បរទេស៖ យោងតាមការស្រាវជ្រាវថ្មីមួយពីសាកលវិទ្យាល័យ Oxford បានរកឃើញថា ការពិនិត្យប្រូតេអ៊ីននៅក្នុងឈាមរបស់បុរស អាចផ្តល់សញ្ញាប្រាប់ពីហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត (Prostate Cancer) បានមុនពេលធ្វើរោគវិនិច្ឆ័យឃើញរហូតដល់ទៅជាង ១៥ឆ្នាំ។ របកគំហើញនេះ អាចបើកផ្លូវឆ្ពោះទៅរកការវាយតម្លៃហានិភ័យ និងការការពារជំងឺនេះតាំងពីដំណាក់កាលដំបូង។
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford បានវិភាគលើសំណាកឈាមបុរសជាង ២,៥០០នាក់ ដែលបានប្រមូលចន្លោះឆ្នាំ ១៩៩២ ដល់ ២០០០។ ពួកគេបានប្រៀបធៀបសំណាកបុរសចំនួន ៩៨២នាក់ ដែលកើតជំងឺមហារីកក្រពេញប្រូស្តាត ជាមួយនឹងបុរស ១,៥៧៣នាក់ ដែលមិនមានជំងឺនេះ ដោយបានវាស់វែងប្រភេទប្រូតេអ៊ីនផ្សេងៗគ្នាជាង ៦,០០០មុខ នៅក្នុងប្លាស្មាឈាម។
ដោយសារសំណាកត្រូវបានយកច្រើនឆ្នាំមុនពេលមានការធ្វើរោគវិនិច្ឆ័យឃើញជំងឺ ក្រុមអ្នកស្រាវជ្រាវអាចសង្កេតឃើញសញ្ញាគីមីព្រមានដំបូង ពោលគឺការផ្លាស់ប្តូរនៃប្រូតេអ៊ីននៅក្នុងឈាម។ ប្រូតេអ៊ីនមួយចំនួនជាប់ពាក់ព័ន្ធនឹងហានិភ័យខ្ពស់នៃជំងឺមហារីក ខណៈប្រូតេអ៊ីនខ្លះទៀតជាប់ពាក់ព័ន្ធនឹងទម្រង់មហារីកកាចសាហាវ ឬលូតលាស់លឿន។
ផ្ទុយទៅវិញ ការសិក្សាដែលបានចុះផ្សាយក្នុងទស្សនាវដ្តី European Urology នេះ បានបង្ហាញថា បុរសដែលមានកម្រិតប្រូតេអ៊ីនប្រព័ន្ធភាពស៊ាំមួយចំនួនខ្ពស់ (ដូចជា GZMK និង ANXA2) បែរជាមានហានិភ័យទាបក្នុងការកើតជំងឺមហារីកក្រពេញប្រូស្តាតក្នុងរយៈពេលវែង។
លោកស្រី Zhe Huang អ្នករោគរាតត្បាតនៅ Oxford Population Health បានបញ្ជាក់ថា ជំងឺមហារីកក្រពេញប្រូស្តាតភាគច្រើនលូតលាស់យឺត និងមិនបង្កគ្រោះថ្នាក់ទេ ប៉ុន្តែប្រភេទខ្លះកាចសាហាវរហូតអាចគំរាមកំហែងដល់អាយុជីវិត។ របកគំហើញនេះនឹងជួយឱ្យអ្នកវិទ្យាសាស្ត្រយល់កាន់តែច្បាស់ពីជីវសាស្ត្រនៃមហារីកប្រភេទកាច និងកំណត់អត្តសញ្ញាណសញ្ញាសម្គាល់ ដើម្បីកែលម្អការវាយតម្លៃហានិភ័យនាពេលអនាគត។
អ្នកស្រាវជ្រាវបានបញ្ជាក់ថា ការរកឃើញនេះនៅមិនទាន់ក្លាយជា “តេស្តពិនិត្យរកជំងឺ (Screening test)” ផ្លូវការនៅឡើយទេ ហើយនៅត្រូវការការផ្ទៀងផ្ទាត់បន្ថែមទៀត។
គួររំលឹកផងដែរថា ជំងឺមហារីកក្រពេញប្រូស្តាត គឺជាជំងឺមហារីកដែលកើតមានញឹកញាប់បំផុតទីមួយក្នុងចំណោមបុរសនៅសហភាពអឺរ៉ុប និងលំដាប់ទីពីរនៅលើពិភពលោក បន្ទាប់ពីមហារីកសួត។ ជារៀងរាល់ឆ្នាំ នៅអឺរ៉ុបមានអ្នកជំងឺថ្មីប្រមាណ ៣៣ម៉ឺននាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះប្រមាណ ៧៥,០០០នាក់។
ប្រែសម្រួល៖ គីរី
