កីឡា

ក្លឹប Real Madrid របស់អេស្ប៉ាញ ចេញមកសុំទោស ចំពោះប្រជាជនចិន បន្ទាប់ពីកីឡាករ Mbappe បានលើកឡើងថា អតីតមេដឹកនាំចិន ម៉ៅ សេទុង ជាមេដឹកនាំផ្តាច់ការ

បរទេស៖ ក្លឹប Real Madrid បានចេញសុំទោស កាលពីថ្ងៃពុធ បន្ទាប់ពីកីឡាករ Kylian Mbappe ដែលជាខ្សែប្រយុទ្ធជនជាតិបារាំងរបស់ខ្លួន បានបង្កឱ្យមានប្រតិកម្មតបតយ៉ាងខ្លាំងក្លា ចំពោះការលើកឡើងរបស់គេ ដែលបានហៅអតីតមេដឹកនាំចិន ម៉ៅ សេទុង (Mao Zedong) ថាជាមេដឹកនាំផ្តាច់ការ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ថា បន្ទាប់ពីការសុំទោសពីសំណាក់ Mbappe និងស្ថាប័ន LaLiga មិនអាចធ្វើឱ្យស្ថានការណ៍នៅប្រទេសចិនស្ងប់ស្ងាត់ទៅវិញបាន លោក Javier Tebas ប្រធានស្ថាប័ន LaLiga បានបង្កើតក្រុមការងារដោះស្រាយវិបត្តិមួយ និងបានជួបពិភាក្សាជាមួយលោក Yao Jing ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសអេស្ប៉ាញ។

ប្រតិកម្មតបតនេះ បានបង្ហាញឱ្យឃើញពីហានិភ័យសម្រាប់អត្តពលិក និងម៉ាកយីហោនានានៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សារដ៏មានសក្តានុពល និងរកប្រាក់ចំណូលបានច្រើន។ នៅក្នុងប្រទេសចិន ការលេងសើចបែបចំអក (satire) ពាក់ព័ន្ធនឹងលោក ម៉ៅ សេទុង ដែលជាមេដឹកនាំស្ថាបនិកនៃប្រទេសចិនសម័យទំនើប (បានដឹកនាំប្រទេសពីឆ្នាំ ១៩៤៩ រហូតដល់ពេលគាត់ទទួលមរណភាពនៅឆ្នាំ ១៩៧៦) នៅតែជារឿងហាមឃាត់មិនឱ្យលើកយកមកនិយាយនៅក្នុងសង្គម។

ក្លឹប Real Madrid បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លឹប Real Madrid CF សូមសម្តែងការសុំទោសចំពោះប្រជាជនចិន ចំពោះភាពមិនស្រួលចិត្តណាមួយដែលបង្កឡើងដោយសម្តីរបស់កីឡាករយើង គឺ Kylian Mbappe កាលពីពេលថ្មីៗនេះ»។
ប្រែសម្រួលៈ តុលា

Most Popular

To Top