បរទេស៖ វីរបុរសបាល់ទាត់ប្រេស៊ីលលោក Ronaldinho បានទទួលស្គាល់ថា ការត្រលប់មកកាន់អាជីពបាល់ទាត់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកក្នុងវ័យ ៤៦ឆ្នាំ "បានកន្លងផុតទៅលឿនពេក" បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងសម្រាប់ក្លឹប Ravenna។ អតីតម្ចាស់ពានរង្វាន់ Ballon d'Or រូបនេះបានបោះជំហានចូលទីលានជាថ្មីសម្រាប់ក្លឹបនៅលីគ Serie C របស់អ៊ីតាលី កាលពីថ្ងៃអាទិត្យ ដោយបង្ហាញថាក្តីស្រឡាញ់របស់លោកចំពោះកីឡាបាល់ទាត់នៅតែមិនថមថយ ទោះបីជាបានឃ្លាតឆ្ងាយពីទីលានអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ពិភពបាល់ទាត់មានការភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យ នៅពេលដែលកីឡាករដ៏មានប្រជាប្រិយភាពបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ បានវិលត្រលប់មកកាន់វិស័យបាល់ទាត់អាជីពដោយមិននឹកស្មានដល់។ Ronaldinho ដែលបច្ចុប្បន្នមានវ័យ ៤៦ឆ្នាំ បានពាក់អាវក្លឹប Ravenna សម្រាប់ការប្រកួតដ៏សំខាន់ក្នុងលីគ Serie C ទល់នឹងក្រុមគូប្រជែងក្នុងតំបន់ Forli ដោយបានជួយឱ្យក្រុមរបស់លោកទទួលបានជ័យជម្នះក្នុងលទ្ធផល ២-០។
បន្ទាប់ពីបានប្រកាសចូលនិវត្តន៍ជាផ្លូវការពីបាល់ទាត់អាជីពក្នុងឆ្នាំ២០១៨ (ដោយការប្រកួតកម្រិតខ្ពស់ចុងក្រោយរបស់លោកគឺលេងឱ្យក្លឹប Fluminense កាលពីឆ្នាំ២០១៥) ការផ្លាស់មកកាន់ក្លឹប Ravenna កាលពីរដូវក្តៅ ត្រូវបានមនុស្សជាច្រើនមើលឃើញថាជាយុទ្ធសាស្ត្រទីផ្សារដ៏អស្ចារ្យមួយ។
ទោះជាយ៉ាងណាក៏ដោយ លោកបានបង្ហាញថាលោកនៅតែមានចំណង់ចង់ប្រកួតប្រជែង ដោយបានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូង (Starting line-up)។ ខ្សែបម្រើឆ្នើមពោរពេញដោយបទពិសោធន៍រូបនេះ បានលេងពេញមួយតង់ទី១ មុនពេលទទួលបានការទះដៃអបអរសាទរយ៉ាងកក្រើកពេញកីឡដ្ឋាននៅពេលសម្រាកតង់ ដែលជាការបញ្ចប់ការចូលរួមរបស់លោកសម្រាប់ការប្រកួតនេះ។
ថ្លែងពីបទពិសោធន៍ដ៏រំភើបនេះ កីឡាករប្រេស៊ីលរូបនេះពិតជារំភើបយ៉ាងខ្លាំងចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រអ៊ីតាលី។ លោកបានពន្យល់ប្រាប់សារព័ត៌មាន Sky Sport Italia ថា៖ "វាបានកន្លងផុតទៅលឿនណាស់ នោះហើយជាបាល់ទាត់សម្រាប់ខ្ញុំ"។ វត្តមានរបស់លោកមិនមែនគ្រាន់តែជាការបង្ហាញខ្លួនដើម្បីទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះទេ ពោលគឺលោកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំទម្រង់លេង ដែលនាំឱ្យមានគ្រាប់បាល់បើកឆាកស៊ុតបញ្ចូលទីដោយកីឡាករ Giulio Donati។ ជារឿងចៃដន្យ កីឡាកររូបនេះធ្លាប់ប្រកួតទល់នឹងក្រុម AC Milan របស់ Ronaldinho កាលពីគាត់លេងឱ្យក្លឹប Lecce កាលពីប៉ុន្មានឆ្នាំមុន។
ខណៈដែលមនុស្សជាច្រើនរំពឹងថានេះគ្រាន់តែជាការបង្ហាញខ្លួនជាកិត្តិយសតែម្តងប៉ុណ្ណោះ Ronaldinho បានបើកផ្លូវរួចជាស្រេចសម្រាប់ការត្រលប់មកពាក់ស្បែកជើងទាត់បាល់ម្តងទៀត។ វីរបុរសប្រេស៊ីលរូបនេះត្រូវបានប្តូរចេញនៅពាក់កណ្តាលតង់ ខណៈដែល Ravenna កំពុងនាំមុខ ១-០ ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកសារព័ត៌មានដែលបានឡោមព័ទ្ធលោក។ អតីតមិត្តរួមក្រុមជម្រើសជាតិប្រេស៊ីល និង AC Milan របស់លោក គឺអ្នកចាំទី Dida ក៏បានចូលរួមជាមួយលោកនៅលើទីលានពេលសម្រាកតង់ផងដែរ។
ការប្រកួតដែលលក់សំបុត្រអស់គ្មានសល់នៅកីឡដ្ឋាន Stadio Bruno Benelli ថែមទាំងមានរៀបចំកន្លែងអង្គុយបណ្តោះអាសន្នមួយដែលមានឈ្មោះថា 'R10' ដើម្បីជាការគោរពដល់ Ronaldinho និងលេខអាវដ៏ល្បីល្បាញដែលលោកបានពាក់ពេញមួយអាជីពរបស់លោក។
ម្ចាស់អាវលេខ១០ ដ៏ល្បីល្បាញរូបនេះបានបញ្ជាក់ថា៖ "តើនេះជាការប្រកួតចុងក្រោយរបស់ខ្ញុំមែនទេ? ខ្ញុំមិនដឹងទេ ប្រសិនបើប្រធានក្លឹបនៅតែបន្តហៅខ្ញុំ ខ្ញុំនឹងត្រលប់មកវិញ! វាជារឿងរីករាយជានិច្ច។ ខ្ញុំបានប្រាប់ប្រធានក្លឹបថា ប្រសិនបើគាត់ត្រូវការខ្ញុំ នោះខ្ញុំនឹងនៅទីនេះ"។
ប្រែសម្រួល៖ គីរី
