កីឡា

ក្រោយខកខានពាន Ballon d’Or កីឡាករ Lamine Yamal បង្ហាញភាពចាស់ទុំ និងប្តេជ្ញាបន្តផ្តោត លើភាពជោគជ័យជាមួយ Barcelona

បរទេស៖ កីឡាករវ័យក្មេងឆ្នើម របស់ក្លឹប FC Barcelona គឺកីឡាករ ឡាមីន យ៉ាម៉ាល់ (Lamine Yamal) បានចេញមុខថ្លែងសារ ជាលើកដំបូង បន្ទាប់ពីពិធីប្រគល់ពានរង្វាន់ Ballon d’Or ត្រូវបានបញ្ចប់ ដោយពានរង្វាន់ឯកត្តជនដ៏មានកិត្យានុភាពបំផុតក្នុងពិភពបាល់ទាត់មួយនេះបានធ្លាក់ទៅលើប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។

ទោះជាយ៉ាងណា យុវជនឆ្នើមដែលកំពុងសាងភាពលេចធ្លោខ្លាំងក្នុងពិភពបាល់ទាត់ក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំដោយមិនរាថយឡើយ និងត្រៀមខ្លួនរួចជាស្រេចដើម្បីឈានទៅគ្រប់គ្រងពិភពបាល់ទាត់នាពេលអនាគត។

​ទោះបីជាការរីកចម្រើនក្នុងអាជីពរបស់ Yamal មានសន្ទុះលឿនគួរឱ្យកត់សម្គាល់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងឱ្យឈ្នះពានរង្វាន់នេះក្តី ក៏យុវជនដែលប្រសូតចេញពីថ្នាលបណ្តុះបណ្តាល La Masia រូបនេះ បានបង្ហាញភាពចាស់ទុំលើសវ័យ តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Instagram របស់ខ្លួនថា «វានឹងមកដល់ អ្វីៗដែលល្អតែងតែត្រូវការពេលវេលា។ ខ្ញុំជឿជាក់លើផ្លូវដែលខ្ញុំកំពុងកសាងឡើង។ ដោយមិនប្រញាប់ប្រញាល់ ប្រកបដោយក្តីសង្ឃឹម និងភាពស្ងប់ក្នុងចិត្តថា ថ្ងៃណាមួយ ពេលវេលារបស់ខ្ញុំនឹងមកដល់ជាក់ជាមិនខាន។»

​សារនេះទទួលបានការគាំទ្រ និងការចែករំលែកយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រក្លឹបអ្នកមានបុណ្យ Barcelona ដែលតែងតែចាត់ទុកខ្សែប្រយុទ្ធស្លាបរូបនេះជាអ្នកស្នងតំណែងពិតប្រាកដរបស់កំពូលកីឡាករ Lionel Messi។

​ក្រៅពីការបង្ហាញភាពអត់ធ្មត់ Yamal ក៏បានសម្តែងការគោរព និងអបអរសាទរដល់កីឡាករដែលឈរលើវេទិកាទទួលពានរង្វាន់ផងដែរ។ ដោយមិនបណ្តោយឱ្យការខកខាននេះប៉ះពាល់ដល់ស្មារតី កីឡាករវ័យក្មេងរូបនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការវិលត្រឡប់មកជួយក្រុមរបស់លោក Hansi Flick ដើម្បីបន្តភាពខ្លាំងនៅក្នុងលីគ «សូមអបអរសាទរដល់ម្ចាស់ពានទាំងអស់! ពេលនេះការផ្តោតអារម្មណ៍របស់ខ្ញុំបានត្រឡប់មកលើរឿងដែលសំខាន់បំផុតវិញហើយ នោះគឺការធ្វើឱ្យ FC Barcelona ទទួលបានជ័យជម្នះជាថ្មីម្តងទៀត។»

​សារនេះប្រៀបបាននឹងការដាស់តឿនស្មារតី និងជាការលើកទឹកចិត្តដល់មិត្តរួមក្រុមទាំងមូល ដែលកំពុងសម្លឹងរកការស្តារ និងពង្រឹងជំហររបស់ក្លឹបជាមហាយក្សក្នុងពិភពបាល់ទាត់អេស្ប៉ាញ។

​ការដែលកីឡាករវ័យក្មេងដូចជា Lamine Yamal មានឈ្មោះក្នុងបញ្ជីបេក្ខភាពប្រជែងពានរង្វាន់ Ballon d’Or តាំងពីវ័យក្មេងបែបនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីឥទ្ធិពល និងទេពកោសល្យដ៏អស្ចារ្យរបស់គេ។ បន្ទាប់ពីបានជួយក្រុមជម្រើសជាតិអេស្ប៉ាញគ្រងជើងឯកអឺរ៉ុប (Euro) កាលពីរដូវក្តៅ តម្លៃខ្លួន និងប្រជាប្រិយភាពរបស់គេបានកើនឡើងខ្ពស់បំផុត។ ការប្រកួតប្រជែងដណ្តើមពានរង្វាន់ Ballon d’Or នាពេលអនាគតត្រូវបានគេរំពឹងថានឹងកាន់តែក្តៅគគុក ដោយ Yamal នឹងក្លាយជាតួអង្គស្នូលម្នាក់ក្នុងចំណោមកំពូលកីឡាករជំនាន់ថ្មីដែលនឹងកំណត់យុគសម័យបាល់ទាត់អឺរ៉ុបបន្ត។

​សម្រាប់ Barcelona វិញ ការមានកីឡាករដែលមានផ្នត់គំនិតចាស់ទុំ និងការតាំងចិត្តខ្ពស់បែបនេះ គឺជាកម្លាំងជំរុញដ៏ធំធេងក្នុងការប្រកួតប្រជែងពានរង្វាន់នានា ហើយវាក៏ជាការបញ្ជាក់ឱ្យឃើញថា យុទ្ធសាស្ត្រវិនិយោគលើថ្នាលយុវជនរយៈពេលវែងរបស់ក្លឹបទទួលបានផ្លែផ្កាយ៉ាងពិតប្រាកដ។
ប្រែសម្រួល៖ គីរី

Most Popular

To Top