បច្ចេកវិទ្យា

Nvidia ធ្លាក់ចុះចំណែកទីផ្សារបន្ទះឈីប AI នៅចិន ខណៈ Huawei កំពុងកាត់បន្ថយគម្លាតប្រកួតប្រជែងយ៉ាងប្រកិត

ប៉េកាំង៖ ចំណែកទីផ្សារបន្ទះឈីប AI សម្រាប់មជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុនអាមេរិក Nvidia នៅក្នុងប្រទេសចិន បានធ្លាក់ចុះមកនៅត្រឹម ៣៤% នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៦។ ការធ្លាក់ចុះនេះកើតឡើង ស្របពេលដែលសហរដ្ឋអាមេរិក បានរឹតបន្តឹងការនាំចេញ ខណៈដែលក្រុមហ៊ុនក្នុងស្រុករបស់ចិន ដឹកនាំដោយ Huawei កំពុងដណ្តើមបានចំណែកទីផ្សារកាន់តែច្រើនឡើងៗ។ នេះបើយោងតាមរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវ IDC ដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាន។

ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន Nvidia បាននាំចេញបន្ទះឈីបបង្កើនល្បឿន AI (AI Accelerators) ចំនួន ៦៧៨.០០០ គ្រឿងនៅចិន ដែលតួលេខនេះបានធ្លាក់ចុះ ៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កំណើនរបស់ Huawei និងក្រុមហ៊ុនចិនផ្សេងទៀត៖ ក្រុមហ៊ុន Huawei បាននាំចេញបន្ទះឈីបចំនួន ៥៧២.០០០ គ្រឿង (កើនឡើងពី ៣០០.០០០ គ្រឿងកាលពីឆ្នាំមុន) ដែលជួយឱ្យក្រុមហ៊ុននេះក្តោបក្តាប់បានចំណែកទីផ្សារ ២៨%។ ក្រុមហ៊ុនចិនផ្សេងទៀតរួមមាន T-Head របស់ Alibaba (៧%), Cambricon (៥%), Kunlunxin របស់ Baidu (៤%) និង Hygon (៣%) ក៏កំពុងទទួលបានចំណែកទីផ្សារជាបន្តបន្ទាប់ផងដែរ។

ការផ្លាស់ប្តូរតម្រូវការទីផ្សារ៖ ការនាំចេញបន្ទះឈីបប្រភេទ GPU (ដែលប្រើច្រើនបំផុតសម្រាប់បណ្តុះបណ្តាល AI) បានធ្លាក់ចុះ ២៦%។ ផ្ទុយទៅវិញ ការនាំចេញបន្ទះឈីប AI សម្រាប់កិច្ចការជាក់លាក់ផ្សេងទៀត បានកើនឡើងជិត ៨០% (ចំនួនជាង ១លានគ្រឿង) ដែលជាចំនួនវ៉ាដាច់បន្ទះឈីបប្រភេទ GPU ទៅទៀត។

ការធ្លាក់ចុះនេះ គឺជាលទ្ធផលដោយផ្ទាល់នៃការដែលទីក្រុងវ៉ាស៊ីនតោនបានរឹតត្បិតការចូលដំណើរការរបស់ចិនទៅកាន់បន្ទះឈីប AI ដ៏មានឥទ្ធិពលបំផុតរបស់ Nvidia ។ ស្របពេលជាមួយគ្នានេះ ទីក្រុងប៉េកាំងបានជំរុញឱ្យមានការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសវិញ និងតម្រូវឱ្យក្រុមហ៊ុនចិនត្រូវសុំការអនុញ្ញាតជាមុន មុននឹងសម្រេចចិត្តនាំចូលបន្ទះឈីបរបស់ Nvidia។

ជុំវិញបញ្ហានេះ នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang ធ្លាប់បានរិះគន់ជាច្រើនលើកច្រើនសារចំពោះវិធានការរឹតត្បិតការនាំចេញរបស់អាមេរិក ដោយលោកបានលើកឡើងថា គោលនយោបាយនេះបានបង្ខំឱ្យក្រុមហ៊ុនអាមេរិក បោះបង់ទីផ្សារបន្ទះឈីប AI នៅចិនដែលមានទំហំដល់ទៅ ៥០ពាន់លានដុល្លារ ទៅឱ្យក្រុមហ៊ុន Huawei យ៉ាងងាយស្រួល។

ស្ថាប័ន IDC បានកត់សម្គាល់ថា ក្រុមហ៊ុនផលិតរបស់ចិនដូចជា Huawei, T-Head, Kunlunxin និង Cambricon បានក្តោបក្តាប់ ៩៥% នៃទីផ្សារបន្ទះឈីបដែលមិនមែនជាប្រភេទ GPU ដែលភាគច្រើនត្រូវបានប្រើប្រាស់ដោយទីភ្នាក់ងាររដ្ឋាភិបាល ក្រុមហ៊ុនអ៊ីនធឺណិត និងក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍នៅចិន។ ការប្រកួតប្រជែងបច្ចុប្បន្ន កំពុងផ្លាស់ប្តូរពីការផ្តោតលើសមត្ថភាពនៃបន្ទះឈីបតែមួយ ទៅជាសមត្ថភាពប្រព័ន្ធរួមបញ្ចូលគ្នា (System-level capabilities) វិញ។

ជារួម ស្ថាប័ន IDC រំពឹងថា ការនាំចេញបន្ទះឈីប AI គ្រប់ប្រភេទនៅក្នុងប្រទេសចិន នឹងនៅតែកើនឡើង ១៩% នៅឆ្នាំនេះ ទោះបីជាការនាំចេញប្រភេទ GPU អាចនឹងប្រឈមការធ្លាក់ចុះ ៩% ក៏ដោយ។

ប្រែសម្រួល៖​ គីរី

Most Popular

To Top