បរទេស៖ ប៉ុន្មានថ្ងៃបន្ទាប់ពីការដាក់លក់ទូរស័ព្ទ iPhone ប្រភេទអាចបត់បានជាលើកដំបូងរបស់ខ្លួន ក្រុមហ៊ុន Apple បានទទួលស្គាល់កាលពីថ្ងៃចន្ទថា ឧបករណ៍មួយចំនួនមានបញ្ហាត្រង់អេក្រង់ ហើយបានបញ្ជាក់ថា ខ្លួននឹងធ្វើការផ្លាស់ប្តូរឧបករណ៍ថ្មីជូនអតិថិជន។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ថា ក្រុមហ៊ុន Apple បានចាប់ផ្តើមដឹកជញ្ជូនទូរស័ព្ទ iPhone Duo កាលពីសប្តាហ៍មុន ដោយមានអតិថិជននៅជុំវិញពិភពលោកបានតម្រង់ជួរគ្នាដើម្បីទិញ ខណៈដែលចំនួនទំនិញមានកំណត់ បន្ទាប់ពីការបញ្ជាទិញតាមអនឡាញដំបូងត្រូវបានលក់អស់ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ អ្នកវិភាគបានលើកឡើងថា ក្រុមហ៊ុន Apple ទំនងជានឹងជួបប្រទះបញ្ហាខ្វះខាតការផ្គត់ផ្គង់ ដោយសារតែ iPhone Duo ដែលអាចបត់បានដូចសៀវភៅលិខិតឆ្លងដែននេះ មានភាពស្មុគស្មាញក្នុងការផលិត។
នៅអំឡុងចុងសប្តាហ៍កន្លងទៅនេះ មានការបង្ហោះនៅលើបណ្តាញសង្គមដែលបង្ហាញថា ទូរស័ព្ទ iPhone Duo មានស្នាមប្រេះ និងស្នាមគំនូសនៅលើអេក្រង់ផ្នែកខាងក្នុង ត្រង់ចំណុចកណ្តាលដែលជាកន្លែងសម្រាប់បត់ទូរស័ព្ទ។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple បានទទួលស្គាល់បញ្ហានេះ កាលពីថ្ងៃចន្ទ ដោយបញ្ជាក់ថា ឧបករណ៍ដែលរងផលប៉ះពាល់ ជាធម្មតានឹងបង្ហាញបញ្ហានេះយ៉ាងឆាប់រហ័ស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Apple បានលើកឡើងថា៖ «យើងបានដឹងអំពីបញ្ហាមួយដែលប៉ះពាល់ដល់អេក្រង់ផ្នែកខាងក្នុងនៃទូរស័ព្ទ iPhone Duo ចំនួនតិចតួច។ ប្រសិនបើអ្នកប្រើប្រាស់ជួបប្រទះបញ្ហាជាមួយអេក្រង់ iPhone Duo របស់ពួកគេ ពួកគេគួរតែទាក់ទងទៅកាន់ AppleCare ដើម្បីស្នើសុំការផ្លាស់ប្តូរយកឧបករណ៍ថ្មី»។
ប្រែសម្រួលៈ តុលា
