បរទេស៖ តារាចម្រៀងប៉ុបអាមេរិក Kelly Clarkson ត្រូវបានម្ចាស់ហាងល ក់វត្ថុអនុស្សាវរីយ៍មួយកន្លែងនៅតំបន់ Brooklyn ទីក្រុងញូវយ៉ក ចោទប្រកាន់ថា បានប្រើប្រាស់ប្រជាប្រិយភាព និងឥទ្ធិពលរបស់ខ្លួន ដើម្បីវាយប្រហារលើអាជីវកម្មខ្នាតតូចតាមបណ្តាញសង្គម ដែលបណ្តាលឱ្យបុគ្គលិកហាង រងការគំរាមកំហែង និងប៉ះពាល់ដល់សុវត្ថិភាពយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន FoxNews ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ។

យោងតាមសេចក្តីរាយការណ៍ ហេតុការណ៍ និងចំណុចសំខាន់ៗនៃជម្លោះនេះមានដូចជា ជម្លោះនេះបានផ្ទុះឡើងកាលពីពេលថ្មីៗនេះ នៅពេលដែល Kelly Clarkson បានចូលទៅកាន់ហាងឈ្មោះ Art of Play ហើយចង់ទិញសត្វស្លាបយន្តមេកានិក (Mechanical singing bird) មួយ។ ក្រោយមក នាងបានបង្ហោះសារលើបណ្តាញសង្គម X ដោយរិះគន់ហាងនោះថា បុគ្គលិកបានសម្តែង ការរើសអើង ដោយសម្លឹងមើលនាង ក្នុងន័យថានាងគ្មានលទ្ធភាពទិញ និងបានណែនាំរបស់ផ្សេងដែលថោកជាងឱ្យនាង។ នាងបានប្រៀបធៀបខ្លួនឯងទៅនឹងតួអង្គ Julia Roberts ក្នុងរឿង “Pretty Woman” ដែលត្រូវអ្នកលក់មើលងាយ។
លោក Adam Rubin សហស្ថាបនិកហាង Art of Play បានចេញមុខច្រានចោលការចោទប្រកាន់នេះ ដោយហៅវាថាជា “ការយល់ច្រឡំដ៏ឆ្កួតលីលា”។ លោកពន្យល់ថា សត្វស្លាបយន្តនោះមានឈ្មោះថា “Molly” ដែលត្រូវបានបំពាក់ជាប់ជញ្ជាំងសម្រាប់តែការសម្តែងសៀកនៅក្នុងហាងប៉ុណ្ណោះ និងមិនមែនសម្រាប់លក់នោះទេ។
បុគ្គលិកហាងបានពន្យល់ Clarkson ថាប្រសិនបើនាងចង់បាន សិល្បករដែលផលិតវាមានសត្វស្លាបស្រដៀងគ្នានេះលក់ក្នុងតម្លៃ ១៥.០០០ ដុល្លារ។ ទន្ទឹមនឹងនេះ បុគ្គលិកក៏បានផ្តល់ជម្រើសសត្វស្លាបយន្តមួយទៀតតម្លៃ ២.០០០ ដុល្លារឱ្យនាងមើលផងដែរ ប៉ុន្តែនាងមិនបាននៅស្តាប់ការបកស្រាយឱ្យចប់ចុងចប់ដើមនោះទេ ហើយក៏ដើរចេញទៅបាត់។
ក្រោយការបង្ហោះសាររបស់តារាចម្រៀងរូបនេះ ហាង Art of Play ទទួលរងការវាយលុកយ៉ាងខ្លាំងពីអ្នកគាំទ្ររបស់នាង តាមរយៈការតេចូលរំខាន ការផ្ញើអ៊ីមែល ព្រមទាំងសារគំរាមកំហែង និងការប្រើប្រាស់ពាក្យសម្តីស្អប់ខ្ពើម (Hate speech) ទៅលើបុគ្គលិក។ លោក Rubin បានបញ្ជាក់យ៉ាងច្បាស់ថា៖ “Kelly Clarkson បានដាក់ពួកយើងឱ្យស្ថិតក្នុងគ្រោះថ្នាក់។ អ្នករាល់គ្នាកំពុងត្រូវបានគេគំរាមកំហែងសូម្បីតែដើរនៅតាមដងផ្លូវ”។
ដើម្បីឆ្លើយតបទៅនឹងភាពចម្រូងចម្រាសដែលល្បីសុះសាយពេញអ៊ីនធឺណិតនេះ ហាង Art of Play បានសម្រេចចិត្តបិទស្លាកតម្លៃសត្វស្លាបយន្ត Molly នោះរហូតដល់ ១៥ លានដុល្លារ ដោយលើកហេតុផលបែបឌឺដងថា “ដោយសារតែមានតម្រូវការខ្ពស់”។
ប្រែសម្រួល៖ គីរី
