ប៉ារីស៖ អតីតកីឡាករជម្រើសជាតិបារាំង លោក ហ្សេរ៉ូម រ៉ូថេន (Jérôme Rothen) បានចេញមុខរិះគន់យ៉ាងចាស់ដៃ លើខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Real Madrid កីឡាករ គីលីអាន ម៉ាប៉េ (Kylian Mbappé) បន្ទាប់ពីពិធីប្រគល់ពានរង្វាន់ Ballon d’Or ត្រូវបានបញ្ចប់។ អ្នកវិភាគរូបនេះបានលើកឡើងថា ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ហាក់ពឹងផ្អែកខ្លាំងលើការរៀបចំយុទ្ធសាស្ត្រទំនាក់ទំនងសាធារណៈ (PR) ក្រៅទីលានច្រើនជាងទម្រង់លេងជាក់ស្តែង ដើម្បីទទួលបានចំណាត់ថ្នាក់ខ្ពស់ក្នុងតារាងពានរង្វាន់ឯកត្តជនមួយនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ។
Mbappé បានក្លាយជាប្រធានបទដ៏កក្រើកមួយជុំវិញលទ្ធផល Ballon d’Or ពេលដែលលោក Rothen អះអាងថា ចំណាត់ថ្នាក់លេខ ២ របស់គេ កើតចេញពីឥទ្ធិពលនៃការធ្វើយុទ្ធនាការក្រៅទីលាន។ អតីតកីឡាករស្លាបរបស់ Paris Saint-Germain រូបនេះបានកត់សម្គាល់ថា តារាឆ្នើមរបស់ Real Madrid បានងាកចេញពីទម្លាប់ធម្មជាតិរបស់ខ្លួន ដោយព្យាយាមទាក់ទាញសន្លឹកឆ្នោតតាមរយៈការរៀបចំយុទ្ធសាស្ត្រទំនាក់ទំនងយ៉ាងលម្អិត។
នៅក្នុងកម្មវិធីវិទ្យុ Rothen s’enflamme របស់ខ្លួន លោក Rothen បានបញ្ជាក់ថា «គេបានដំណើរការយុទ្ធនាការយ៉ាងពិតប្រាកដ ខុសពីធម្មតា។ សូម្បីតែកីឡាករដទៃទៀតដែលប្រកួតប្រជែងជាមួយគេ ក៏មិនហ៊ានធ្វើយុទ្ធនាការដូចគេដែរ។ គេព្យាយាមប្រមូលសន្លឹកឆ្នោតតាមរយៈការថ្លែងសុន្ទរកថា និងការរៀបចំសារទំនាក់ទំនង។ នេះគឺជារឿងថ្មីមួយ ហើយសម្រាប់ខ្ញុំ វានៅហួសពីការយល់ឃើញ។ ខ្ញុំគិតថាវាពិតជាមានប្រសិទ្ធភាពមែន ប៉ុន្តែគួរឱ្យសោកស្តាយ ព្រោះខ្ញុំប្រឆាំងនឹងការធ្វើយុទ្ធនាការបែបនេះ។ វាច្បាស់ណាស់ថា ប្រសិនបើគ្មានយុទ្ធនាការនេះទេ គេនឹងមិនអាចបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ បានឡើយ។»
ក្រៅពីការរិះគន់លើដំណើរការទាក់ទាញសន្លឹកឆ្នោត លោក Rothen បានលើកឡើងទៀតថា មាគ៌ារបស់ Mbappé នាពេលបច្ចុប្បន្ន ទាមទារឱ្យមានការកែប្រែឥរិយាបថជាបន្ទាន់ ប្រសិនបើគេចង់ឈានទៅគ្រងពាន រង្វាន់កំពូលនេះនៅថ្ងៃអនាគត។ ចាប់តាំងពីការផ្លាស់មកកាន់កីឡដ្ឋាន Santiago Bernabéu សម្ពាធលើកីឡាករវ័យ ២៥ ឆ្នាំរូបនេះកាន់តែកើនឡើង ហើយការខកខានពាន Ballon d’Or លើកនេះ បានបង្កឱ្យមានការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងតឹងរ៉ឹងពីសំណាក់មហាជន។
អ្នកវិភាគរូបនេះបានសង្កត់ធ្ងន់ថា មាគ៌ាឆ្ពោះទៅកាន់ភាព ជោគជ័យផ្ទាល់ខ្លួន គឺត្រូវផ្តើមចេញពីការធ្វើជាមិត្តរួមក្រុមដ៏ល្អ ដោយកន្លងមក Mbappé ហាក់បង្ហាញភាពឯកត្តជនខ្លាំងពេក «ការពិចារណា និងវាយតម្លៃខ្លួនឯងឡើងវិញ (Self-reflection) គឺជារឿងចាំបាច់បំផុត បន្ទាប់ពីការខកខានពាន Ballon d’Or។ នៅក្នុងឥរិយាបថរបស់គេ គេត្រូវតែងាកមកផ្តោតលើក្រុមរួមជាថ្មី និងស្វែងរកក្តីស្រឡាញ់ពីមិត្តរួមក្រុមក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ នោះហើយជាអ្វីដែលគេកំពុងតែខ្វះខាត។»
ប្រែសម្រួល៖ គីរី
