សុខភាព និង ផ្លូវភេទ

តើអាហារបំប៉ន Creatine អាចជួយធ្វើឱ្យខួរក្បាលរឹងមាំជាងមុនមែនឬ? អ្នកជំនាញថ្លឹងថ្លែងលើភស្តុតាងវិទ្យាសាស្ត្រ

បរទេស៖ អ្នកជំនាញទូទៅបានឯកភាពគ្នាថា សារធាតុ Creatine អាចជួយបង្កើតសាច់ដុំឱ្យរឹងមាំជាងមុនបន្តិច។ ប៉ុន្តែ តើអាហារបំប៉នប្រភេទនេះក៏អាចជួយពង្រឹងដល់ខួរក្បាលផងដែរឬទេ? ការអះអាងនេះកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ជាពិសេសនៅលើបណ្តាញសង្គម ហើយអ្នកជំនាញក៏យល់ឃើញថា វាជារឿងដែលអាចទៅរួចដែរ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានសង្កត់ធ្ងន់ថា នៅមានចំណុចគួរប្រុងប្រយ័ត្ន និងការលើកជាសំណួរជាច្រើនទៀត ហើយបើនិយាយពីការអះអាងភាគច្រើនវិញ គឺការផ្សព្វផ្សាយបំប៉ោងហាក់មានល្បឿនលឿនជាងការរកឃើញផ្នែកវិទ្យាសាស្ត្រទៅទៀត នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោក Stuart Phillips សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រចលនា (Kinesiology) នៅសាកលវិទ្យាល័យ McMaster ក្នុងខេត្ត Ontario បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា យើងត្រូវមើលលើការពិតបន្តិច នៅពេលនិយាយអំពីផ្នែកសុខភាពខួរក្បាល។…

បរទេស៖ អ្នកជំនាញទូទៅបានឯកភាពគ្នាថា សារធាតុ Creatine អាចជួយបង្កើតសាច់ដុំឱ្យរឹងមាំជាងមុនបន្តិច។ ប៉ុន្តែ តើអាហារបំប៉នប្រភេទនេះក៏អាចជួយពង្រឹងដល់ខួរក្បាលផងដែរឬទេ?

ការអះអាងនេះកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ជាពិសេសនៅលើបណ្តាញសង្គម ហើយអ្នកជំនាញក៏យល់ឃើញថា វាជារឿងដែលអាចទៅរួចដែរ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានសង្កត់ធ្ងន់ថា នៅមានចំណុចគួរប្រុងប្រយ័ត្ន និងការលើកជាសំណួរជាច្រើនទៀត ហើយបើនិយាយពីការអះអាងភាគច្រើនវិញ គឺការផ្សព្វផ្សាយបំប៉ោងហាក់មានល្បឿនលឿនជាងការរកឃើញផ្នែកវិទ្យាសាស្ត្រទៅទៀត នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Stuart Phillips សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រចលនា (Kinesiology) នៅសាកលវិទ្យាល័យ McMaster ក្នុងខេត្ត Ontario បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា យើងត្រូវមើលលើការពិតបន្តិច នៅពេលនិយាយអំពីផ្នែកសុខភាពខួរក្បាល។ តើវាមានសក្តានុពលដែរឬទេ? ពិតណាស់ ប៉ុន្តែមានរឿងជាច្រើនទៀតក៏បង្ហាញពីសក្តានុពលបែបនេះដូចគ្នា»។

សារធាតុ Creatine ដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតប្រភពថាមពលកោសិកាចម្បងរបស់រាងកាយ គឺ ATP។ នោះហើយជាមូលហេតុដែលប្រសិនបើអ្នកលើកទម្ងន់ ហើយប្រើប្រាស់ Creatine វាអាចជួយឱ្យអ្នកហាត់ប្រាណបានខ្លាំងជាងមុនបន្តិច ដែលធ្វើឱ្យអ្នកកាន់តែរឹងមាំជាងមុនបន្តិចដែរ។

ខួរក្បាលគឺជាសរីរាង្គដែលត្រូវការថាមពលច្រើនជាពិសេស ដោយវាស្រូបយកប្រហែល ២០ ភាគរយនៃការប្រើប្រាស់ថាមពលសរុបរបស់រាងកាយ។ កត្តានេះ រួមផ្សំជាមួយនឹងប្រសិទ្ធភាពរបស់ Creatine លើកោសិកាសាច់ដុំ បាននាំឱ្យមានទ្រឹស្តីលើកឡើងថា ការប្រើប្រាស់អាហារបំប៉ន Creatine ក៏អាចជួយផ្តល់ថាមពលដល់កោសិកាខួរក្បាលផងដែរ ដែលជួយឱ្យមនុស្សផ្តោតអារម្មណ៍បានល្អ គិតបានច្បាស់លាស់ និងយកឈ្នះលើភាពអស់កម្លាំង។

ប៉ុន្តែ ខួរក្បាលរក្សាការផ្គត់ផ្គង់ Creatine របស់ខ្លួនក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង។ តាមពិតទៅ សរីរាង្គនេះបានសំយោគ Creatine ដោយខ្លួនឯង ដើម្បីធានាថាវាមានបរិមាណគ្រប់គ្រាន់។ ចំណែកឯ Creatine ដែលផលិតនៅក្នុងថ្លើម និងផ្នែកផ្សេងទៀតនៃរាងកាយ ឬទទួលបានតាមរយៈរបបអាហារ និងអាហារបំប៉ន អាចឆ្លងកាត់របាំងឈាមខួរក្បាល (Blood-brain barrier) តាមរយៈប្រូតេអ៊ីនដឹកជញ្ជូនពិសេសមួយ ប៉ុន្តែក្នុងបរិមាណតិចតួចបំផុតប៉ុណ្ណោះ។

លោក Mehdi Boroujerdi អ្នកជំនាញផ្នែកវិទ្យាសាស្ត្រឱសថ និងជាអ្នកនិពន្ធសៀវភៅ «Handbook Of Creatine And Creatinine In Vivo Kinetics» បានពន្យល់ថា ខួរក្បាល «មិនមានទ្វារបើកចំហ» ដើម្បីនិយាយថា «ស្វាគមន៍ Creatine ទាំងអស់» នោះទេ។ លោកបានបន្ថែមថា៖ «ប្រសិនបើអ្នកបង្កើនកម្រិតប្រើប្រាស់ Creatine ហើយសន្មតថាវានឹងបង្កើនកំហាប់ Creatine នៅក្នុងខួរក្បាលនោះ វាគឺជាគំនិតដែលគួរឱ្យសង្ស័យ»។

ការសិក្សាខ្នាតតូចមួយចំនួនបានបង្ហាញថា ការប្រើប្រាស់អាហារបំប៉ន Creatine ក្នុងកម្រិតខ្ពស់ — ជាទូទៅ ២០ ក្រាម ឬប្រហែល ៤ ដងនៃបរិមាណដែលត្រូវបានណែនាំប្រចាំថ្ងៃសម្រាប់ការបង្កើតសាច់ដុំ — អាចបង្កើនកម្រិតម៉ូលេគុលនេះនៅក្នុងខួរក្បាលបានប្រហែល ៥ ភាគរយ ទៅ ១០ ភាគរយ។ ប៉ុន្តែ ការស្រាវជ្រាវផ្សេងទៀតមិនបានបង្ហាញពីការកើនឡើងនៃ Creatine ក្នុងខួរក្បាលពីការប្រើអាហារបំប៉ននោះឡើយ។

ថាតើការកើនឡើង Creatine ក្នុងខួរក្បាលបន្តិចបន្តួចនេះ គ្រប់គ្រាន់ដើម្បីបង្កើតភាពខុសគ្នាចំពោះសមត្ថភាពគិត ការចងចាំ និងការសម្រេចចិត្តរបស់មនុស្សឬយ៉ាងណានោះ ក៏នៅតែជាសំណួរដែលមិនទាន់មានចម្លើយច្បាស់លាស់ដែរ។ ជាការពិតណាស់ ការសិក្សាភាគច្រើនមិនបានបង្ហាញពីអត្ថប្រយោជន៍ផ្នែកពុទ្ធិ (ការគិត និងការចងចាំ) នៅពេលដែលមនុស្សពេញវ័យដែលមានសុខភាពល្អ ទាំងក្មេង និងចាស់ ត្រូវបានផ្តល់អាហារបំប៉ន Creatine នោះទេ។ អ្នកជំនាញយល់ថា នេះប្រហែលជាដោយសារតែខួរក្បាលមានបរិមាណ Creatine ពេញកម្រិតរួចទៅហើយ ដូច្នេះការបន្ថែមទៀតក៏មិនផ្តល់ផលប្រយោជន៍អ្វីដែរ។

លោក Darren Candow សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រចលនា និងការសិក្សាសុខភាពនៅសាកលវិទ្យាល័យ Regina ក្នុងខេត្ត Saskatchewan ដែលបានធ្វើការស្រាវជ្រាវមួយចំនួនលើរឿងនេះ បាននិយាយថា «ប្រសិនបើអ្នកយកមនុស្សដែលមានសុខភាពល្អធម្មតា» Creatine មិនផ្តល់អត្ថប្រយោជន៍ផ្នែកការគិតនោះទេ។ ប៉ុន្តែលោកបានបន្ថែមថា «នៅពេលដែលខួរក្បាលទទួលរងសម្ពាធផ្នែកមេតាប៉ូលីស — ដូចជា ការអត់ងងុយ កង្វះអុកស៊ីសែន ឬនិស្សិតសាកលវិទ្យាល័យដែលនៅរៀនពេញមួយយប់ — ប្រហែលជាខួរក្បាលនឹងនិយាយថា "ហេ! ខ្ញុំត្រូវការជំនួយបន្តិច ហើយអ្វីដែលខ្ញុំផលិតដោយធម្មជាតិប្រហែលជាមិនគ្រប់គ្រាន់ទេ"»។ (លោក Candow គឺជាសមាជិកក្រុមប្រឹក្សាភិបាលផ្តល់ប្រឹក្សារបស់ក្រុមហ៊ុនអាហារបំប៉នជាច្រើន)។

មានភស្តុតាងបង្ហាញថា អ្នកដែលមានជំងឺភ្លេចភ្លាំង (Alzheimer's) ជំងឺញ័រដៃជើង (Parkinson's) និងជំងឺប្រព័ន្ធប្រសាទផ្សេងទៀត មានបញ្ហាខ្សោយការដុតរំលាយថាមពលនៅក្នុងខួរក្បាល ហើយការបន្ថែម Creatine អាចជាមធ្យោបាយមួយដើម្បីបង្កើនការផលិតថាមពល។ ប៉ុន្តែ ការសាកល្បងព្យាបាលលើអ្នកជំងឺ Huntington និង Parkinson បានផ្តល់លទ្ធផលគួរឱ្យខកចិត្ត ដោយមិនបង្ហាញពីអត្ថប្រយោជន៍ចំពោះរោគសញ្ញារបស់អ្នកជំងឺឡើយ។

Most Popular

To Top