ភ្នំពេញ ៖ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ សាលប្រជុំ នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ថ្នាក់ដឹកនាំសហព័ន្ធកីឡា ប្រយុទ្ធឃីតបុកស៊ីងកម្ពុជា បានបើកកិច្ចប្រជុំជាមួយមន្ត្រីបច្ចេកទេស ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីឃីតបុកស៊ីង របស់ខ្លួនដើម្បីត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាឃីកបុកស៊ីងជើងឯកអាស៊ី លើកទី២ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ នៅវិមាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។

កិច្ចប្រជុំនេះដោយមានអញ្ជើញចូលរួមពីសំណាក់ លោក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអគ្គលេខាធិការរង NOCC លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីតបុកស៊ីងកម្ពុជា លោក ម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា លោក គឹម ស្រ៊ុនកុសល អគ្គលេខាធិការសហព័ន្ធ ព្រមទាំងមន្ត្រីជំនាញ និងអត្តពលិកជើងចាស់-ជើងថ្មីជាច្រើនរូប។

លោក ហេង សុខឃន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាអ្នកឧបត្ថម្ភផ្តាច់មុខ។ លោកបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងទទួលស្វាគមន៍ប្រទេសចូលរួមចំនួន ២៤ ប្រទេស និងមានអត្តពលិក-ប្រតិភូបរទេសជាង ៧០០ នាក់ មកកាន់កម្ពុជា។ សម្រាប់កម្ពុជា បានចុះឈ្មោះអត្តពលិក ចំនួន ៨០ នាក់ រួចរាល់ហើយ ដើម្បីត្រៀមប្រកួតដណ្តើមមេដាយជូនជាតិ។

សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ជាសហព័ន្ធដែលមានសក្តានុពល និងធ្លាប់បានសាងស្នាដៃយ៉ាងធំធេងលើឆាកអន្តរជាតិ ហើយព្រឹត្តិការណ៍ដ៍ធំនេះគ្រោងមេដាយសរុបយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមាន មេដាយមាស ១៣៤, មេដាយប្រាក់ ១៣៤ និងមេដាយសំរឹទ្ធ ២៦៨ (ព្រមទាំងមេដាយស្ទួន ២៦៨ ទៀត) ក្នុងព្រឹត្តិការណ៍ដ៍សំខាន់នេះ៕



