បច្ចេកវិទ្យា

បម្រាមលើការប្រើប្រាស់ បណ្តាញសង្គម របស់ប្រទេសអូស្ត្រាលី រងការប្តឹងតវ៉ានៅតុលាការ ដោយក្រុមហ៊ុន Reddit និងក្រុមសិទ្ធិមនុស្ស

​បរទេស៖ ច្បាប់ប្រវត្តិសាស្ត្ររបស់ប្រទេសអូស្ត្រាលី ដែលហាមឃាត់ការប្រើប្រាស់បណ្តាញ សង្គមសម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ កំពុងប្រឈមមុខនឹងការប្តឹងតវ៉ានៅក្នុងតុលាការ ជុំវិញការចោទប្រកាន់ថា បម្រាមនេះគឺជារូបភាពនៃការចាប់ពិរុទ្ធ (Censorship) និងបង្កើតឱ្យមានបញ្ហាឯកជនភាព នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SkyNews ថ្ងៃទី៣ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

​បណ្តឹងចំនួនពីរប្រឆាំងនឹងច្បាប់ដំបូងគេ បង្អស់នៅលើពិភពលោកមួយនេះ ត្រូវបានដាក់ចូលទៅកាន់តុលាការ កំពូលរបស់ប្រទេសអូស្ត្រាលី ក្នុងរយៈពេលស្ទើរតែមួយឆ្នាំបន្ទាប់ពីច្បាប់នេះបានចូលជាធរមានកាលពីខែធ្នូឆ្នាំមុន។

​ច្បាប់ស្តីពីសុវត្ថិភាពអនឡាញឆ្នាំ២០២១ (Online Safety Act 2021) របស់ប្រទេសអូស្ត្រាលី បានរារាំងពលរដ្ឋអូស្ត្រាលីដែលមានអាយុក្រោម ១៦ឆ្នាំ មិនឱ្យកាន់កាប់គណនីនៅលើបណ្តាញសង្គមនានា រួមមាន Facebook, Instagram, Reddit, Kick, Snapchat, Threads, TikTok, X, YouTube, និង Twitch។

​ទោះជាយ៉ាងណាក៏ដោយ ការសិក្សាជាច្រើន ដែលរួមមានទាំងការចុះសិក្សាដោយស្នងការសុវត្ថិភាពអេឡិចត្រូនិក (eSafety Commissioner) ដែលជានិយតកររបស់អូស្ត្រាលីផងនោះ បានរកឃើញថា យុវជនភាគច្រើនដែលមានអាយុក្រោមការកំណត់ នៅតែបន្តប្រើប្រាស់បណ្តាញសង្គមដដែល ចាប់តាំងពីបម្រាមនេះត្រូវបានដាក់ឱ្យអនុវត្តមក។

​បណ្តឹងមួយក្នុងចំណោមបណ្តឹងតវ៉ាប្រឆាំងនឹងបម្រាមនេះ ត្រូវបានដាក់ដោយក្រុមហ៊ុន Reddit។ ថ្លែងទៅកាន់តុលាការ លោក Perry Herzfeld មេធាវីតំណាងឱ្យវេទិកាអនឡាញមួយនេះ បានចាត់ទុកបម្រាមនេះថា “គ្មានសមត្ថភាព” “ខ្វះការគិតគូរដិតដល់” និងបានលើកឡើងថា វាស្មើនឹង “ការរឹតត្បិតយ៉ាងធ្ងន់ធ្ងរលើការជជែកដេញដោលផ្នែកនយោបាយ”។

​លោកបញ្ជាក់បន្ថែមថា ការរារាំងកុមារអាយុក្រោម ១៦ឆ្នាំ មិនឱ្យមានគណនីបណ្តាញសង្គម បានបញ្ឈប់ពួកគេពីការបង្កើត ឬការឆ្លើយតបទៅនឹងមាតិកាផ្សេងៗ នៅលើប្រព័ន្ធមួយដែលលោកចាត់ទុកថាជាមធ្យោបាយទំនាក់ទំនងដ៏សំខាន់បំផុតនៅក្នុងពិភពលោកទំនើប។

​លោក Herzfeld បានថ្លែងប្រាប់ក្រុមចៅក្រមទាំង ៧រូបថា៖ “នោះគឺជាការរឹតត្បិតយ៉ាងធ្ងន់ធ្ងរបំផុតទៅលើការជជែកដេញដោលផ្នែកនយោបាយនៅក្នុងប្រទេសអូស្ត្រាលី។ វាគឺជាការរឹតត្បិតយ៉ាងខ្លាំងទៅលើអ្វីដែលយុវជនអាចធ្វើបាននៅពេលនេះ។”

ប្រែសម្រួល៖ គីរី

Most Popular

To Top