បច្ចេកវិទ្យា

ក្រុមហ៊ុន Meta, TikTok និង X ចាញ់ក្តីស្ថាប័នឃ្លាំមើល ចក្រភពអង់គ្លេស ជុំវិញការទាមទារទិន្នន័យ នៃការត្រួតពិនិត្យមាតិកា

​បរទេស៖ ក្រុមហ៊ុន Meta, TikTok និង X បានចាញ់ក្តី នៅក្នុងការតតាំងផ្លូវច្បាប់ប្រឆាំង នឹងស្ថាប័ននិយតករ របស់ចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងទំហំនៃទិន្នន័យដែលស្ថាប័ននេះទាមទារក្រោមច្បាប់ថ្មី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។

​បណ្តឹងតវ៉ានេះគឺជាករណីដំបូងបង្អស់មួយដែលពាក់ព័ន្ធនឹងច្បាប់សុវត្ថិភាពអនឡាញឆ្នាំ២០២៣ (2023 Online Safety Act) ដែលបានកំណត់ស្តង់ដារតឹងរ៉ឹងជាង មុនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណងការពារកុមារពីមាតិកា ដែលបង្កគ្រោះថ្នាក់ និងខុសច្បាប់។

​ស្ថាប័ន Ofcom បាននឹងកំពុងអនុវត្តបណ្តើរៗនូវលក្ខខណ្ឌតម្រូវថ្មីនេះ ហើយបច្ចុប្បន្នមានសិទ្ធិអំណាចពិន័យក្រុមហ៊ុននានារហូតដល់ ១០% នៃប្រាក់ចំណូលសរុបទូទាំងសកលលោករបស់ពួកគេ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរបំផុត។

​កាលពីខែកុម្ភៈកន្លងទៅ ស្ថាប័ននិយតករទូរគមនាគមន៍របស់ចក្រភពអង់គ្លេសមួយនេះ បានចេញសេចក្តីជូនដំណឹងទាមទារព័ត៌មាន ដោយស្នើសុំរង្វាស់ទិន្នន័យលម្អិតនៃការត្រួតពិនិត្យមាតិកា ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។

​ការទាមទារនោះរួមមាន ទិន្នន័យស្តីពីចំនួននៃការបង្ហោះ (posts) ដែលត្រូវបានលុបចោល ឬត្រូវបានដាក់កម្រិតការមើលឃើញ និងចំនួនអ្នកប្រើប្រាស់ដែលបានប្រឈមនឹងមាតិកាដែលបង្កគ្រោះថ្នាក់។

​ក្រុមហ៊ុន TikTok, X និង Meta ដែលជាម្ចាស់ក្រុមហ៊ុន Instagram, Facebook និង WhatsApp បានលើកឡើងជាអំណះអំណាងថា សេចក្តីជូនដំណឹងនេះបានបង្កើតជាបន្ទុកផ្នែកបទប្បញ្ញត្តិដែលមិនធ្លាប់មានពីមុនមក ហើយវាជារឿងខុសច្បាប់។

​ទោះជាយ៉ាងណាក៏ដោយ ចៅក្រម Lord Justice Singh និងចៅក្រម Mrs Justice Collins Rice បានកាត់ក្តីឱ្យស្ថាប័ន Ofcom ជាអ្នកឈ្នះសវនាការនេះ និងបានបដិសេធមិនលុបចោលសេចក្តីជូនដំណឹងទាមទារព័ត៌មានទាំងនោះឡើយ។

ប្រែសម្រួល៖ គីរី

Most Popular

To Top