បរទេស៖ តើការទទួលទានសណ្តែក ដីជារៀងរាល់ថ្ងៃ ពិតជាអាចជួយថែរក្សាការចងចាំ របស់យើងនៅពេលចាស់ទៅមែនឬទេ? យោងតាមការសិក្សាវិទ្យាសាស្ត្រថ្មីមួយបានបង្ហាញថា ការទទួលទានសណ្តែកដីជាប្រចាំថ្ងៃ អាចជួយធ្វើឱ្យប្រសើរឡើងនូវប្រតិកម្មរបស់ខួរក្បាលចំពោះអាំងស៊ុយលីន (Insulin) នៅក្នុងតំបន់ដែលពាក់ព័ន្ធនឹងការចងចាំរបស់មនុស្សវ័យចំណាស់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។
ការសិក្សានេះត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី "Food & Function" ដោយក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maastricht ក្នុងប្រទេសហូឡង់ ក្នុងគោលបំណងពិនិត្យមើលពីឥទ្ធិពលនៃការទទួលទានសណ្តែកដីជាប្រចាំ ទៅលើការឆ្លើយតបរបស់ខួរក្បាលចំពោះអាំងស៊ុយលីននៅពេលដែលអាយុកាន់តែច្រើន។
ការពិសោធន៍នេះមានការចូលរួមពីមនុស្សដែលមានសុខភាពល្អចំនួន ៣១ នាក់ ដែលមានអាយុចន្លោះពី ៦០ ទៅ ៧៥ ឆ្នាំ។ អ្នកចូលរួមត្រូវបានតម្រូវឱ្យទទួលទានសណ្តែកដីលីងមានសំបក (មិនមានជាតិប្រៃ) ចំនួន ៦០ ក្រាមជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ១៦ សប្តាហ៍។ បន្ទាប់មក អ្នកស្រាវជ្រាវបានប្រៀបធៀបលទ្ធផលជាមួយរយៈពេលមួយផ្សេងទៀតដែលពួកគេមិនបានទទួលទានសណ្តែកដី។
លទ្ធផលបានបង្ហាញពីការកែលម្អប្រតិកម្មរបស់ខួរក្បាលនៅផ្នែកអឌ្ឍគោលខាងស្តាំចំពោះអាំងស៊ុយលីន រួមទាំងផ្នែកខ្លះនៃ Hippocampus, Parahippocampal gyrus, Lingual gyrus និង Posterior cingulate gyrus ដែលតំបន់ទាំងនេះសុទ្ធសឹងតែពាក់ព័ន្ធនឹងដំណើរការនៃការចងចាំ និងមុខងារយល់ដឹងផ្សេងៗទៀត។
ដើម្បីវាស់ស្ទង់ប្រតិកម្មនេះ អ្នកស្រាវជ្រាវបានផ្តល់អាំងស៊ុយលីនដល់អ្នកចូលរួមតាមរយៈច្រមុះ បន្ទាប់មកប្រើប្រាស់បច្ចេកវិទ្យាថតរូបភាពម៉ាញេទិក (MRI) ផ្អែកលើការកំណត់ស្លាកឈាមសរសៃអាកទែ (Arterial blood labelling) ដើម្បីវាស់ស្ទង់ការផ្លាស់ប្តូរលំហូរឈាមទៅកាន់តំបន់ផ្សេងៗនៃខួរក្បាល។
អាំងស៊ុយលីនដើរតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរការខួរក្បាលជាច្រើនដែលពាក់ព័ន្ធនឹងការរៀនសូត្រ ការចងចាំ និងការទំនាក់ទំនងរវាងកោសិកាសរសៃប្រសាទ។ ប្រតិកម្មរបស់ខួរក្បាលចំពោះអរម៉ូននេះ អាចនឹងចុះខ្សោយនៅពេលដែលអាយុកាន់តែច្រើន ដែលការផ្លាស់ប្តូរនេះមានទំនាក់ទំនងទៅនឹងការថយចុះនៃមុខងារយល់ដឹងពាក់ព័ន្ធនឹងវ័យ។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវមិនទាន់បានបង្ហាញច្បាស់ថា ការទទួលទានសណ្តែកដីអាចការពារការថយចុះមុខងារយល់ដឹង ឬបញ្ឈប់ការវិវឌ្ឍនៃជំងឺវង្វេង (Dementia) បានទាំងស្រុងនោះទេ ប៉ុន្តែពួកគេបានសង្កេតឃើញពីការផ្លាស់ប្តូរវិជ្ជមាននៃប្រតិកម្មរបស់តំបន់ខួរក្បាលជាក់លាក់ចំពោះអាំងស៊ុយលីន។
របកគំហើញនេះបានពង្រីកបន្ថែមលើការស្រាវជ្រាវមុនៗរបស់ក្រុមការងារដដែលនេះ ដែលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តី Clinical Nutrition កាលពីឆ្នាំ២០២៥ ដែលកាលនោះលទ្ធផលបានបង្ហាញពីការកើនឡើង ៣,៦% នៃលំហូរឈាមសរុបទៅកាន់ខួរក្បាល ព្រមទាំងការកែលម្អការចងចាំពាក្យសម្តី (Verbal memory) ៥,៨% បន្ទាប់ពីការធ្វើអន្តរាគមន៍រយៈពេល ១៦ សប្តាហ៍។
អ្នកស្រាវជ្រាវជឿជាក់ថា សមាសធាតុអាហារូបត្ថម្ភនៅក្នុងសណ្តែកដី អាចជាមូលហេតុនៃឥទ្ធិពលទាំងនេះ ដោយសារពួកវាផ្ទុកទៅដោយខ្លាញ់មិនឆ្អែត ជាតិសរសៃ វីតាមីន សារធាតុរ៉ែ សារធាតុសកម្មជីវសាស្រ្តរុក្ខជាតិ ក៏ដូចជាប្រូតេអ៊ីនរុក្ខជាតិ។
សណ្តែកដីក៏ជាប្រភពនៃអាស៊ីតអាមីណូ L-arginine ដែលរាងកាយប្រើដើម្បីផលិតនីទ្រីកអុកស៊ីត (Nitric oxide) ដែលជាសមាសធាតុជួយគ្រប់គ្រងមុខងារសរសៃឈាម និងអាចមានទំនាក់ទំនងទៅនឹងដំណើរការនៃការរៀនសូត្រនិងការចងចាំផងដែរ។
របកគំហើញទាំងនេះនៅតែទាមទារការស្រាវជ្រាវបន្ថែម ដើម្បីកំណត់ថាតើការផ្លាស់ប្តូរដែលបានកត់ត្រាទុកនៅក្នុងការឆ្លើយតបរបស់ខួរក្បាលចំពោះអាំងស៊ុយលីននេះ ពិតជាឆ្លុះបញ្ចាំងពីលទ្ធផលនៃការចងចាំ និងដំណើរការផ្លូវចិត្តដល់កម្រិតណា។ ការពិសោធន៍នេះមានការកម្រិតត្រឹមមនុស្ស ៣១ នាក់ប៉ុណ្ណោះ ហើយសូចនាករដែលអ្នកស្រាវជ្រាវសង្កេតឃើញ គឺនៅមិនទាន់គ្រប់គ្រាន់ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ថា សណ្តែកដីអាចផ្តល់ការការពារពីជំងឺអាល់ហ្សៃមឺរ (Alzheimer's) ឬជំងឺវង្វេងផ្សេងទៀតនៅឡើយទេ។
ការធ្វើការសិក្សាលើអ្នកចូលរួមក្នុងចំនួនច្រើនជាងនេះ និងការតាមដានពួកគេក្នុងរយៈពេលយូរ នឹងជួយបញ្ជាក់ឱ្យកាន់តែច្បាស់អំពីទំនាក់ទំនងនេះ និងដើម្បីកំណត់ថាតើអត្ថប្រយោជន៍សក្តានុពលទាំងនេះ អាចបន្តមានជាអចិន្ត្រៃយ៍ឬយ៉ាងណា។
ប្រែសម្រួល៖ គីរី
