បរទេស៖ តេឡេទស្សន៍ របស់ទីភ្នាក់ងារអវកាស NASA មួយគ្រឿងដែលចាស់ទ្រុឌទ្រោម កំពុងតស៊ូទប់ខ្លួនយ៉ាងលំបាក នៅក្នុងលំហអាកាស បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបានទទួលបរាជ័យ ដែលបណ្តាលឱ្យវាធ្លាក់ចុះកាន់តែទាបទៅៗ។ ទីភ្នាក់ងារអវកាសមួយនេះបានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនព្យាករណ៍ថាតេឡេទស្សន៍អវកាស Swift Observatory ទំនងជានឹងធ្លាក់មកផែនដីវិញនៅថ្ងៃពុធនេះ។
បើយោងតាមការចេញផ្សាយពីសារព័ត៌មាន CBS News ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦បានអោយដឹថថា ផ្នែកភាគច្រើននៃតេឡេទស្សន៍ដែលមានទម្ងន់ ១តោនកន្លះនេះ ត្រូវបានគេរំពឹងថានឹងឆេះកម្ទេចនៅក្នុងបរិយាកាស។ ប៉ុន្តែ យោងតាមលោក Brad Cenko ប្រធានអ្នកវិទ្យាសាស្ត្រប្រចាំបេសកកម្មនេះរបស់អង្គការ NASA បានឱ្យដឹងថា បំណែកមួយចំនួនតូចដែលធ្វើពីសារធាតុ តង់ស្តែន (Tungsten) ដែលមានដង់ស៊ីតេក្រាស់ជាងសំណ និងបំណែកកញ្ចក់មួយចំនួន អាចនឹងនៅសេសសល់ពីការឆេះពេលធ្លាក់ចូលបរិយាកាស។
អង្គការ NASA បានបញ្ជាក់កាលពីថ្ងៃចន្ទថា៖ «គិតត្រឹមថ្ងៃចន្ទ កងកម្លាំងអវកាសសហរដ្ឋអាមេរិក បានព្យាករណ៍ថា យានអវកាសដែលមានទម្ងន់ប្រហែល ៣.២០០ ផោននេះ នឹងចូលមកក្នុងបរិយាកាសផែនដីវិញនៅម៉ោងប្រមាណ ៣:៣០ នាទីទៀបភ្លឺ ម៉ោងស្តង់ដារភាគខាងកើត (EST) ថ្ងៃទី៤ ខែវិច្ឆិកា ជាមួយនឹងគម្លាតពេលវេលាប្រែប្រួលប្រមាណ ១១ ម៉ោង»។
បំណែកដែលនៅសេសសល់ភាគច្រើនទំនងជានឹងធ្លាក់ចូលទៅក្នុងមហាសមុទ្រ។ ប៉ុន្តែ តំបន់មួយចំនួននៅទ្វីបអាហ្វ្រិក អូស្ត្រាលី ឥណ្ឌា អាស៊ីអាគ្នេយ៍ (រួមទាំងកម្ពុជា) និងអាមេរិកកណ្តាល ព្រមទាំងអាមេរិកខាងត្បូង គឺស្ថិតនៅក្នុងតំបន់ដែលអាចរងការធ្លាក់នេះ។ កងកម្លាំងអវកាសសហរដ្ឋអាមេរិក កំពុងតាមដានគន្លងនៃការធ្លាក់ចុះរបស់តេឡេទស្សន៍នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ អង្គការ NASA បានអះអាងថា «ហានិភ័យនៃគ្រោះថ្នាក់ដែលនឹងកើតមានដល់នរណាម្នាក់នៅលើផែនដី គឺមិនទំនងនោះទេ» ដោយមានអត្រាប្រហែលត្រឹមតែ ១ ភាគ ២.១០០ ប៉ុណ្ណោះ។ ទីភ្នាក់ងារនេះបានបន្ថែមថា៖ «អង្គការ NASA និងកងកម្លាំងអវកាស នឹងបន្តតាមដានការធ្លាក់ចូលបរិយាកាសនេះ និងធ្វើបច្ចុប្បន្នភាពការព្យាករណ៍បន្តទៀត»។
ការឆេះកម្ទេចក្នុងទីអវកាសនេះ បានធ្វើឱ្យក្រុមការងារ Swift មានការសោកសៅ ប៉ុន្តែពោរពេញដោយក្តីដឹងគុណចំពោះការអង្កេតស្រាវជ្រាវដែលតេឡេទស្សន៍នេះបានធ្វើក្នុងរយៈពេល ២២ ឆ្នាំរបស់ខ្លួននៅក្នុងគន្លងគោចរ។ តេឡេទស្សន៍ Swift ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៤ ដើម្បីស្វែងរកការផ្ទុះដ៏ធំបំផុតមួយចំនួននៅក្នុងសកលលោក ដូចជាការផ្ទុះកាំរស្មីហ្គាម៉ា (Gamma-ray bursts) និងបាតុភូតស៊ុបភើណូវ៉ា (Supernovas) ជាដើម។
លោក John Nousek តារាវិទូប្រចាំសាកលវិទ្យាល័យ Pennsylvania State University ដែលដឹកនាំក្រុមត្រួតពិនិត្យ បានមានប្រសាសន៍ថា៖ «យើងបានដឹងថាថ្ងៃនេះនឹងមកដល់ តាំងពីមុនពេល Swift ត្រូវបានបាញ់បង្ហោះម្ល៉េះ។ យ៉ាងហោចណាស់ នៅក្នុងគន្លងផែនដីកម្រិតទាប អ្វីដែលឡើងទៅលើ គឺត្រូវតែធ្លាក់មកវិញ។ ហើយទីបញ្ចប់នោះ គឺជាការវិនាសសាបសូន្យ»។
សកម្មភាពព្រះអាទិត្យដ៏ខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានទាញ Swift ឱ្យធ្លាក់ចុះលឿនជាងធម្មតា។
កាលពីមួយឆ្នាំមុន អង្គការ NASA បានជួលក្រុមហ៊ុន Katalyst Space ដើម្បីរៀបចំប្រតិបត្តិការសង្គ្រោះបន្ទាន់មួយ។ ប៉ុន្តែ រ៉ូបូតដៃបីរបស់ក្រុមហ៊ុនដែលមានឈ្មោះថា Link បានជួបបញ្ហាបន្ទាប់ពីការបាញ់បង្ហោះកាលពីខែកក្កដា ដោយអាចចូលទៅជិតតេឡេទស្សន៍នេះក្នុងចម្ងាយត្រឹមតែពី ៧ ទៅ ៩ ម៉ាយល៍ (ប្រហែល ១១ ទៅ ១៤ គីឡូម៉ែត្រ) ប៉ុណ្ណោះ។ រ៉ូបូត Link នេះ ក៏បានធ្លាក់មកផែនដីវិញកាលពីខែកញ្ញា។
Swift បានបន្តការអង្កេតរបស់ខ្លួនឡើងវិញ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងសង្គ្រោះត្រូវបានលុបចោល ដោយបានរកឃើញការផ្ទុះកាំរស្មីហ្គាម៉ា និងព្រឹត្តិការណ៍ថាមពលខ្ពស់ខ្លាំងផ្សេងៗទៀតជាច្រើន។ ប៉ុន្តែនៅចុងខែតុលា តេឡេទស្សន៍នេះបានធ្លាក់មកកម្រិតទាបពេក មិនអាចរក្សាលំនឹងសម្រាប់ការអង្កេតបានទៀតទេ ហើយប្រព័ន្ធរបស់វាក៏ត្រូវបានបិទ។
លទ្ធផលចុងក្រោយរបស់វាគឺ៖ បានរកឃើញការផ្ទុះកាំរស្មីហ្គាម៉ាជាង ២.០០០ ដង និងការផ្ទុះផ្កាយចំនួន ១.៤០០ ព្រមទាំងរកឃើញផ្កាយដុះកន្ទុយ អាចម៍ផ្កាយ និងប្រហោងខ្មៅ (Black holes) កម្ទេចផ្កាយជាច្រើនទៀតផងដែរ។ សមត្ថភាពពិសេសរបស់តេឡេទស្សន៍នេះ គឺលទ្ធភាពក្នុងការបង្វិលខ្លួនយ៉ាងរហ័ស (ដូចទៅនឹងឈ្មោះ Swift របស់វា) តម្រង់ឆ្ពោះទៅរកព្រឹត្តិការណ៍ផ្ទុះនៅក្នុងទីអវកាស។
លោក Shawn Domagal-Goldman ប្រធានផ្នែកតារារូបវិទ្យានៅអង្គការ NASA បានប្រាប់កម្មវិធី “CBS Mornings” កាលពីខែមិថុនាថា គ្មានអ្វីអាចកំណត់ទីតាំងនៃការផ្ទុះកាំរស្មីហ្គាម៉ាបានច្បាស់លាស់ដូចតេឡេទស្សន៍ Swift Observatory នោះទេ។ លោកបានបញ្ជាក់ថា៖ «ការផ្ទុះអាវុធនុយក្លេអ៊ែរ សូម្បីតែយកទៅប្រៀបធៀបនឹងទំហំថាមពលដែលចេញពីបាតុភូតទាំងនេះក៏មិនបានផង ហើយវាពិតជាការផ្ទុះដ៏ធំបំផុតនៅក្នុងសកលលោក»។
អង្គការ NASA ចាត់ទុក Swift ថាជាអ្នកឆ្លើយតបដំបូងគេ សម្រាប់ជួយដល់តេឡេទស្សន៍អវកាស Hubble និង Webb ព្រមទាំងតេឡេទស្សន៍ផ្សេងៗទៀត ដែលនឹងតាមដានការផ្តល់សញ្ញារបស់វា និងបន្តធ្វើការស៊ើបអង្កេតឱ្យកាន់តែស៊ីជម្រៅ។ បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រកំពុងស្វែងរកវិធីសាស្ត្រដើម្បីបំពេញចន្លោះប្រហោងនៃការបាត់បង់នេះ។
លោក Nousek បានលើកឡើងតាមរយៈអ៊ីមែលថា៖ «ក្តីសង្ឃឹមយ៉ាងមុតមាំរបស់យើងគឺថា មេរៀនដែលទទួលបានពីភាពជោគជ័យរបស់ Swift នឹងអាចយកទៅអនុវត្តសម្រាប់បេសកកម្មអវកាសជំនាន់ថ្មី ដើម្បីពន្លឿនការរកឃើញរបស់យើងអំពីសកលលោក»។
ប្រែសម្រួល៖ គីរី
