ព័ត៌មានអន្តរជាតិ

រោគសញ្ញាមហារីក លើកុមារងាយនឹងត្រូវមើលរំលង តើមាតាបិតា គួរកត់សម្គាល់លើចំណុចអ្វីខ្លះ?

​ចក្រភពអង់គ្លេស ៖ ទោះបីជាកម្រកើតមាន ប៉ុន្តែជំងឺមហារីកគឺជាមូលហេតុចម្បង ដែលបណ្តាលឱ្យកុមារអាយុក្រោម ១៥ឆ្នាំ ស្លាប់ច្រើនជាងគេនៅ ក្នុងចក្រភពអង់គ្លេស។ យ៉ាងណាមិញ មានមាតាបិតាមិនដល់មួយភាគបីផង ដែលមានទំនុកចិត្តថា ខ្លួនអាចសម្គាល់ដឹងពីរោគសញ្ញានៃជំងឺនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ។

​យោងតាមទិន្នន័យពីស្ថាប័នស្រាវជ្រាវជំងឺមហារីកអង់គ្លេស (Cancer Research UK) កុមារប្រមាណ ១.៩០០ នាក់ ដែលមានអាយុពី ០ ដល់ ១៤ ឆ្នាំ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកជារៀងរាល់ឆ្នាំ។ ដោយសារតែកុមារស្ថិតក្នុងវ័យកំពុងលូតលាស់ ជំងឺមហារីកលើកុមារវិវត្តលឿន ជាងមនុស្សពេញវ័យខ្លាំងណាស់។

​រឿងរ៉ាវរបស់កុមារី Amelia Carroll៖ កុមារី Amelia Carroll អាយុ ១៣ឆ្នាំ ដែលបច្ចុប្បន្នស្ថានភាពជំងឺបានធូរស្រាល (Remission) ត្រូវបានគ្រូពេទ្យរកឃើញថាមានជំងឺមហារីកឈាមប្រភេទ Acute Myeloid Leukaemia (AML) កាលពីឆ្នាំមុន។

​អ្នកស្រី Gemma ដែលជាម្តាយបានរំលឹកថា រោគសញ្ញាដំបូងៗគឺងាយនឹងធ្វើឱ្យយើងមើលរំលងបំផុត។ អ្នកស្រីបានឱ្យដឹងថា កូនស្រីមានអាការៈអស់កម្លាំង និងហត់ដង្ហើមញាប់បន្ទាប់ពីហាត់ប្រាណតិចតួច ដែលអាការៈទាំងនេះត្រូវបានគ្រួសារសន្និដ្ឋានថា មកពីនាងមិនសូវមានកាយសម្បទាមាំមួន ឬគ្រាន់តែអស់កម្លាំងពីការរៀនសូត្រប៉ុណ្ណោះ។

​ប៉ុន្តែរឿងដែលធ្វើឱ្យអ្នកស្រី Gemma ចាប់ផ្តើមដឹងថាមានភាពមិនប្រក្រតី គឺនៅពេលដែល Amelia ចាប់ផ្តើមលេចចេញនូវស្នាមជាំ។ ការចាប់ផ្តើមដំបូងគឺមានស្នាមជាំក្រហមតែមួយកន្លែង ដែលលេចឡើងដោយគ្មានមូលហេតុ។

បីថ្ងៃក្រោយមក ស្នាមជាំបានលេចឡើងពេញស្មងជើងទាំងសងខាង ដែលមានសភាពហើម និងឈឺចាប់។ ពេលទៅពិនិត្យភ្នែក គ្រូពេទ្យថែមទាំងសង្កេតឃើញ មានសរសៃឈាមបែកនៅក្នុងភ្នែកទៀតផង។ ត្រឹមរយៈពេល ១០ថ្ងៃប៉ុណ្ណោះ គ្រូពេទ្យបានបញ្ជាក់ពីប្រភេទ ជំងឺមហារីកឈាម ហើយនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីចាប់ផ្តើមការព្យាបាល។

​អ្នកស្រី Gemma បានរំលឹកទាំងរំជួលចិត្តថា៖ “នៅថ្ងៃដែលគ្រូពេទ្យបញ្ជាក់ពីជំងឺ នាងបានសួរខ្ញុំថា ‘តើកូននឹងស្លាប់មែនទេ?’ ខ្ញុំបានប្រាប់នាងវិញថា ទេ គ្រូពេទ្យកំពុងធ្វើគ្រប់យ៉ាង និងមានផែនការព្យាបាលច្បាស់លាស់ ដើម្បីយកឈ្នះជំងឺមហារីកនេះ។”

តើរោគសញ្ញាអ្វីខ្លះដែលមាតាបិតាគួរយកចិត្តទុកដាក់?
សាស្ត្រាចារ្យ Bob Phillips អ្នកឯកទេសផ្នែកជំងឺមហារីកកុមារ បានមានប្រសាសន៍ថា វាជារឿងសំខាន់ណាស់ដែលមាតាបិតាត្រូវតាមដានមើលបណ្តុំនៃរោគសញ្ញាដែលចេះតែកើតមានបន្តបន្ទាប់ កាន់តែធ្ងន់ធ្ងរ ឬរីកធំជាងមុន។ លោកបានណែនាំឱ្យទាក់ទងទៅគ្រូពេទ្យ ប្រសិនបើកុមារមានរោគសញ្ញាដូចជា បញ្ហាប្រឈមនៃភាពយឺតយ៉ាវក្នុងការធ្វើរោគវិនិច្ឆ័យ
​លោកសាស្ត្រាចារ្យបានបញ្ជាក់បន្ថែមថា នៅទូទាំងចក្រភពអង់គ្លេស កុមារប្រមាណពាក់កណ្តាលដែលត្រូវបានរកឃើញថាមានជំងឺមហារីក ទទួលបានការធ្វើរោគវិនិច្ឆ័យយ៉ាងឆាប់រហ័សពោលគឺក្នុងរយៈពេលត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ។

​លោកមានប្រសាសន៍ថា៖ “វាជារយៈពេលមួយដ៏លឿន ប៉ុន្តែយើងចង់ធានាថាកុមារពាក់កណ្តាលទៀត មិនចាំបាច់រង់ចាំយូររហូតដល់ ១៦, ១៨, ២០ ឬ ២៥សប្តាហ៍ គិតចាប់ពីពេលចេញរោគសញ្ញាដំបូង រហូតដល់ទទួលបានការធ្វើរោគវិនិច្ឆ័យនោះឡើយ”។

​យោងតាមទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស (BMJ) ដែលបានស្រង់ទិន្នន័យពីស្ថាប័នស្រាវជ្រាវជំងឺមហារីកអង់គ្លេស (Cancer Research UK) បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ មានករណីជំងឺមហារីកថ្មីជាង ៤សែនករណី (៤០០.០០០) ត្រូវបានរកឃើញនៅចក្រភពអង់គ្លេស។ ទោះជាយ៉ាងណា មានអ្នកជំងឺត្រឹមតែ ៥៤% ប៉ុណ្ណោះ ដែលទទួលបានការប្រាប់ពីលទ្ធផលក្នុងចន្លោះពេលគោលដៅ ២៨ថ្ងៃ ដែលកំណត់ដោយប្រព័ន្ធសុខាភិបាលជាតិ (NHS)។

អស់កម្លាំងខ្លាំងខុសធម្មតា ស្លេកស្លាំងខ្លាំង មានស្នាមជាំដោយគ្មានមូលហេតុច្បាស់លាស់ មានដុំពកដែលកាន់តែរីកធំ ឬមិនបាត់ទៅវិញតាមពេលវេលា វិធាន “លេខ៣” សម្រាប់អ្នកជំនាញវេជ្ជសាស្ត្រ អ្នកជំនាញពីសមាគមជំងឺមហារីកកុមារ និងយុវជន (CCLG) កំពុងជំរុញយុទ្ធនាការថ្នាក់ជាតិ ដើម្បីលើកកម្ពស់ការយល់ដឹង និងធ្វើឱ្យការព្យាបាលកាន់តែឆាប់រហ័ស។

យុទ្ធនាការនេះរួមមានវិធានការណ៍ “លេខ៣” ដែលគ្រូពេទ្យគួរពិចារណាស្នើសុំការពិនិត្យស៊ីជម្រៅ (Referral) ប្រសិនបើកុមារ៖
១. មានរោគសញ្ញាបន្តបន្ទាប់ចំនួន ៣
២. ឬបានមកជួបគ្រូពេទ្យចំនួន ៣ ដងរួចមកហើយ
៣. ឬមានរោគសញ្ញាមិនច្បាស់លាស់រយៈពេល ៣ សប្តាហ៍
​គួរកត់សម្គាល់ផងដែរថា អត្រានៃការរស់រានមានជីវិតពីជំងឺមហារីកកុមារបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ដោយបច្ចុប្បន្ននេះនៅចក្រភពអង់គ្លេស អត្រាជាសះស្បើយមានកម្រិតជាង ៨០% (កុមារ ៨ ក្នុងចំណោម ១០ នាក់ អាចរស់រានបានលើសពី ៥ ទៅ ១០ ឆ្នាំ ឬច្រើនជាងនេះ ក្រោយការធ្វើរោគវិនិច្ឆ័យ)។

​សាស្ត្រាចារ្យ Phillips បានសង្កត់ធ្ងន់ថា ការធ្វើរោគវិនិច្ឆ័យបានកាន់តែលឿន នឹងជួយឱ្យកុមារទទួលបានការព្យាបាលដែលមិនសូវធ្ងន់ធ្ងរខ្លាំង។ បច្ចុប្បន្ន កុមារី Amelia បានធូរស្រាលពីជំងឺ បានត្រឡប់ទៅចូលរៀនវិញ និងគ្រាន់តែត្រូវការការធ្វើតេស្តឈាម និងខួរឆ្អឹងរៀងរាល់ ៣ខែម្តងប៉ុណ្ណោះ។

Most Popular

To Top