សាន់ហ្វ្រាន់ស៊ីស្កូ ៖ ក្រុមហ៊ុន Google បានបញ្ជាក់ថា ខ្លួននឹងបិទឧបករណ៍បញ្ញាសិប្បនិម្មិត (AI) របស់ខ្លួនសម្រាប់សិស្សសាលាជាការកំណត់ដើម (by default) បន្ទាប់ពីរងការរិះគន់ជុំវិញការជំរុញឱ្យសិស្សប្រើប្រាស់មុខងារ AI ខណៈដែលសាលារៀននានាកំពុងស្ថិតក្នុងការជជែកវែកញែកនៅឡើយ អំពីរបៀបដែលបច្ចេកវិទ្យានេះគួរត្រូវបានប្រើប្រាស់នៅក្នុងថ្នាក់រៀន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ក្រុមហ៊ុនស្វែងរកតាមអ៊ីនធឺណិតដ៏ធំមួយនេះ បានក្តោបក្តាប់ទីផ្សារបច្ចេកវិទ្យាយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងសាលារៀននៅសហរដ្ឋអាមេរិក។ កម្មវិធីអប់រំរបស់ខ្លួន រួមមាន Gmail, Docs និងប្រព័ន្ធ Classroom ត្រូវបានប្រើប្រាស់នៅក្នុងថ្នាក់រៀនទូទាំងប្រទេស ហើយកុំព្យូទ័រយួរដៃ Chromebook ដែលមានតម្លៃសមរម្យរបស់ខ្លួន គឺជាឧបករណ៍ដែលសាលារៀននៅអាមេរិកផ្តល់ឱ្យសិស្សប្រើប្រាស់ញឹកញាប់បំផុត។
ក្រោមការផ្លាស់ប្តូរដែល Google បានប្រកាសនៅក្នុងអត្ថបទប្លុក (Blog) កាលពីថ្ងៃអង្គារ (ទី៣ វិច្ឆិកា) មុខងារ Gemini, Gemini Notebook, Gemini ក្នុង Classroom និងមុខងារ Search នឹងត្រូវបិទសម្រាប់គណនីសិស្សពីថ្នាក់មត្តេយ្យដល់ទី១២ (K-12) រហូតទាល់តែអ្នកគ្រប់គ្រងសាលា (Administrators) បើកដំណើរការវាវិញដោយខ្លួនឯង។
ក្រុមហ៊ុន Google បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការគ្រប់គ្រងថ្មីនេះនឹងត្រូវបានដាក់ឱ្យដំណើរការនៅទូទាំងពិភពលោក ដោយចាប់ផ្តើមពីសហរដ្ឋអាមេរិកមុនគេ ប៉ុន្តែក្រុមហ៊ុនមិនទាន់បានកំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។
ការផ្លាស់ប្តូរនេះក៏មានន័យថា សាលារៀននឹងមិនអាចផ្តល់ឱ្យសិស្សនូវការប្រើប្រាស់ Google Search ដោយគ្មានមុខងារ AI នោះទេ។ លោក Chris Phillips អនុប្រធានផ្នែកអប់រំរបស់ Google បានប្រាប់សារព័ត៌មាន The New York Times ថា «មុខងារ Search និង AI ត្រូវបានធ្វើសមាហរណកម្មបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ» ខណៈដែលមុខងារ AI ឥឡូវនេះត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធស្វែងរករបស់ក្រុមហ៊ុនតែម្តង។ លោកបានបញ្ជាក់ថា ប្រសិនបើសាលារៀនហាមឃាត់ការប្រើប្រាស់ AI នោះសិស្ស «នឹងមិនអាចចូលប្រើប្រាស់មុខងារ Search នោះទេ ហើយពួកគេនឹងឃើញសារពីសាលារបស់ពួកគេដែលបញ្ជាក់ថាវាមិនអាចប្រើប្រាស់បាន»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលក្រុងញូវយ៉ក លោក Zohran Mamdani បានចោទប្រកាន់ Google នៅលើបណ្តាញសង្គម X ថា «កំពុងព្យាយាមប្រើប្រាស់អំណាចផ្តាច់មុខរបស់ខ្លួន ដើម្បីបង្ខំឱ្យបញ្ចូល AI ទៅក្នុងសាលារៀនរដ្ឋរបស់យើង»។ លោកបានសរសេរថា៖ «គ្មានក្រុមហ៊ុនណាមួយគួរតែមានអំណាចក្នុងការបញ្ជាពីរបៀបដែលយើងបង្រៀនកូនៗរបស់យើងឡើយ»។
យោងតាមលិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិក លោក Richard Blumenthal និងលោក Josh Hawley ដែលបានផ្ញើទៅកាន់ក្រុមហ៊ុនកាលពីខែមុន ដើម្បីសាកសួរពីមូលហេតុដែលមុខងារ AI ត្រូវបានដាក់ជាការកំណត់ដើមនៅលើឧបករណ៍របស់សាលារៀន បានឱ្យដឹងថា មានសិស្សជាង ១៥០ លាននាក់ទូទាំងពិភពលោកប្រើប្រាស់ Google Classroom។
គួរបញ្ជាក់ថា កាលពីខែសីហា Google បានបើកដំណើរការកម្មវិធីជជែកឆ្លើយឆ្លង (Chatbot) Gemini របស់ខ្លួននៅក្នុង Classroom សម្រាប់សិស្សគ្រប់វ័យ។ សិស្សត្រូវបានបង្ហាញនូវសំណួរគំរូ (Prompts) ដែលភ្ជាប់ទៅនឹងថ្នាក់រៀន និងកិច្ចការរបស់ពួកគេ ដោយផ្តល់នូវការណែនាំ ឬមគ្គុទ្ទេសក៍សិក្សា កម្រងសំណួរអនុវត្ត និងបណ្ណពាក្យ (Flashcards) ដែលបង្កើតចេញពីឯកសារមេរៀនរបស់ពួកគេ។ មុខងារនេះត្រូវបានបើកដោយស្វ័យប្រវត្តិសម្រាប់សិស្សនៅតាមសាលារៀនដែលបានបើកដំណើរការ Gemini រួចជាស្រេច។
ទាំងទីក្រុងញូវយ៉ក និងទីក្រុង Los Angeles បានប្រកាសពីផែនការកាលពីខែកញ្ញា ដើម្បីរឹតបន្តឹងការចូលប្រើប្រាស់ឧបករណ៍ AI នៅលើឧបករណ៍របស់សាលារៀន។ អ្នកនាំពាក្យនៃតំបន់សាលារៀនបង្រួបបង្រួម Los Angeles បានប្រាប់ AFP ថា៖ «យើងកំពុងពិនិត្យមើលសេចក្តីប្រកាសរបស់ Google និងផលវិបាកដែលអាចកើតមានចំពោះសាលារៀន អ្នកអប់រំ និងសិស្ស»។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា តំបន់សាលារៀនជឿជាក់ថា AI អាចធ្វើឱ្យប្រសើរឡើងនូវការបង្រៀន និងការរៀនសូត្រ ប្រសិនបើវាត្រូវបានដាក់បញ្ចូលដោយប្រុងប្រយ័ត្ន និងមានការការពារច្បាស់លាស់ ដោយបានចង្អុលបង្ហាញពីគោលការណ៍របស់សាលាដែលតម្រូវឱ្យបច្ចេកវិទ្យាដើរតួនាទីជួយគាំទ្រ ជាងការជំនួសគ្រូបង្រៀន និងត្រូវការពារឯកជនភាពរបស់សិស្ស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X ក្រុមហ៊ុន Google បានឱ្យដឹងថា ការផ្លាស់ប្តូរកាលពីថ្ងៃអង្គារ គឺផ្តល់ឱ្យ «សាលារៀននូវជម្រើសកាន់តែច្រើន មិនមែនតិចជាងមុននោះទេ»។ Google បានបន្ថែមថា៖ «យើងដឹងថាមានការព្រួយបារម្ភអំពីការប្រើប្រាស់ AI របស់សិស្សដើម្បីធ្វើកិច្ចការសាលាដោយផ្លូវកាត់ ហើយសាលារៀននានាបានប្រាប់យើងថា ពួកគេចង់បានសិទ្ធិគ្រប់គ្រងលើបញ្ហានេះ»៕
ប្រែសម្រួល៖ គីរី
