កីឡា

ក្លិបបាល់ទាត់ PSG ត្រៀមការពារ តំណែងជើងឯក Intercontinental Cup នៅខែធ្នូ ខណៈប្រទេសកាតាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ

​បរទេស៖ ក្លិបជើងឯកតំណាងទ្វីបនានា នឹងត្រូវប្រជែងគ្នានៅប្រទេសកាតានាខែធ្នូខាងមុខនេះ ខណៈដែលក្លិបអ្នកមានបារាំង Paris Saint-Germain (PSG) កំពុងសម្លឹងរកការការពារតំណែងជើងឯក FIFA Intercontinental Cup ជាលើកទីពីរជាប់ៗគ្នា។ នេះជាឆ្នាំទីបីហើយដែលប្រទេសកាតា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីការប្រកួតជុំមុនៗ ត្រូវបានធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអាហ្វ្រិកខាងត្បូង នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។

​ក្លិបបាល់ទាត់យក្សរបស់បារាំង PSG នឹងត្រឡប់ទៅកាន់ប្រទេសកាតាវិញនៅខែធ្នូ ដើម្បីការពារតំណែងជើងឯករបស់ខ្លួន បន្ទាប់ពីប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ ត្រូវបានបញ្ជាក់ជាផ្លូវការថានឹងបន្តធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត ៣ ប្រកួតចុងក្រោយនៃព្រឹត្តិការណ៍នេះ សម្រាប់ឆ្នាំទី៣ ជាប់ៗគ្នា។

​យោងតាមការប្រកាសរបស់អ្នករៀបចំកម្មវិធីកាលពីថ្ងៃព្រហស្បតិ៍ ក្លិប PSG នឹងត្រូវរង់ចាំប្រកួតនៅវគ្គផ្តាច់ព្រ័ត្រតែម្តង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែធ្នូ នៅកីឡដ្ឋាន Ahmad bin Ali ក្នុងទីក្រុង Al Rayyan ដែលជាទីតាំងដដែលដែលពួកគេបានលើកពាននេះកាលពីឆ្នាំមុន។ ចំណែកការប្រកួត ២ ទៀត ដើម្បីស្វែងរកក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ និងថ្ងៃទី១២ ខែធ្នូ។

​PSG បានកក់កៅអីដោយស្វ័យ ប្រវត្តិសម្រាប់វគ្គផ្តាច់ព្រ័ត្រនេះ ក្រោយពីពួកគេបានការពារតំណែង ជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League ដោយជោគជ័យសម្រាប់រដូវកាល ២០២៥-២៦។ យោងតាមទម្រង់នៃការប្រកួតពានរង្វាន់ Intercontinental Cup ក្លិបដែលជាជើងឯកតំណាងទ្វីបអឺរ៉ុប នឹងទទួលបានសិទ្ធិឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ខណៈដែលក្លិបជើងឯកតំណាងសហព័ន្ធបាល់ទាត់ទ្វីបចំនួន ៥ ផ្សេងទៀត ត្រូវប្រកួតជម្រុះគ្នាដើម្បីដណ្តើមកៅអីមួយទៀតនៅវគ្គផ្តាច់ព្រ័ត្រ។

​គួររំលឹកផងដែរថា កាលពីខែធ្នូឆ្នាំមុន PSG បានយកឈ្នះលើក្លិប Flamengo របស់ប្រេស៊ីល ក្នុងលទ្ធផលបាល់ប៉េណាល់ទីកាត់សេចក្តី ២-១ បន្ទាប់ពីស្មើគ្នា ១-១ ក្នុងម៉ោងបន្ថែម ដើម្បីគ្រងជើងឯក Intercontinental Cup ជាលើកដំបូងរបស់ខ្លួន នៅចំពោះមុខទស្សនិកជនចំនួន ៤២.១៥០ នាក់។
​
ប្រែសម្រួល៖ គីរី

Most Popular

To Top