បច្ចេកវិទ្យា

ក្រុមហ៊ុន Microsoft ផ្តល់កញ្ចប់សំណងចាកចេញដោយស្ម័គ្រចិត្តដល់បុគ្គលិកប្រមាណ ៦០.០០០ នាក់ ដើម្បីកាត់បន្ថយការចំណាយ និងត្រៀមថវិកាវិនិយោគលើវិស័យ AI

​វ៉ាស៊ីនតោន៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងផ្តល់កញ្ចប់សំណងចាកចេញដោយស្ម័គ្រចិត្ត (Voluntary Buyouts) ដល់បុគ្គលិកប្រមាណ ៦០.០០០ នាក់ ដែលស្មើនឹងជាងមួយភាគបួននៃកម្លាំងពលកម្មសរុបទូទាំងពិភពលោក ខណៈដែលក្រុមហ៊ុនស្វែងរកការគ្រប់គ្រងការចំណាយ ដើម្បីយកថវិកាទៅទ្រទ្រង់ដល់ការវិនិយោគដ៏មហាសាលលើវិស័យបញ្ញាសិប្បនិម្មិត (AI) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ។

​ប្រភពស្និទ្ធនឹងបញ្ហានេះបានទម្លាយប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បុគ្គលិកនៅទូទាំងផ្នែកផលិតកម្មវិធី Windows អាចមានសិទ្ធិទទួលបានការផ្តល់ជូននេះ រួមមានអ្នកដែលបម្រើការងារក្នុងផ្នែក AI experiences, Copilot, ហិរញ្ញវត្ថុ, ធនធានមនុស្ស, Xbox និង Windows + Devices។ ដោយឡែក ផ្នែកទីផ្សារ (Marketing), អាជីវកម្មពាណិជ្ជកម្ម (Commercial business) និងសន្តិសុខប្រព័ន្ធ (Security) មិនត្រូវបានរាប់បញ្ចូលក្នុងកម្មវិធីនេះឡើយ។

​ក្រុមហ៊ុន Microsoft បានបញ្ជាក់កាលពីថ្ងៃចន្ទថា កម្មវិធីនេះបើកផ្តល់ជូនសម្រាប់បុគ្គលិកដែលមានសិទ្ធិគ្រប់គ្រាន់ និងស្ថិតក្នុងកម្រិតការងារ (Level) ៧០ ចុះក្រោម នៅក្នុងក្រុមការងារដែលចូលរួម នៅប្រទេសកាណាដា ឥណ្ឌា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ក្រុមហ៊ុនបានបន្ថែមថា នេះជាកម្មវិធីស្ម័គ្រចិត្តដែលមានកំណត់ពេលវេលា និងត្រូវបានបង្កើតឡើងដោយផ្អែកលើបទពិសោធន៍ពីកម្មវិធីចូលនិវត្តន៍ដោយស្ម័គ្រចិត្តកាលពីពេលមុន។ បុគ្គលិកដែលមានសិទ្ធិគ្រប់គ្រាន់នឹងទទួលបានព័ត៌មានលម្អិតក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ។

​លោកស្រី Amy Coleman ប្រធានផ្នែកធនធានមនុស្ស (Chief People Officer) របស់ Microsoft បានបញ្ជាក់នៅក្នុងសារផ្ញើជូនបុគ្គលិកថា «ការផ្តល់ជូននេះ ផ្តល់ឱ្យបុគ្គលិកដែលមានលក្ខខណ្ឌគ្រប់គ្រាន់ និងកំពុងពិចារណាលើអនាគតការងារក្រៅក្រុមហ៊ុន នូវជម្រើសថ្មីមួយក្នុងការផ្លាស់ប្តូរការងារនាពេលនេះ ជាមួយនឹងការគាំទ្រជាកញ្ចប់អត្ថប្រយោជន៍។ វាក៏ផ្តល់ឱកាសឱ្យអង្គភាពនានាដែលចូលរួម អាចសម្របសម្រួលកម្លាំងពលកម្មរបស់ខ្លួនទៅតាមតម្រូវការជាក់ស្តែងដែលកំពុងផ្លាស់ប្តូរផងដែរ»។

​ដូចគ្នានឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សដទៃទៀតដែរ Microsoft កំពុងចំណាយប្រាក់រាប់រយពាន់លានដុល្លារលើមជ្ឈមណ្ឌលទិន្នន័យ AI (AI Data Centers) និងបន្ទះឈីប ដែលនាំឱ្យមានការឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់វិនិយោគិន ថាតើផលចំណេញត្រឡប់មកវិញនឹងសមស្របទៅនឹងទំហំចំណាយដ៏មហាសាលនេះដែរឬទេ។

ក្រុមហ៊ុនគ្រោងនឹងប្រកាសរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទីមួយ បន្ទាប់ពីទីផ្សារភាគហ៊ុនបិទទ្វារនៅថ្ងៃពុធនេះ ដោយបានព្យាករការចំណាយដើមទុន (Capital expenditures) រហូតដល់ ១៧៥ ពាន់លានដុល្លារ សម្រាប់ឆ្នាំប្រតិទិន ២០២៦។

​

​យោងតាមឯកសាររបាយការណ៍ប្រចាំឆ្នាំ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ ក្រុមហ៊ុន Microsoft មានបុគ្គលិកពេញម៉ោងទូទាំងពិភពលោកចំនួន ២២៣.០០០ នាក់។

​ក្រោយការចុះផ្សាយព័ត៌មាននេះដំបូងដោយគេហទំព័រ Business Insider តម្លៃភាគហ៊ុនរបស់ Microsoft បានកើនឡើងប្រមាណ ១% កាលពីថ្ងៃចន្ទ បន្ទាប់ពីបានហក់ឡើងប្រមាណ ១០% រួចមកហើយក្នុងឆ្នាំនេះ។

​វិធានការថ្មីនេះធ្វើឡើងបន្ទាប់ពីចំណាត់ការកាត់បន្ថយការចំណាយជាបន្តបន្ទាប់ ដើមឆ្នាំ ២០២៦ ក្រុមហ៊ុនបានផ្តល់កញ្ចប់សំណងចាកចេញដោយស្ម័គ្រចិត្តដល់បុគ្គលិកប្រមាណ ៧% នៅសហរដ្ឋអាមេរិក (ប្រហែល ៩.០០០ នាក់)។ ខែកក្កដា ឆ្នាំ ២០២៦ Microsoft បានប្រកាសកាត់បន្ថយការងារចំនួន ៤.៨០០ កន្លែង (ស្មើនឹងប្រហែល ២,១% នៃកម្លាំងពលកម្មសរុប) ព្រមទាំងរៀបចំរចនាសម្ព័ន្ធអាជីវកម្មហ្គេម Xbox ឡើងវិញ និងលក់ស្ទូឌីយោហ្គេមរហូតដល់ទៅ ៥ ដើម្បីជំរុញប្រាក់ចំណេញត្រឡប់មកវិញ ក្រោយការវិនិយោគយ៉ាងជោកជាំជាច្រើនឆ្នាំក្នុងផ្នែកនេះ។

ប្រែសម្រួល៖ គីរី 

Most Popular

To Top