានសារភាពថា៖ “ការពិតទៅ បទពិសោធន៍នៃការថតរឿង Justice League គឺពិតជាអវិជ្ជមានខ្លាំងមែនទែនសម្រាប់ខ្ញុំ ដោយសារហេតុផលផ្សេងៗគ្នាជាច្រើន។ ហេតុផលទាំងនោះរួមមានស្ថានភាពផ្ទាល់ខ្លួនរបស់ខ្ញុំ សោកនាដកម្មដែលបានកើតឡើងក្នុងអំឡុងពេលនោះ និងការពិតដែលខ្ញុំបានឃើញផ្ទាល់ភ្នែកពីកំហុសក្នុងការផលិតភាពយន្ត នៅពេលដែលស្ទូឌីយោ និងអ្នកដឹកនាំរឿងមានគំនិតផ្ទុយគ្នា។ នោះហើយជាអ្វីដែលធ្វើឱ្យរឿងនេះជួបបរាជ័យ”។

គួរបញ្ជាក់ថា បន្ទាប់ពីភាពយន្ត “Batman v Superman: Dawn of Justice” កាលពីឆ្នាំ២០១៦ ទទួលបានការរិះគន់ច្រើន និងមិនអាចរកចំណូលបានតាមការរំពឹងទុករបស់ក្រុមហ៊ុន Warner Bros. ស្ទូឌីយោមួយនេះចង់ឱ្យភាពយន្ត “Justice League” របស់អ្នកដឹកនាំរឿងលោក Zack Snyder មានសាច់រឿងស្រាលជាងមុន (Lighter tone) ដែលវាផ្ទុយស្រឡះពីចក្ខុវិស័យច្នៃប្រឌិតបែបងងឹត (Darker tone) របស់អ្នកដឹកនាំរឿងរូបនេះ។

ក្នុងអំឡុងពេលកាត់តក្រោយការថត (Post-production) លោក Snyder បានសម្រេចចិត្តដកខ្លួនចេញពីការផលិតភាពយន្តនេះ បន្ទាប់ពីកូនស្រីរបស់លោកបានទទួលមរណភាព។ បន្ទាប់មក ស្ទូឌីយោ Warner Bros. បាននាំយកលោក Joss Whedon មកធ្វើជាអ្នកដឹកនាំរឿងជំនួស ដើម្បីត្រួតពិនិត្យការថតឡើងវិញ (Reshoots) យ៉ាងច្រើន ដែលទីបំផុតបានផ្លាស់ប្តូរសាច់រឿងរហូតដល់បាត់បង់អត្ថន័យដើម។
លោក Affleck បានរំលឹកថា៖ “វាជារឿងដ៏អាក្រក់បំផុត។ ការដែលគាត់ [Snyder] ត្រូវបានគេដកចេញពីរឿងនោះ និងការថតឡើងវិញដែលពួកយើងបានធ្វើ ប្រសិនបើអ្នកចង់ដឹងពីចំណុចធ្លាក់ចុះបំផុតក្នុងអាជីពរបស់ខ្ញុំ គឺជារឿងហ្នឹងហើយ”។
នៅពេលអ្នកសម្របសម្រួលកម្មវិធីសួរថា តើលោកមានអារម្មណ៍យ៉ាងណាពេលឃើញភាពយន្តនេះដួលរលំនៅចំពោះមុខ លោក Affleck បានឆ្លើយតបយ៉ាងត្រង់ៗថា ការយកសោកនាដកម្មនៃការធ្វើអត្តឃាតរបស់កូនស្រីលោក Snyder មកធ្វើជាលេស គឺជារឿងមួយដែលគួរឱ្យខ្ពើមរអើមបំផុត។
លោកបានបន្ថែមទៀតថា៖ “បរិយាកាសទាំងមូល ដែលខ្ញុំបានលឺពីអ្នកដទៃទាក់ទងនឹងបទពិសោធន៍របស់ [តារាសម្តែង] Ray Fisher, Gal Gadot និងមនុស្សផ្សេងទៀត គឺវាពិតជាអាក្រក់ហួសថ្លែង”។
ទោះជាយ៉ាងណា ជាច្រើនឆ្នាំក្រោយមក អ្នកគាំទ្រទីបំផុតទទួលបានឱកាសទស្សនាភាពយន្ត “Justice League” ជំនាន់ដើមរបស់អ្នកដឹកនាំរឿង Zack Snyder (Snyder’s Cut) ដែលត្រូវបានចេញផ្សាយនៅឆ្នាំ២០២១ នៅលើប្រព័ន្ធ HBO Max បន្ទាប់ពីមានយុទ្ធនាការទាមទារយ៉ាងខ្លាំងក្លាពីអ្នកគាំទ្រជុំវិញពិភពលោក។ ក្រុមហ៊ុន Warner Bros. បានសម្រេចចិត្តចំណាយប្រាក់ ៧០ លានដុល្លារបន្ថែម ដើម្បីបញ្ចប់ការកាត់ត និងការរចនាទិដ្ឋភាព (Visual effects) សម្រាប់កំណែថ្មីនេះ។
ជុំវិញបញ្ហានេះ លោក Affleck បានបង្ហាញក្តីត្រេកអរយ៉ាងខ្លាំងចំពោះលោក Snyder ដោយបញ្ជាក់ថា៖ “ខ្ញុំពិតជារីករាយ និងមានមោទកភាពណាស់ដែល Zack អាចបញ្ចេញ [ស្នាដៃដើមរបស់គាត់]… វាពិតជាអស្ចារ្យណាស់ ខ្ញុំពិតជារីករាយជំនួសគាត់”។
ប្រែសម្រួល៖ គីរី
