បច្ចេកវិទ្យា

ឆ្លើយតបនឹងការរិះគន់ Google សម្រេចបិទមុខងារ AI សម្រាប់សិស្សសាលាជាស្វ័យប្រវត្តិ

សាន់ហ្វ្រាន់ស៊ីស្កូ ៖ ក្រុមហ៊ុន Google បានបញ្ជាក់ថា ខ្លួននឹងបិទឧបករណ៍បញ្ញាសិប្បនិម្មិត (AI) របស់ខ្លួនសម្រាប់សិស្សសាលាជាការកំណត់ដើម (by default) បន្ទាប់ពីរងការរិះគន់ជុំវិញការជំរុញឱ្យសិស្សប្រើប្រាស់មុខងារ AI ខណៈដែលសាលារៀននានាកំពុងស្ថិតក្នុងការជជែកវែកញែកនៅឡើយ អំពីរបៀបដែលបច្ចេកវិទ្យានេះគួរត្រូវបានប្រើប្រាស់នៅក្នុងថ្នាក់រៀន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ក្រុមហ៊ុនស្វែងរកតាមអ៊ីនធឺណិតដ៏ធំមួយនេះ បានក្តោបក្តាប់ទីផ្សារបច្ចេកវិទ្យាយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងសាលារៀននៅសហរដ្ឋអាមេរិក។ កម្មវិធីអប់រំរបស់ខ្លួន រួមមាន Gmail, Docs និងប្រព័ន្ធ Classroom ត្រូវបានប្រើប្រាស់នៅក្នុងថ្នាក់រៀនទូទាំងប្រទេស ហើយកុំព្យូទ័រយួរដៃ Chromebook ដែលមានតម្លៃសមរម្យរបស់ខ្លួន គឺជាឧបករណ៍ដែលសាលារៀននៅអាមេរិកផ្តល់ឱ្យសិស្សប្រើប្រាស់ញឹកញាប់បំផុត។

ក្រោមការផ្លាស់ប្តូរដែល Google បានប្រកាសនៅក្នុងអត្ថបទប្លុក (Blog) កាលពីថ្ងៃអង្គារ (ទី៣ វិច្ឆិកា) មុខងារ Gemini, Gemini Notebook, Gemini ក្នុង Classroom និងមុខងារ Search នឹងត្រូវបិទសម្រាប់គណនីសិស្សពីថ្នាក់មត្តេយ្យដល់ទី១២ (K-12) រហូតទាល់តែអ្នកគ្រប់គ្រងសាលា (Administrators) បើកដំណើរការវាវិញដោយខ្លួនឯង។
ក្រុមហ៊ុន Google បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការគ្រប់គ្រងថ្មីនេះនឹងត្រូវបានដាក់ឱ្យដំណើរការនៅទូទាំងពិភពលោក ដោយចាប់ផ្តើមពីសហរដ្ឋអាមេរិកមុនគេ ប៉ុន្តែក្រុមហ៊ុនមិនទាន់បានកំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។

​ការផ្លាស់ប្តូរនេះក៏មានន័យថា សាលារៀននឹងមិនអាចផ្តល់ឱ្យសិស្សនូវការប្រើប្រាស់ Google Search ដោយគ្មានមុខងារ AI នោះទេ។ លោក Chris Phillips អនុប្រធានផ្នែកអប់រំរបស់ Google បានប្រាប់សារព័ត៌មាន The New York Times ថា «មុខងារ Search និង AI ត្រូវបានធ្វើសមាហរណកម្មបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ» ខណៈដែលមុខងារ AI ឥឡូវនេះត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធស្វែងរករបស់ក្រុមហ៊ុនតែម្តង។ លោកបានបញ្ជាក់ថា ប្រសិនបើសាលារៀនហាមឃាត់ការប្រើប្រាស់ AI នោះសិស្ស «នឹងមិនអាចចូលប្រើប្រាស់មុខងារ Search នោះទេ ហើយពួកគេនឹងឃើញសារពីសាលារបស់ពួកគេដែលបញ្ជាក់ថាវាមិនអាចប្រើប្រាស់បាន»។

​ឆ្លើយតបនឹងបញ្ហានេះ អភិបាលក្រុងញូវយ៉ក លោក Zohran Mamdani បានចោទប្រកាន់ Google នៅលើបណ្តាញសង្គម X ថា «កំពុងព្យាយាមប្រើប្រាស់អំណាចផ្តាច់មុខរបស់ខ្លួន ដើម្បីបង្ខំឱ្យបញ្ចូល AI ទៅក្នុងសាលារៀនរដ្ឋរបស់យើង»។ លោកបានសរសេរថា៖ «គ្មានក្រុមហ៊ុនណាមួយគួរតែមានអំណាចក្នុងការបញ្ជាពីរបៀបដែលយើងបង្រៀនកូនៗរបស់យើងឡើយ»។

​យោងតាមលិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិក លោក Richard Blumenthal និងលោក Josh Hawley ដែលបានផ្ញើទៅកាន់ក្រុមហ៊ុនកាលពីខែមុន ដើម្បីសាកសួរពីមូលហេតុដែលមុខងារ AI ត្រូវបានដាក់ជាការកំណត់ដើមនៅលើឧបករណ៍របស់សាលារៀន បានឱ្យដឹងថា មានសិស្សជាង ១៥០ លាននាក់ទូទាំងពិភពលោកប្រើប្រាស់ Google Classroom។

​គួរបញ្ជាក់ថា កាលពីខែសីហា Google បានបើកដំណើរការកម្មវិធីជជែកឆ្លើយឆ្លង (Chatbot) Gemini របស់ខ្លួននៅក្នុង Classroom សម្រាប់សិស្សគ្រប់វ័យ។ សិស្សត្រូវបានបង្ហាញនូវសំណួរគំរូ (Prompts) ដែលភ្ជាប់ទៅនឹងថ្នាក់រៀន និងកិច្ចការរបស់ពួកគេ ដោយផ្តល់នូវការណែនាំ ឬមគ្គុទ្ទេសក៍សិក្សា កម្រងសំណួរអនុវត្ត និងបណ្ណពាក្យ (Flashcards) ដែលបង្កើតចេញពីឯកសារមេរៀនរបស់ពួកគេ។ មុខងារនេះត្រូវបានបើកដោយស្វ័យប្រវត្តិសម្រាប់សិស្សនៅតាមសាលារៀនដែលបានបើកដំណើរការ Gemini រួចជាស្រេច។

​ទាំងទីក្រុងញូវយ៉ក និងទីក្រុង Los Angeles បានប្រកាសពីផែនការកាលពីខែកញ្ញា ដើម្បីរឹតបន្តឹងការចូលប្រើប្រាស់ឧបករណ៍ AI នៅលើឧបករណ៍របស់សាលារៀន។ អ្នកនាំពាក្យនៃតំបន់សាលារៀនបង្រួបបង្រួម Los Angeles បានប្រាប់ AFP ថា៖ «យើងកំពុងពិនិត្យមើលសេចក្តីប្រកាសរបស់ Google និងផលវិបាកដែលអាចកើតមានចំពោះសាលារៀន អ្នកអប់រំ និងសិស្ស»។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា តំបន់សាលារៀនជឿជាក់ថា AI អាចធ្វើឱ្យប្រសើរឡើងនូវការបង្រៀន និងការរៀនសូត្រ ប្រសិនបើវាត្រូវបានដាក់បញ្ចូលដោយប្រុងប្រយ័ត្ន និងមានការការពារច្បាស់លាស់ ដោយបានចង្អុលបង្ហាញពីគោលការណ៍របស់សាលាដែលតម្រូវឱ្យបច្ចេកវិទ្យាដើរតួនាទីជួយគាំទ្រ ជាងការជំនួសគ្រូបង្រៀន និងត្រូវការពារឯកជនភាពរបស់សិស្ស។

​នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X ក្រុមហ៊ុន Google បានឱ្យដឹងថា ការផ្លាស់ប្តូរកាលពីថ្ងៃអង្គារ គឺផ្តល់ឱ្យ «សាលារៀននូវជម្រើសកាន់តែច្រើន មិនមែនតិចជាងមុននោះទេ»។ Google បានបន្ថែមថា៖ «យើងដឹងថាមានការព្រួយបារម្ភអំពីការប្រើប្រាស់ AI របស់សិស្សដើម្បីធ្វើកិច្ចការសាលាដោយផ្លូវកាត់ ហើយសាលារៀននានាបានប្រាប់យើងថា ពួកគេចង់បានសិទ្ធិគ្រប់គ្រងលើបញ្ហានេះ»៕

ប្រែសម្រួល៖ គីរី

Most Popular

To Top