កីឡា

លោក កែ ប៊ុនខៀង ៖ ពិធីរត់ភ្លើងគប់ នៃការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏មានអត្ថន័យ និងជាការបោះជំហានយ៉ាងរឹងមាំបន្ថែមទៀត នៅក្នុងវិស័យកីឡាជាតិយើង

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នេះពិធីរត់ភ្លើងគប់ កីឡាជាតិលើកទី៥ បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការអញ្ជើញ ជាអធិបតីភាពដោយលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ៤០០០នាក់។

លោក កែ ប៊ុនខៀង បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះពិធីរត់ភ្លើងគប់ដែលបានធ្វើដំណើរមកដល់ខេត្តកំពង់ឆ្នាំង។ «ពិធីរត់ភ្លើងគប់ នៃការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិ ជនពិការលើកទី៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏មានអត្ថន័យ និងជាការបោះជំហានយ៉ាងរឹងមាំបន្ថែមទៀត នៅក្នុងវិស័យកីឡាជាតិយើង»។

លោកបានបន្ថែមទៀតថា ភ្លើងគប់កីឡាដែលកំពុងប្រគល់ និងដង្ហែនាពេលនេះមិនត្រឹមតែជាអណ្តាតភ្លើងនៃការប្រកួតប្រជែងនោះទេ ប៉ុន្តែវាជាសិរីមង្គល និមិត្តរូបនៃស្មារតីកីឡា មិត្តភាព និងកម្លាំងថាមពលនៃការបង្រួបបង្រួម ដែលចាំងឆ្លុះអណ្តាតភ្លើង សន្តិភាពពាសពេញផ្ទៃប្រទេស។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិនាឆ្នាំនេះធ្វើឡើងក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» និងស្របតាមទិសស្លោកដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា «យុវជនម្នាក់លេងកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត» ព្រមទាំងស្មារីកីឡារស់ក្នុងសន្តិភាព និងយុទ្ធនាការអប់រំគន្លឹះទាំង០៥។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៥ ខេត្តកំពង់ឆ្នាំង នឹងត្រូវរៀបចំការប្រកួតកីឡាទោចក្រយាន ដែលធ្វើឡើងនៅភ្នំត្រោក ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ការប្រកួតធ្វើឡើងពីថ្ងៃទី៥ ដល់ទី៨​ ខែវិច្ឆិកា ឆ្នាំ២០២៦៕

Most Popular

To Top