កីឡា

ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី៣១ ក្រោមប្រធានបទ ក្រោម ពាក្យស្លោក “រត់ដើម្បីភាពយូរអង្វែង” ដោយបង្កប់អត្ថន័យ សំខាន់ៗចំនួន៣

ភ្នំពេញ ៖ ព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី៣១ (The 31st Angkor Wat International Half Marathon 2026) នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ធ្វើឡើងក្រោមប្រធានបទ ក្រោម ពាក្យស្លោក“រត់ដើម្បីភាពយូរអង្វែង” ដោយបង្កប់អត្ថន័យ សំខាន់ៗចំនួន៣ ដោយព្រឹត្តិការណ៍នេះ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរខេត្តសៀមរាប និងដៃគូសហការ ឧបត្ថម្ភ នានា ។

នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្នុងពិធីសន្និសីទសារព័ត៌មាន ស្តីពី ទិវារត់ប្រណាំង អន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង លើកទី៣១ នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៦ នៅគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ NOCC លោក ចាន់ រដ្ឋាន អគ្គនាយកក្រុមហ៊ុនមេនូឡាយហ្វ៍ លោក វ៉ា ស៊ិនភីរម្យ គឺជាទីប្រឹក្សាជាន់ខ្ពស់នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបន្ទុកបេសកកម្មពិសេស លោក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក សែម ផល្លា នាយកចាត់ការទូទៅ នៃព្រឹត្តិការណ៍រត់ប្រណាំង អន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង ព្រមទាំង បណ្តាដៃគូសហការ ឧបត្ថម្ភ នានា របស់គណៈកម្មាធិការជាតិ អូឡាំពិក។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង ជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិក បានមានប្រសាសន៍ថា ទិវារត់ប្រណាំង ពាក់កណ្តាល ម៉ារ៉ា តុង អន្តរជាតិអង្គរ លើកទី៣១ ឆ្នាំនេះ រៀបចំឡើង ក្រោម ពាក្យស្លោក“រត់ដើម្បីភាពយូរអង្វែង” ដោយបង្កប់អត្ថន័យ សំ ខាន់ៗចំនួន៣ ដោយរំពឹងថា នឹងមានអ្នកចូលរួម រត់ ប្រមាណជាង១.៥០០០នាក់ទៅ១.៦០០០នាក់ ។ លោកអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិក បានបន្ត ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរគឺជាព្រឹត្តិការណ៍រត់ដែលទទួលបានជោគជ័យបំផុត។ កាលពីជិត៣០ឆ្នាំមុន អ្នកចូលរួមប្រមាណក្រោម៥០០នាក់ប៉ុណ្ណោះ សម្រាប់ព្រឹត្តិការណ៍លើកទី១ ប៉ុន្តែឆ្នាំបន្តបន្ទាប់មកអ្នកចូលរួម បានកើនឡើងជាលំដាប់រហូតដល់ជិត ២ ម៉ឺននាក់ ។

លោក ចាន់ រដ្ឋាន បានប្រាប់ឲ្យដឹងថា ខ្ញុំបាទមានមោទនភាពយ៉ាងក្រៃលែង ដែលយើងបានបន្តកិច្ច សហការរៀបចំព្រឹត្តិការណ៍នេះ ប្រកបដោយជោគជ័យជារៀងរាល់ឆ្នាំ ។ បញ្ជាក់យ៉ាងច្បាស់ថា ព្រឹត្តិការណ៍របស់យើង មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនឲ្យមកកាន់ខេត្តសៀមរាបប៉ុណ្ណោះទេ ទាំងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពបងប្អូនអាជីវករផងដែរ។

សម្រាប់ឆ្នាំ ២០២៦ នេះ យើងនៅតែបន្តប្រើពាក្យស្លោក «រត់ដើម្បីភាពយូរអង្វែង»។ ពាក្យស្លោកដ៏ខ្លីនេះ បង្កប់នូវអត្ថន័យសំខាន់ៗ ចំនួន៣៖ទីមួយ គឺភាពយូរអង្វែងនៃសុខភាព អស់រយៈពេល ៣១ ឆ្នាំមកហើយ ព្រឹត្តិការណ៍បានរួមចំណែកលើកកម្ពស់សុខុមាលភាព និង បំផុសស្មារតីស្រឡាញ់កីឡាដល់មនុស្សគ្រប់វ័យ។ ទីពីរ គឺភាពយូរអង្វែងនៃបេតិកភណ្ឌអង្គរ ភាពអស្ចារ្យ និងភាពគង់វង្សយូរអង្វែងរបស់ប្រាសាទអង្គរវត្ត ដែលជាសម្បត្តិ បេតិកភណ្ឌពិភពលោក គឺជាផ្ទាំងទស្សនីយ៍ភាពស្រស់ត្រកាលតែមួយគត់ នៅលើពិភពលោក សម្រាប់អ្នករត់ប្រណាំង គ្រប់ទិសទីមកកាន់ឧទ្យានជាតិអង្គរ។ ទីបី និងជាអត្ថន័យដ៏សំខាន់បំផុត គឺភាពយូរអង្វែងនៃសន្តិភាព – ដូចពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» សន្តិភាពបានផ្តល់ឱកាសឱ្យយើងអាចជួបជុំគ្នា រត់ជាមួយគ្នាដោយភាពសប្បាយរីករាយ និងសុវត្ថិភាព ក្នុងថ្ងៃព្រឹត្តិការណ៍។

ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរនេះមាន៤វិញ្ញាសាគឺ មានចម្ងាយ២១គីឡូម៉ែត្រ ចម្ងាយ១០គីឡូម៉ែត្រ ចម្ងាយ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ៣គីឡូម៉ែត្រ ខណៈសម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងចូលរួមរត់ចម្ងាយ៥គីឡូម៉ែត្រ។ ក្នុងសន្និសីទសារព័ត៌មាននេះក៏មានការប្រគល់ថវិកាសប្បុរសធម៌ដែលជាថវិកាព្រឹត្តិការណ៍ឆ្នាំ២០២៥៕

Most Popular

To Top