បច្ចេកវិទ្យា

មនុស្សយន្ត ដែលមានរូបរាងដូចមនុស្ស (Humanoid robots) នៅប្រទេសវៀតណាម ភាគច្រើននៅតែបម្រើត្រឹម ការតាំងបង្ហាញប៉ុណ្ណោះ

បរទេស៖ ទោះបីជាមនុស្សយន្ត ដែលមានរូបរាងដូចមនុស្ស (Humanoid robots) កំពុងបង្ហាញវត្តមានកាន់តែញឹកញាប់ នៅទូទាំងប្រទេសវៀតណាមក៏ដោយ ប៉ុន្តែភាគច្រើនពួកវាត្រូវបានដាក់ឱ្យប្រើប្រាស់ត្រឹមតែនៅក្នុងពិព័រណ៍ និងមន្ទីរពិសោធន៍ស្រាវជ្រាវប៉ុណ្ណោះ ជាជាងការប្រើប្រាស់ក្នុងគ្រួសារ ហើយពួកវាមិនសូវមានលទ្ធភាពជួយជំរុញដល់ផលិតភាពការងារនៅឡើយទេ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន VN Express ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

ថ្លែងនៅក្នុងសន្និសីទស្តីពីបញ្ញាសិប្បនិម្មិតរូបវន្ត (Embodied AI) របស់វៀតណាម កាលពីថ្ងៃទី២ ខែតុលា នៅរដ្ឋធានីហាណូយ លោក Lam Thien ដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុនផលិតមនុស្សយន្តចិន AgiBot បានគូសបញ្ជាក់ពីដំណាក់កាលធំៗចំនួន៣ នៅក្នុងទីផ្សារមនុស្សយន្តប្រភេទនេះ។

ដំណាក់កាលទីមួយ គឺ ផ្តោតលើការតាំងបង្ហាញ ការអប់រំ និងការស្រាវជ្រាវផ្នែកសិក្សាធិការ។ ដំណាក់កាលទីពីរ ដែលជាដំណាក់កាលមាន កំណើនលឿនបំផុត គឺការបញ្ចូលមនុស្សយន្តទៅក្នុងខ្សែចង្វាក់ផលិតកម្មឧស្សាហកម្ម និងភស្តុភារឃ្លាំងទំនិញ។ លុះត្រាតែបច្ចេកវិទ្យានេះឈានដល់ភាពពេញវ័យ និងល្អឥតខ្ចោះ ទើបម៉ាស៊ីនទាំងនេះអាចឈានចូលដល់ការប្រើប្រាស់តាមផ្ទះសម្បែងបាន។

ផ្អែកលើរង្វាស់រង្វាល់នេះ លោក Thien បានកត់សម្គាល់ថា វៀតណាមកំពុងស្ថិតនៅក្នុងដំណាក់កាលទីមួយយ៉ាងពិតប្រាកដ។ បច្ចុប្បន្ន មនុស្សយន្តទាំងនេះ ភាគច្រើនគ្រាន់តែអាចបង្ហាញពីជំនាញចលនាមូលដ្ឋាន ដូចជាការដើរ ការរាំ ឬការសម្តែងក្បាច់គុន ដែលភាគច្រើនបម្រើជាឧបករណ៍សម្រាប់វិស័យអប់រំ និងការស្រាវជ្រាវប៉ុណ្ណោះ។

បរិស្ថានដែលត្រូវបានគ្រប់គ្រងទាំងនេះ ទាមទារលក្ខខណ្ឌបច្ចេកទេសទាបជាងឆ្ងាយ បើធៀបទៅនឹងការដាក់ពង្រាយមនុស្សយន្ត ឱ្យធ្វើការនៅក្នុងខ្សែចង្វាក់ដំឡើងដ៏សកម្ម ក្នុងឃ្លាំងដ៏មមាញឹក ឬកន្លែងរស់នៅជាក់ស្តែងក្នុងផ្ទះ។

ផ្ទុយទៅវិញ ប្រទេសចិន ដែលត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលពិភពលោកសម្រាប់មនុស្សយន្តនោះ បានឈានចូលដល់ដំណាក់កាលទីពីរ រួចទៅហើយ និងកំពុងចាប់ផ្តើមការសាកល្បងជំហានដំបូងសម្រាប់ដំណាក់កាលទីបី។ លោក Thien បានលើកឡើងថា អ្នកទិញសម្លឹងមើលឆ្ងាយជាងត្រឹមតែគ្រឿងម៉ាស៊ីន (Hardware) ធម្មតា ដោយលោកបញ្ជាក់ថា៖ «អតិថិជនមិនមែនទិញមនុស្សយន្តទេ ប៉ុន្តែពួកគេទិញលទ្ធផល»។

លោកបានបន្តថា អតិថិជនមិនសូវខ្វល់ខ្វាយពីលក្ខណៈបច្ចេកទេស ដូចជាកម្រិតភាពបត់បែននៃការធ្វើចលនា ប្រព័ន្ធសេនស័រ (Sensors) ឬកម្រិតភាពច្បាស់របស់កាមេរ៉ានោះទេ អ្វីដែលពួកគេចង់ដឹងគឺថាតើម៉ាស៊ីនទាំងនោះអាចកាត់បន្ថយការចំណាយ ឬជួយបង្កើនទិន្នផលការងារបានកម្រិតណា។

ដោយយោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research លោក Thien បានកត់សម្គាល់ថា ការនាំចេញមនុស្សយន្ត (humanoid) នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ជិត ៣០០% នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ ដែលមានចំនួនសរុប ២២.០០០គ្រឿង។

ក្រុមហ៊ុនផលិតកំពូលទាំង៥ ដែលសុទ្ធសឹងតែមានមូលដ្ឋាននៅប្រទេសចិន ក្តោបក្តាប់ចំណែកទីផ្សាររហូតដល់ ៨៦% ក្នុងនោះក្រុមហ៊ុន AgiBot នាំមុខគេជាមួយនឹងចំណែកទីផ្សារ ៤៣,១% ខណៈក្រុមហ៊ុន Unitree តាមពីក្រោយក្នុងអត្រា ៣១%។

លោក Abel Deng អ្នកគ្រប់គ្រងប្រចាំតំបន់មជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន AgiBot បានលើកឡើងនៅក្នុងកិច្ចប្រជុំនោះថា បញ្ញាសិប្បនិម្មិត (AI) កំពុងធ្វើការបោះជំហានជាមូលដ្ឋានដ៏សំខាន់មួយ ពីការបង្ហាញលើអេក្រង់ឌីជីថល មកកាន់ពិភពជាក់ស្តែង (physical world)។

លោកបានគូសបញ្ជាក់ពីកត្តាជំរុញសំខាន់ៗចំនួន៣ ដែលកំពុងរុញច្រានឧស្សាហកម្មនេះ រួមមាន៖ ទី១. ទម្រង់ភាសាខ្នាតធំ (Large Language Models) ដែលជួយឱ្យម៉ាស៊ីនយល់កាន់តែច្បាស់ពីចេតនារបស់មនុស្ស និងបរិស្ថានជុំវិញខ្លួន ទី២. តួខ្លួនរឹងមាំជាងមុន ដែលផលិតឡើងពីវត្ថុធាតុដើមទំនើបៗ ថាមពលថ្មកាន់តែល្អ ឧបករណ៍ទាញចលនា (actuators) ដែលអាចទុកចិត្តបាន រួមនឹងគ្រឿងបន្លាស់ (hardware) ដែលមានភាពជាក់លាក់ខ្ពស់ និងទី៣. ទិន្នន័យប្រតិបត្តិការ។

នៅពេលដែលមនុស្សយន្តកាន់តែច្រើនត្រូវបានដាក់ឱ្យប្រតិបត្តិការ ពួកវានឹងប្រមូលបាននូវទិន្នន័យជាក់ស្តែងដ៏មានតម្លៃ ដែលអាចជួយពង្រឹងម៉ូដែល AI និងបើកផ្លូវសម្រាប់ការពង្រីកការប្រើប្រាស់កាន់តែទូលំទូលាយ។

ទោះបីជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរូបវន្ត (Embodied AI) នៅក្មេងខ្ចីនៅឡើយក្តី ប៉ុន្តែលោក Deng មើលឃើញពីសក្តានុពលពាណិជ្ជកម្មដ៏ធំធេង។ បច្ចុប្បន្ន ការអភិវឌ្ឍកំពុងបែងចែកជាពីរគន្លងសំខាន់ៗ ទី១ គឺការស្វែងរកវិធីពង្រឹងចលនាឱ្យដូចមនុស្ស ដើម្បីផ្តល់អត្ថប្រយោជន៍ភ្លាមៗសម្រាប់វិស័យស្រាវជ្រាវ ការអប់រំ និងការកម្សាន្ត និងទី២ គឺការបណ្តុះបណ្តាលម៉ាស៊ីនឱ្យ «ធ្វើការដូចមនុស្ស» នៅក្នុងរោងចក្រ មជ្ឈមណ្ឌលភស្តុភារ និងទីតាំងឧស្សាហកម្មជាក់ស្តែង។

ងាកមកមើលក្នុងទិដ្ឋភាពនៃគោលនយោបាយវិញ លោក Do Tien Thinh នាយករងនៃមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) បានថ្លែងថា បញ្ញាសិប្បនិម្មិតរូបវន្តនេះ មិនមែនជាគំនិតថ្មីស្រឡាងទាំងស្រុងនោះទេសម្រាប់ប្រទេសវៀតណាម។
ជាក់ស្តែង មន្ទីរពេទ្យនានាធ្លាប់បានដាក់ពង្រាយមនុស្សយន្តក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ហើយសហគ្រាសក្នុងស្រុកមួយចំនួនក៏បានធ្វើការសាកល្បងប្រើប្រាស់រួចមកហើយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លោក Thinh បានទទួលស្គាល់ថា ការអភិវឌ្ឍផ្នែកគ្រឿងម៉ាស៊ីន (hardware) ហាក់នៅមានភាពយឺតយ៉ាវគួរឱ្យកត់សម្គាល់ បើធៀបនឹងការដាក់ឱ្យប្រើប្រាស់នូវកម្មវិធី AI ផ្នែកទន់ (software) ដូចជាកម្មវិធីជជែកកម្សាន្ត (conversational chatbots) និងថ្នាលទម្រង់ភាសាខ្នាតធំ។

ដោយគូសបញ្ជាក់ថា ប្រទេសវៀតណាមបានបង្កើតនូវក្របខណ្ឌគោលនយោបាយដ៏ទូលំទូលាយមួយសម្រាប់បញ្ញាសិប្បនិម្មិត និងមនុស្សយន្ត លោក Thinh បានថ្លែងថា ទីផ្សារក្នុងស្រុកពិតជាមានសក្តានុពលដ៏ធំធេងសម្រាប់ការប្រើប្រាស់ជាក់ស្តែងយ៉ាងទូលំទូលាយ។

ជាក់ស្តែង មនុស្សយន្តដែលមានរូបរាងដូចមនុស្ស អាចនឹងធ្វើបដិវត្តន៍ការផលិតគ្រឿងអេឡិចត្រូនិក សហគ្រាសកាត់ដេរ ការកែច្នៃម្ហូបអាហារ កំពង់ផែសមុទ្រ ភស្តុភារ និងវិស័យកសិកម្ម តាមរយៈការជំរុញផលិតភាពការងារឱ្យកាន់តែខ្ពស់។

ក្រុមហ៊ុនវៀតណាមក៏មានឱកាសក្នុងការចូលរួមចំណែកក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកលផងដែរ ដូចជាការផលិតគ្រឿងបន្លាស់មេកានិក ឧបករណ៍ម៉ាស៊ីនដែលមានភាពជាក់លាក់ខ្ពស់ និងបន្ទះឈីប (semiconductors) ឯកទេស ក៏ដូចជាការផ្គត់ផ្គង់ប្រព័ន្ធកម្មវិធី (software) ដែលមានសមាហរណកម្ម ទិន្នន័យបណ្តុះបណ្តាល និងសេវាកម្មថែទាំផងដែរ។

ជាចុងក្រោយ មូលដ្ឋានគ្រឹះបច្ចេកវិទ្យានេះ ក៏អាចជួយទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសដែលមានតម្លៃខ្ពស់ ព្រមទាំងទាក់ទាញរោងចក្រផលិតកម្មឆ្លាតវៃ និងមជ្ឈមណ្ឌលស្រាវជ្រាវ ដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សពហុជាតិសាសន៍ ផងដែរ។

នៅក្នុងទស្សនៈរបស់លោក Thinh កំណើននៃធនធានមនុស្សដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យា និង AI របស់ប្រទេសវៀតណាម គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីដែលកំពុងរីកចម្រើននេះ។

ប្រែសម្រួល៖ គីរី

Most Popular

To Top